៤ កក្កដា ២០២៦

Written on 27/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៣ ថ្ងៃសៅរ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរយើងនាំគ្នាមក ឱនកាយថ្វាយ‌បង្គំព្រះ‌ជាម្ចាស់ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានបង្កើតមក! 

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូល‌បង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ មួយយប់​ទល់​ភ្លឺ។

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូល‌បង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ មួយយប់​ទល់​ភ្លឺ។

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គសង្គ្រោះ​ខ្ញុំ។

(បទព្រហ្មគីតិ)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ?
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គសង្គ្រោះ​ខ្ញុំ។

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ១,១០-១១)​

បងប្អូនអើយ! ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឱ្យការត្រាស់ហៅ និងការជ្រើស​រើស​របស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជា​មិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅ​ក្នុងព្រះរាជ្យ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រីស្ត ជា​ព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ *ព្រះ‌អង្គ​ជា​ជម្រករបស់ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-នៅ​ក្នុង​ពិភពលោក​នេះ ទូល‌បង្គំគ្មានអ្វីផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹតក្រោម​អំណាច​នៃ​សេចក្ដីស្លាប់។

ពាក្យអង្វរសកល

ព្រះគ្រីស្តបានក្លាយទៅជាមនុស្ស ដើម្បីឱ្យយើងទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គអធិដ្ឋានសម្រាប់យើង នៅចំពោះព្រះភក្ត្រព្រះបិតា។​ ចូរយើងអរ​ព្រះគុណព្រះអង្គចំពោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ និងសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះជាអម្ចាស់ ! សូមព្រះអង្គចែករំលែកទ្រព្យសម្បត្តិនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង !

នៅក្នុងអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រទានពន្លឺដល់យើងខ្ញុំ
—ហើយយើង​ខ្ញុំ​សូមឧទ្ទិសថ្ងៃនេះទៅព្រះអង្គផង។ (បន្ទរ)

យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ពេលវេលា
—សូមឱ្យរាល់កិច្ចការដែលយើង​ខ្ញុំប្រព្រឹត្ត​បានលើកតម្កើងព្រះអង្គផង។ (បន្ទរ)

ព្រះនាងម៉ារីជាព្រះមាតារបស់យើងខ្ញុំ បានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ
—សូមព្រះបន្ទូលរបស់ព្រះអង្គផ្តល់ផ្លែផ្កាក្នុងជីវិតរបស់យើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងខ្ញុំ នៅពេលយើងខ្ញុំជួបប្រទះនូវ​ទុក្ខលំបាក
—ហើយសូមព្រះអង្គពង្រឹងជំនឿ សេចក្តីសង្ឃឹមលើព្រះបន្ទូលសន្យារបស់ព្រះអង្គ និងសេចក្តីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមរំដោះយើងខ្ញុំចេញពីយប់អន្ធការនៃសេចក្តីស្លាប់ ហើយសូមឱ្យពន្លឺនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ រះបំភ្លឺក្នុងដួងចិត្តយើងខ្ញុំ ដើម្បីនាំយើងខ្ញុំចូលទៅកាន់រស្មីនៃជីវិតអស់កល្បជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។