១៧ មីនា ២០២៧

Written on 01/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣៦

អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់

អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹត​ឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

២ ខ្ញុំនឹកឃើញពាក្យរបស់ជនពាល
ដែលនិយាយក្នុងពេលបះបោរថា
“មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។
៣
គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា
ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។
៤
គេពោលសុទ្ធតែពាក្យកុហកបោកប្រាស
គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
៥
សូម្បីតែនៅពេលដេក
ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ
គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
៦
បពិត្រព្រះអម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
៧
ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
៨
បពិត្រព្រះជាម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
៩
ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក
ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០
ដ្បិតព្រះអង្គជាប្រភពនៃជីវិត
យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។
១១
សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
សូមសម្តែងព្រះហឫទ័យសុចរិត
ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២
សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ
កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ!
១៣
មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)

ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ

គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។

(បទកាកគតិ)

១- ចូរអ្នករាល់គ្នា បង្គំវន្ទា ច្រៀងរាំទូលថ្វាយ
  ព្រះជាអម្ចាស់ ប្រគុំភ្លេងខ្លុយ ឈឹងស្គរអោនកាយ
    សរសើរតម្កើង ។
១៣- ខ្ញុំនឹងច្រៀងបទ ថ្មីហើយវិសុទ្ធ ថ្វាយព្រះថ្កើងថ្កាន
  ព្រះអង្គពិតជា ប្រសើរហួសស្មាន បារមីចំណាន
    ខ្លាំងក្លាអស្ចារ្យ ។
១៤- សូមឱ្យសត្វលោក ក្នុងទឹកលើគោក កុំនៅសោកា
  សុខចិត្តបម្រើ ព្រះមានចេស្តា ឥតមាននរណា
    ជំទាស់បានឡើយ ។
១៥- ពេលទ្រង់យាងមក ភ្នំក៏កក្រើក រង្គើអស់ហើយ
  ធ្លាក់ក្នុងសមុទ្រ នៅមិនបានឡើយ ទោះថ្មក៏ដោយ
    ក៏ត្រូវអន្តរាយ ។
  ប៉ុន្តែព្រះម្ចាស់ តែងតែសន្តោស អាណិតពេកក្រៃ
  អាសូរដល់រាស្ត្រ អ្នកទាបក្រក្រី គោរពរាល់ថ្ងៃ
    កោតខ្លាចព្រះអង្គ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។

ទំនុកតម្កើងលេខ ៤៧

ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

២ ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ !
ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
៣
ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង
ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម
ដែលគ្រងរាជ្យលើផែនដីទាំងមូល។
៤
ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង
ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។
៥
ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង
គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។
៦
ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ
ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
៧
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ !
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង !
៨
ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល
ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។
៩
ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា
ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។
១០
អ្នកដឹកនាំរបស់ប្រជាជាតិនានា
មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ
ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល
ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់
ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥០,៥-៧)

ព្រះជាអម្ចាស់​ណែនាំ​ខ្ញុំ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំងឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។ ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឱ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឱ្យ​អ្នក​ដែល​ចង់បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្តោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។ ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដីពិត ហើយ​សេចក្ដីពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឱ្យ​មាន​សេរី‌ភាព»។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកមនុស្សលោក។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យមនុស្សត្រូវកើតជាថ្មីក្នុងព្រះអង្គ នៅពេលអ្វីៗទាំងអស់នឹងបង្កើតសាជាថ្មី។ ចូរយើងទូលសូមព្រះអង្គ ដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូម​ប្រទាន​ចិត្ត​គំនិត​ថ្មីដ៏រឹងប៉ឹងមកយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គមានព្រះបន្ទូលសន្យាអំពីផ្ទៃមេឃ និងផែនដីថ្មី
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមឱ្យយើងខ្ញុំរីករាយនឹងព្រះវត្តមានព្រះអង្គនៅក្រុងយេរូសាឡឹម ឯស្ថានបរមសុខអស់កល្បជានិច្ចផង។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ដើម្បីធ្វើឱ្យពិភពលោកនេះមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—និងកសាងផែនដីជាទីក្រុងនៃភាពយុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ (បន្ទរ)

សូមព្រះអង្គរំដោះយើងខ្ញុំចេញពីការធ្វេសប្រហែស និងភាពខ្ជិលច្រអូស
—សូមប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីមារកំណាច
—និងទាសករផ្លូវអារម្មណ៍ ដែលធ្វើឱ្យយើងខ្វាក់ភ្នែក មើលមិនឃើញសេចក្តីល្អ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់បុត្រធីតាព្រះអង្គ ដែលមានចិត្តសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរហូតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។