រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃព្រហស្បតិ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥៧
ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ
ទំនុកតម្កើងនេះ លើកតម្កើងពីទុក្ខលំបាករបស់ព្រះគ្រីស្ដ (សន្តអូគូស្ទីន)។
បន្ទរទី១ ៖ ឱឃឹម និងពិណរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។
| ២ | ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ |
| ៣ | ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ |
| ៤ | សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ |
| ៥ | ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។ |
| ៦ | ឱព្រះជាម្ចាស់អើយ! សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
| ៧ | សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។ ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។ |
| ៨ | បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង |
| ៩ | ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង |
| ១០ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា |
| ១១ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុងឧត្តមរបស់ព្រះអង្គ នៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱឃឹម និងពិណរបស់ខ្ញុំអើយ ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង។
បទលើកតម្កើងតាមព្យាការីយេរេមី (យរ ៣១,១០-១៤)
សុភមង្គលរបស់មនុស្សដែលទទួលការសង្រ្គោះ
ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់
ដែលបានបែកខ្ញែកគ្នា មកចូលរួមជាប្រជាជនតែមួយឡើងវិញ (យហ ១១,៥១.៥២)។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។
(បទព្រហ្មគីតិ)
| ១០- | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ | |
| ចូរអ្នកប្រកាសថា | ព្រះដែលជាអ្នកកម្ចាយ | ||
| អ៊ីស្រាអែលទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ | |
| ព្រះអង្គថែររក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | ||
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ | ។ | |
| ១១- | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ | |
| ១២- | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ | |
| ហើយគេក៏នាំគ្នា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ | |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | ||
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ | |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | ||
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ | |
| ១៣- | គ្រានោះស្ត្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ | |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | ||
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ | |
| ១៤- | អស់លោកបូជាចារ្យ | បានភោក្តាគ្មានសម្រាក | |
| សាច់ឆ្ងាញ់មិនស្រាន្តស្រាក | មិនលំបាកដើររុករក | ។ | |
| យើងនឹងផ្តល់អំណោយ | ទានទៅឱ្យរាស្ត្រគ្រប់ស្រុក | ||
| លែងព្រួយលែងកើតទុក្ខ | រស់បានសុខសាន្តតទៅ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្រ្តរបស់យើង។
ទំនុកតម្កើងលេខ ៤៨
ពាក្យអរព្រះគុណសម្រាប់ការរំដោះប្រជារាស្រ្ត
ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ
ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ (វវ ២១,១០)។
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។
| ២ | ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ៣ | ភ្នំរបស់ព្រះជាម្ចាស់ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឱ្យផែនដីទាំងមូលមានអំណរ។ |
| ៤ | ព្រះជាម្ចាស់បានសម្តែងឱ្យដឹងថា ព្រះអង្គជាកំពែងដ៏រឹងមាំនៅក្នុងបុរីនោះ។ |
| ៥ | ស្តេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន |
| ៦ | ពេលគេឃើញក្រុងស៊ីយ៉ូន គេស្រឡាំងកាំង ភ័យតក់ស្លុត នាំគ្នារត់ចេញទៅវិញ |
| ៧ | គេភ័យញាប់ញ័រ ឈឺចុកចាប់ ដូចជាស្ត្រីសម្រាលកូន |
| ៨ | ដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវា។ |
| ៩ | យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់ នៅក្នុងបុរីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាបុរីនៃព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះឱ្យបានរឹងមាំរហូតតរៀងទៅ។ |
| ១០ | បពិត្រព្រះជាម្ចាស់! ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំនឹកអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
| ១១ | បពិត្រព្រះជាម្ចាស់! ព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាលផែនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ |
| ១២ | សូមឱ្យអ្នកក្រុងស៊ីយ៉ូនរីករាយឡើង សូមឱ្យអ្នកក្រុងនៃស្រុកយូដារីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ |
| ១៣ | ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! |
| ១៤ | ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលវិមានបុរីនេះទៅ ដើម្បីឱ្យអ្នករាល់គ្នាយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថា ៖ |
| ១៥ | “ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ព្រះអង្គក៏ដឹកនាំយើងជាអង្វែងតរៀងទៅដែរ” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើងឱ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៦,១-២)
ព្រះអម្ចាស់មានព្រះបន្ទូលថាៈ ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាឱ្យយើងបាន? តើកន្លែងដែលយើងសម្រាកនោះនៅឯណា? យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជាកម្មសិទ្ធិរបស់យើងដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងនឹងយកចិត្តទុកដាក់ចំពោះជនកំសត់ទុគ៌ត ដែលបានបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើងដោយញាប់ញ័រ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! ពីក្នុងរណ្ដៅដ៏ជ្រៅទូលបង្គំស្រែកអង្វរព្រះអង្គ *សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំផង!។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងធ្វើតាមព្រះហឫទ័យព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ ព្រះអង្គនឹងរំដោះយើងឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ពាក្យអង្វរសកល
ព្រះយេស៊ូគ្រីស្តជាអម្ចាស់បានប្រោសប្រទាននូវពន្លឺថ្ងៃបន្តបន្ទាប់ដល់យើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដោយពោលថា ៖
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមប្រទានព្រះពរដល់យើងខ្ញុំ និងសូមនាំយើងខ្ញុំឱ្យមកជិតព្រះអង្គផង !
ព្រះអង្គបានបូជាព្រះជន្មថ្វាយព្រះបិតា ដើម្បីឱ្យយើងខ្ញុំរួចពីបាប
—សូមព្រះអង្គទទួលពាក្យអង្វរ និងការងាររបស់យើងខ្ញុំទុកជាដង្វាយនៅថ្ងៃនេះ។ (បន្ទរ)
ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយសារពន្លឺនៃថ្ងៃផ្សេងទៀត
—សូមឱ្យផ្កាយព្រឹករះបំភ្លឺក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គប្រទានចិត្តអត់ធ្មត់ដល់យើងខ្ញុំ ចំពោះអស់អ្នកដែលយើងនឹងជួបនៅថ្ងៃនេះ
—ហើយសូមឱ្យយើងខ្ញុំយកតម្រាប់តាមព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំបានស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅព្រឹកនេះ
—ហើយសូមឱ្យយើងខ្ញុំមានសេចក្តីរីករាយ ដោយសារកម្លាំងមកពីព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! យើងខ្ញុំទូលអង្វរទៅព្រះអង្គទាំងពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ សូមព្រះអង្គបំបាត់នូវភាពងងឹតនៃអំពើបាបចេញពីចិត្តគំនិតយើងខ្ញុំ ហើយសូមនាំយើងខ្ញុំឱ្យមកកាន់ពន្លឺដ៏ពិតប្រាកដ គឺព្រះយេស៊ូគ្រីស្ដជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។