១០ ឧសភា ២០២៦

Written on 02/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃអាទិត្យ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៨

បទចម្រៀងនៃអំណរសប្បាយក្នុងការសង្រ្គោះ

ព្រះ‌អង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ" (កក ៤,១១)។

បន្ទរទី១៖ ថ្ងៃនេះ ជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា!

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។

ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?

ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។

ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើមនុស្ស។

ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើអ្នកធំ។
១០
ប្រជាជាតិទាំងប៉ុន្មាន នាំគ្នាមកឡោមព័ទ្ធខ្ញុំ
ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១១
ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំគ្រប់ទិសទី
ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១២
ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ
តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា
ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១៣
គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល តែព្រះអម្ចាស់យាងមកជួយខ្ញុំ។
១៤
ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រែករកព្រះនាមព្រះអង្គ
នៅពេលចេញទៅច្បាំង ព្រះអង្គសង្គ្រោះខ្ញុំ។
១៥
មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន
ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព!
១៦
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។
១៧
ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ
ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។
១៨
មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង
តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។
១៩
ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត
ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។
២០
នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១
ទូលបង្គំលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២
ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣
ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤
ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង
ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ថ្ងៃនេះ ជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)

ស្នាព្រះ‌ហស្តទាំងប៉ុន្មានរបស់ព្រះ‌អម្ចាស់ ចូរសរសើរតម្កើងព្រះ‌អង្គ!

…សូមលើកតម្កើងព្រះ‌អង្គអស់កល្បជានិច្ច! (រ៉ូម ១,២៥)។

បន្ទរទី២ ៖ ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គសមនឹងទទួលការសរសើរតម្កើង! យើងខ្ញុំសូម​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង ដែល​គ្រប់‌គ្រង​ស្ថាន​បរម​សុខ! អាលេលូយ៉ា!

(បទកាកគតិ)

៥២- បពិត្រព្រះម្ចាស់ ជាព្រះរបស់ ដូនតាយើងខ្ញុំ
  សូមកោតសរសើរ ទាំងថ្វាយបង្គំ ថ្កើងព្រះឧត្តម
    អស់កល្បតទៅ
  ខ្ញុំសូមតម្កើង លើកព្រះខ្ពស់ឡើង ពុំមានអាស្រូវ
  សុចរិតយុត្តិធម៌ ទ្រង់គង់ជាផ្លូវ អង្វែងតទៅ
    សរសើរព្រះអង្គ
៥៣- សូមកោតសរសើរ ព្រះគ្មានអ្វីស្មើ ក្នុងគ្រានេះម្តង
  ទ្រង់ប្រកបដោយ សិរីរឿងរុង ក្នុងវិហារទ្រង់
    កុំនៅទីមទាម
៥៤- សូមលើកតម្កើង ព្រះម្ចាស់យាងឡើង លើខេរ៉ូប៊ីម
  ខ្ពង់ខ្ពស់បំផុត គ្មានអ្វីប្រៀបផ្ទឹម ស្មូតទាំងញញឹម
    តម្កើងជានិច្ច
៥៥- សូមតម្កើងទ្រង់ ដែលយាងឡើងគង់ លើបល្ល័ង្ករាជ្យ
  សូមច្រៀងតម្កើង រាល់ថ្ងៃព្រឹកល្ងាច ព្រះម្ចាស់ជានិច្ច
    កុំប្រែក្រឡះ
៥៦- សូមថ្កើងសរសើរ ព្រះអង្គនៅលើ វេហាស៍អាកាស
  ព្រះអង្គគ្រប់គ្រង ស្ថានបរមសុខខ្ពស់ លើកសិរីយស
    ព្រះអង្គរហូត
៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គសមនឹងទទួលការសរសើរតម្កើង! យើងខ្ញុំសូម​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង ដែល​គ្រប់‌គ្រង​ស្ថាន​បរម​សុខ! អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៥០

ចូរសរសើរតម្កើងព្រះអម្ចាស់!

សូមឱ្យចិត្ត និងគំនិត​ ស្ថិតក្នុងបទចម្រៀងរបស់អ្នក។
នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។

បន្ទរទី៣ ៖ សូមលើកតម្កើងព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយពោលឡើងថា "អាមែន អាលេលូយ៉ា!" ។

អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះ‌ជាម្ចាស់នៅក្នុងកន្លែងដ៏‌វិសុទ្ធ!
ចូរសរសើរតម្កើងព្រះ‌អង្គនៅក្នុងលំហអាកាស
ដែលជាព្រះ‌ដំណាក់ដ៏រឹង‌មាំរបស់ព្រះ‌អង្គ!

ចូរសរសើរតម្កើងព្រះ‌អង្គចំពោះស្នាព្រះ‌ហស្ដដ៏អស្ចារ្យ!
ចូរសរសើរតម្កើងព្រះ‌អង្គ ដ្បិតព្រះ‌អង្គប្រសើរឧត្តុង្គ‌ឧត្ដមបំផុត!

ចូរសរសើរតម្កើងព្រះ‌អង្គដោយសំឡេងត្រែ
ចូរសរសើរតម្កើងព្រះ‌អង្គ ដោយដេញចាប៉ី និងដេញពិណ!

ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយក្រាប់ និងរាំរបាំ!
ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយឃឹម និងផ្លុំខ្លុយ!

ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយស្គរយ៉ាងពីរោះ!
ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយស្គរឲ្យលាន់ឮរំពង!

ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល
សរសើរតម្កើងព្រះ‌អម្ចាស់! អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមលើកតម្កើងព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយពោលឡើងថា "អាមែន អាលេលូយ៉ា!" ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៤០-៤៣)

ព្រះជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យមាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឱ្យព្រះ‌អង្គ​បង្ហាញ​ខ្លួន ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ជា​មុន​ឱ្យធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឱ្យព្រះ‌យេស៊ូបង្ហាញ​ខ្លួន​ឱ្យប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។ ព្រះ‌យេស៊ូបាន​បញ្ជា​ឱ្យយើង​ធ្វើជា​បន្ទាល់​ប្រកាស​ប្រាប់ប្រជាជន​ថា ព្រះ‌ជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឱ្យវិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ព្យាការីទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌យេស៊ូថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឱ្យរួច​ពីបាប ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ» ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា!។

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​ស្រឡាញ់ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ឱ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ អាលេលូយ៉ា!

ពាក្យអង្វរសកល

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានលើកព្រះយេស៊ូឱ្យធ្វើជាផលដំបូងពីចំណោមមនុស្សស្លាប់ និងធ្វើជាព្រះសង្រ្គោះយើងខ្ញុំ។ ចូរយើងហៅរកព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះបិតាដ៏វិសុទ្ធ ! ព្រះអង្គបាននាំព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គចេញពីភាពងងឹតនៃសេចក្តីស្លាប់ ឱ្យចូលទៅកាន់សិរីរុងរឿងដ៏ត្រចះត្រចង់
—សូមព្រះអង្គនាំយើងខ្ញុំឱ្យចូលទៅក្នុងពន្លឺដ៏អស្ចារ្យនោះផង។ (បន្ទរ)

ព្រះអង្គបានប្រទានជំនឿឱ្យយើងខ្ញុំ ដើម្បីសង្រ្គោះយើងខ្ញុំ
—សូមឱ្យយើងខ្ញុំរស់នៅដោយសារជំនឿនៃអគ្គសញ្ញាជ្រមុជទឹកក្នុងថ្ងៃនេះផង។ (បន្ទរ)

ព្រះអង្គបានបង្គាប់ឱ្យយើងខ្ញុំស្វែងរកអ្វីៗដែលនៅស្ថានលើ ជាកន្លែងដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះបិតា
—សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់បោកការបញ្ជោតនៃអំពើបាបឡើយ។ (បន្ទរ)

សូមឱ្យជីវិតរបស់យើងខ្ញុំលាក់ខ្លួនជាមួយព្រះគ្រីស្តនៅក្នុងព្រះបិតា ដែលបំភ្លឺនៅមុខមនុស្សលោក
—ដោយទន្ទឹងរង់ចាំផ្ទៃមេឃ និងផែនដីថ្មី។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យបង្រួបបង្រួមមនុស្សលោក ដែលបាក់បែកគ្នាឱ្យចូលរួមជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកណែនាំយើងខ្ញុំ ឱ្យរស់នៅសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។