រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃចន្ទ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៤
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
ក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ
យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ (ហប ១៣,១៤)។
បន្ទរទី១ ៖ ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត អាលេលូយ៉ា!
| ២ | ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គខ្លាំងណាស់! |
| ៣ | ទូលបង្គំអន្ទះអន្ទែង ប្រាថ្នាចង់ចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំចង់នៅជាមួយព្រះដែលមានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ |
| ៤ | ឱព្រះអម្ចាស់នៃពិភពទាំងមូល! ឱព្រះអម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកកន្លែងធ្វើសំបុកដាក់កូនចៅវា ឱ្យនៅជិតអាសនៈរបស់ព្រះអង្គបានដែរ។ |
| ៥ | អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ មានសុភមង្គលហើយ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ។ |
| ៦ | អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ដោយចិត្តស្មោះសរ។ |
| ៧ | នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គធ្វើឱ្យទឹកនោះ ប្រែទៅជាប្រភពទឹក ភ្លៀងនៅដើមរដូវ ក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។ |
| ៨ | ពួកគេកាន់តែខិតចូលជិត ក៏កាន់តែមានកម្លាំងខ្លាំងឡើងៗ គេមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។ |
| ៩ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!។ |
| ១០ | ឱព្រះជាម្ចាស់អើយ! សូមទតមើលស្តេចដែលជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្តោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ |
| ១១ | មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ខ្ញុំសម្រេចចិត្តឈរនៅមាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ |
| ១២ | ព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្តោស និងប្រទានឱ្យយើងបានរុងរឿង ព្រះអង្គតែងតែប្រទានសុភមង្គល ឱ្យអស់អ្នកដែលរស់នៅដោយគ្មានកំហុស។ |
| ១៣ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! អ្នកណាផ្ញើជីវិតលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២,២-៥)
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គដាក់នៅលើកំពូលភ្នំទាំងឡាយ
“មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” (វវ ១៥,៤)។
បន្ទរទី២ ៖ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ នៅក្នុងព្រះដំណាក់ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
(បទព្រហ្មគីតិ)
| ២- | ថ្ងៃក្រោយព្រះអម្ចាស់ | នឹងប្រែផ្លាស់ព្រះដំណាក់ | |
| លើកភ្នំធ្លាប់គង់ស្នាក់ | ដាក់ទៅលើភ្នំដទៃ | ។ | |
| ដើម្បីឱ្យភ្នំនោះ | បានខ្ពង់ខ្ពស់លើសគេក្រៃ | ||
| ប្រជាជាតិទាំងឡាយ | នាំគ្នាឡើងជាហូរហែ | ។ | |
| ៣- | មានទាំងប្រជាជន | ច្រើនពេកពន់ទៅផងដែរ | |
| ពោលថាយើងដង្ហែ | ឡើងទៅលើភ្នំព្រះម្ចាស់ | ។ | |
| យើងនាំគ្នាឡើងទៅ | ដើរតាមផ្លូវមាគ៌ាព្រះ | ||
| ប្រញាប់ឆាប់រូតរះ | ដំណាក់ព្រះលោកយ៉ាកុប | ។ | |
| ព្រះអង្គនឹងប្រដៅ | យើងស្គាល់ផ្លូវមាគ៌ាគ្រប់ | ||
| ឱ្យស្គាល់ឱ្យសេពគប់ | ឱ្យដើរសព្វតាមគន្លង | ។ | |
| ដ្បិតការប្រៀនប្រដៅ | អ្នកល្ងង់ខ្លៅគ្រាកន្លង | ||
| ចេញពីស៊ីយ៉ូនផង | ល្អម៉ត់ហ្មងឥតមានទាស់ | ។ | |
| ព្រះបន្ទូលប៉ុន្មាន | ល្អថ្កើងថ្កានឥតមានខ្ចោះ | ||
| ចេញមកពីព្រះឧស្ឋ | ពីក្រុងយេរូសាឡឹម | ។ | |
| ៤- | ព្រះអង្គជាចៅក្រម | ដ៏ឧត្តមមិននៅស្ងៀម | |
| សម្រុះសម្រួលភ្លាម | ផ្អាកសង្គ្រាមកាប់ប្រល័យ | ។ | |
| ឱ្យឈប់ទាស់ទែងគ្នា | ចេះមេត្តាត្រាប្រណី | ||
| យកដាវធ្លាប់ប្រល័យ | រំលាយធ្វើផាលនង្គ័ល | ។ | |
| គ្រប់សាសន៍ឈប់តតាំង | ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់ | ||
| លែងចង់ឈ្នះចង់ជល់ | លំពែងធ្វើកណ្តៀវច្រូត | ។ | |
| ៥- | ឱបងប្អូនកូនចៅ | ញាតិពង្សផៅរៀងរហូត | |
| យ៉ាកុបកុំរបូត | ជ្រករហូតក្រោមម្លប់ព្រះ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ នៅក្នុងព្រះដំណាក់ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៩៦
ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក
អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។
បន្ទរទី៣ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ អាលេលូយ៉ា!
| ១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ! ចូរច្រៀងថ្វាយព្រះអម្ចាស់! |
| ២ | ចូរច្រៀងថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃនូវការសង្គ្រោះរបស់ព្រះអង្គ។ |
| ៣ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា នូវសីរីរុងរឿងរបស់ព្រះអង្គ ចូរប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ នូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ! |
| ៤ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម យើងត្រូវតែសរសើរតម្កើងឱ្យអស់ពីដួងចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ |
| ៥ | ព្រះទាំងប៉ុន្មានរបស់ជាតិសាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ |
| ៦ | មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ |
| ៧ | ប្រជាជាតិទាំងឡាយអើយ! ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់! ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។ |
| ៨ | ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់ ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ! |
| ៩ | ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! |
| ១០ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។ |
| ១១ | ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! |
| ១២ | ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ |
ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១០,៨ខ-១០)
«ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿ នោះយើងនឹងទទួលការសង្គ្រោះ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ កុំធ្វើកិច្ចការ ដើម្បីឱ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឱ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះបិតាបានលើកតម្កើងព្រះយេស៊ូ និងបានតែងតាំងព្រះអង្គជាអ្នក ស្នងមរតកដល់មនុស្សគ្រប់ជាតិសាសន៍។ ចូរយើងកោតសរសើរព្រះអង្គ និងទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះយើងខ្ញុំ ដោយសារជ័យជម្នះរបស់ព្រះអង្គផង !
បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ដោយសារជ័យជម្នះរបស់ព្រះអង្គ ទ្រង់បានកាច់បំបាក់អំណាចនៃសេចក្តីអាក្រក់ ហើយបានបំផ្លាញអំពើបាប និងសេចក្តីស្លាប់
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានជ័យជម្នះលើអំពើបាប ក្នុងថ្ងៃនេះផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានទាញទម្លាក់សេចក្តីស្លាប់ចេញពីយើងខ្ញុំ ហើយនាំឱ្យយើងខ្ញុំមានជីវិតថ្មី
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំរស់នៅក្នុងជីវិតថ្មីក្នុងថ្ងៃនេះផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គបានប្រទានជីវិតដល់អ្នកស្លាប់ ហើយព្រះអង្គបាននាំមនុស្សលោកចេញពីសេចក្តីស្លាប់មកកាន់ជីវិតវិញ
—សូមព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលយើងខ្ញុំជួបនៅថ្ងៃនេះ។ (បន្ទរ)
ព្រះអង្គបាននាំភាពច្របូកច្របល់ដល់អ្នកយាមផ្នូរ តែទ្រង់ធ្វើឱ្យពួកសាវ័កមានអំណរសប្បាយ
—សូមព្រះអង្គប្រោសប្រទានឱ្យអ្នកបម្រើព្រះអង្គមានអំណរសប្បាយយ៉ាងពេញលេញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ដែលមានប្រាជ្ញាមកពីព្រះវិញ្ញាណ។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានប្រាជ្ញាវាងវៃ ហ៊ានធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រីស្តក្នុងលោកនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។