២០ មេសា ២០២៧

Written on 27/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០១

ការទទួលសារភាពរបស់អ្នកគ្រប់គ្រងល្អ

“ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ” (យហ ១៤,១៥)។

បន្ទរទី១ ៖ អ្នកណាដែលធ្វើតាមព្រះហឫទ័យនៃព្រះបិតាខ្ញុំ អ្នកនោះនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អាលេលូយ៉ា!

១ បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌របស់ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំនឹង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។
២
ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គយាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំនឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
៣
ទូល‌បង្គំមិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយារបស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំមិន​ចង់​ជាប់​ពាក់‌ព័ន្ធនឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។
៤
ទូល‌បង្គំមិន​ទុក​ឲ្យ​មនុស្សដែល​មាន​ចិត្ត​វៀច‌វេរចូល​ជិត​ទូល‌បង្គំ​ឡើយ
ហើយ​ទូល‌បង្គំក៏​មិន​ទាក់‌ទង​នឹង​អ្វីៗដែល​អាក្រក់​ដែរ។
៥
ទូល‌បង្គំនឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នកដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
៦
ទូល‌បង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្តស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូល‌បង្គំ។
៧
រីឯ​មនុស្ស​បោក​ប្រាស់​វិញ
ទូល‌បង្គំមិន​អនុញ្ញាតឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំឡើយ
ហើយ​អ្នក​និយាយ​កុហកក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំបាន​ដែរ។
៨
រាល់​ព្រឹក ទូល‌បង្គំបំបិទ​មាត់​មនុស្ស​អាក្រក់ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំ​ដក​ពួក​ទុច្ចរិតចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកណាដែលធ្វើតាមព្រះហឫទ័យនៃព្រះបិតាខ្ញុំ អ្នកនោះនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,២៦-២៧.២៩.៣៤-៤១)

ពាក្យ​អង្វរ​របស់​លោក​អសា‌រីយ៉ានៅក្នុងឡភ្លើង

សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន (កក ៣,១៩)។

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យប្រជាជនទាំងឡាយមើលឃើញពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ អាលេលូយ៉ា!

(បទពាក្យ ៧)

២៦- ព្រះអម្ចាស់ជាព្រះរបស់ បុព្វបុរសនៃយើងខ្ញុំ  
  យើងសូមតម្កើងទាំងប្រណម្យ ព្រះនាមព្រះអង្គតរៀងទៅ ។
២៧- ដ្បិតព្រះអង្គទ្រង់បានប្រព្រឹត្ត លើយើងខ្ញុំពិតមិនអាស្រូវ  
  ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ ធ្លាប់វិនិច្ឆ័យក្តីយុត្តិធម៌ ។
២៩- អំពើបាបច្រើនខ្ញុំប្រព្រឹត្ត មិនប្រណិប័តន៍តាមផ្លូវល្អ  
  ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ យើងនៅបន្តខុសគ្រប់យ៉ាង ។
៣៤- ឱព្រះអម្ចាស់សូមកុំចោល ឱ្យយើងតែលតោលគ្មានទីអាង  
  សម្ពន្ធមេត្រីថ្មីស្រឡាង គឺជាភស្តុតាងមិនបាត់បង់ ។
៣៥- សូមកុំដកយកក្តីមេត្តា នឹកទៅដល់គ្រាដែលកន្លង  
  នឹកដល់លោកអប្រាហាំផង មិនដែលសៅហ្មងសម្លាញ់ស្និទ្ធ ។
  នឹកដល់អ៊ីសាកជាបម្រើ អ៊ីស្រាអែលដើរតាមប្រកិត  
  ទៅណាមកណាជាប់នែបនិត្យ ដូចបងប្អូនឥតដែលមានខ្ចោះ ។
៣៦- ពីដើមព្រះអង្គបានសន្យា ដោយបន្ទូលថាទ្រង់នឹងប្រោស  
  ឱ្យអ្នកទាំងបីមានកូនប្រុស កូនស្រីចម្រុះឥតគណនា ។
  ច្រើនពេកអនេករាប់ពុំបាន ដូចផ្កាយដែលមានលើមេឃា  
  ដូចគ្រាប់ខ្សាច់តាមឆ្នេរជលសា សមុទ្រនានាច្រើនក្រៃក្រាស់ ។
៣៧- បពិត្រព្រះអម្ចាស់ថ្លៃអើយ ថ្ងៃនេះឯងហើយយើងព្រួយណាស់  
  ធ្លាក់ខ្លួនមកជាពូជអាម៉ាស់ ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត ។
  ទៅជាជនជាតិតូចជាងគេ ទុក្ខធំឡើងទ្វេសែនស្រយុត  
  ឥឡូវទន់ទាបស្ទើររលត់ មកពីយើងល្ងិតល្ងង់សាងបាប ។
៣៨- ពេលនេះយើងខ្សត់អត់ទាំងអស់ ជីវិតក្រៀមក្រោះប្រៀបដូចស្លាប់  
  គ្មានស្តេចមន្ត្រីសែនអភ័ព្វ ព្យាការីគាប់ក៏មិនមាន ។
  យើងមិនអាចថ្វាយយញ្ញបូជា ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន  
  ទាំងគ្រឿងក្រអូបម្សៅភុំផាន ផលផ្លែមិនបានយកមកថ្វាយ ។
៣៩- សូមព្រះអង្គជួយទទួលយក ទុក្ខព្រួយសោយសោកផងទាំងឡាយ  
  និងចិត្តសុភាពរាបស្រស់ស្រាយ ទុកជាតង្វាយគាប់ព្រះទ័យ ។
៤០- គឺតង្វាយដុតទាំងមូលមាន កូនចៀមរាប់ពាន់ធាត់ពេកក្រៃ  
  ពពែគោឈ្មោលនៅក្នុងព្រៃ យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ ។
  សូមឱ្យយើងខ្ញុំអាចដើរតាម មាគ៌ាដានស្នាមដ៏វិសេស  
  របស់ព្រះអង្គមិនប្រហែស អ្នកសង្ឃឹមព្រះមិនខកចិត្ត ។
៤១- ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ ប្រព្រឹត្តឱ្យបានគ្មានរខិត  
  គន្លងព្រះអង្គធម៌ប្រណីត កោតខ្លាចដាក់ចិត្តស្គាល់ព្រះភក្ត្រ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យប្រជាជនទាំងឡាយមើលឃើញពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៤

ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព

ខ្ញុំអាចទ្រាំបានទាំងអស់ដោយរួមជាមួយព្រះអង្គ ដែលប្រទានកម្លាំងឱ្យខ្ញុំ (ភីល ៤,១៣)។

បន្ទរទី៣ ៖ ព្រះអម្ចាស់ជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

១ សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្ហាត់ខ្ញុំអំពីការតយុទ្ធ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
២
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាកំពែងការពារខ្ញុំ
ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានា មកក្រោមអំណាចរបស់ខ្ញុំ
៣
ឱព្រះអម្ចាស់អើយ! តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
៤
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។
៥
ឱព្រះអម្ចាស់អើយ! សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំឱ្យមានផ្សែងហុយឡើង។
៦
សូមធ្វើឱ្យផ្លេកបន្ទោរកម្ចាត់កម្ចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
៧
សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ
សូមស្រង់ទូលបង្គំឱ្យរួចផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។
៨
ពួកគេមិនដែលនិយាយសេចក្តីពិតទេ
ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
៩
បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងលេងឃឹមថ្វាយព្រះអង្គផង។
១០
ព្រះអង្គប្រទានឱ្យស្តេចនានាមានជ័យជម្នះ
ព្រះអង្គសង្គ្រោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យរួចពីការស្លាប់ដោយមុខដាវ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,៣០-៣៣)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូបាន​បង្ហាញខ្លួន​ឱ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើជា​បន្ទាល់របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើតាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទីពីរ​ថាៈ ព្រះ‌អង្គ​ជា​បុត្រ​របស់​យើងគឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មកនៅ​ថ្ងៃ​នេះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ខ្ញុំ ជា​សក្ខី‌ភាពបញ្ជាក់​អំពីខ្ញុំ​ស្រាប់ អាលេលូយ៉ា!

ពាក្យអង្វរសកល

កូនចៀមដែលឥតស្លាកស្នាមរបស់ព្រះជាម្ចាស់ បានដកអំពើបាបចេញពីពិភពលោក។ ចូរយើងអរព្រះគុណព្រះបិតា ហើយទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ជាប្រភពនៃជីវិតគ្រប់យ៉ាង ! សូមប្រោសយើងខ្ញុំឱ្យមានជីវិតឡើងវិញផង !

ឱប្រភពនៃជីវិតគ្រប់យ៉ាង ! សូមព្រះអង្គនឹកចាំពីការស្លាប់ និងការរស់ឡើងវិញរបស់កូនចៀមដែលត្រូវគេសម្លាប់នៅលើឈើឆ្កាង
—សូមព្រះអង្គព្រះសណ្តាប់សម្លេងរបស់កូនចៀម ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ។ (បន្ទរ)

ឥឡូវនេះ ដំបែចាស់នៃសេចក្តីអាក្រក់ និងមារកំណាច ត្រូវបំផ្លាញចោលហើយ
—សូមឱ្យយើងខ្ញុំបានទទួលការចិញ្ចឹម ដោយនំប៉័ងឥតមេនៃភាពស្មោះត្រង់ និងសេចក្តីពិតជានិច្ច។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយកការរង្កៀសចិត្ត និងការច្រណែនឈ្នានីសគ្នា ទុកទាំងអស់ម្ខាងសិន
—ហើយសូមព្រះអង្គបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសេចក្តីត្រូវការរបស់អ្នកដទៃផង។ (បន្ទរ)

សូមព្រះអង្គផ្ញើវិញ្ញាណនៃព្រះបន្ទូលដំណឹងល្អមកក្នុងចិត្តយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំដើរតាមមាគ៌ានៃក្រឹត្យវិន័យរបស់ព្រះអង្គ នៅថ្ងៃនេះ និងជាដរាបតរៀងទៅ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គប្រោសឱ្យព្រះសហគមន៍លូតលាស់ជាលំដាប់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានឱ្យអស់អ្នកដែលមានឈ្មោះជាគ្រីស្តបរិស័ទយកចិត្តទុកដាក់រស់នៅឱ្យសមរម្យនឹងឋានៈរបស់ខ្លួន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។