១៤ មេសា ២០២៦

Written on 22/01/2026
Mary Siya Khim

 រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤៣

ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ

ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព‌លោក​នេះ ដើម្បី​កុំ​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដីងងឹត (យហ ១២,៤៦)។

បន្ទរទី១ ៖ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះជន្មគង់នៅ អាលេលូយ៉ា!

ឱព្រះជាម្ចាស់អើយ ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង !
សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ !
សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។

បពិត្រព្រះជាម្ចាស់នៃទូលបង្គំ! ព្រះអង្គជាកំពែងការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?

សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ
ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!

ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ
ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។
ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ !
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ !

ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះជន្មគង់នៅ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)

ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ

យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ ( វវ ១,១៨)។

បន្ទរទី២ ៖ ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វព្រះហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំឱ្យចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ អាលេលូយ៉ា!

(បទកាកគតិ)

១០- ខ្ញុំនឹកគិតថា នឹងមានវាសនា រស់ពាក់កណ្តាល
  អាយុនៃមនុស្ស មិនត្រេកត្រអាល នៅស្ថានកណ្តាល
    ទៅទៀតបានឡើយ
១១- ខ្ញុំនឹកគិតថា លែងឃើញភក្រ្តា អម្ចាស់ទៀតហើយ
  លែងឃើញទាំងមុខ លែងទាំងឆ្លងឆ្លើយ មនុស្សម្នាអើយ
    ខ្ញុំលាក្សិណក្ស័យ
១២- ជីវិតខ្ញុំត្រូវ ឃ្លាតចាកឆ្ងាយទៅ ផុតអាយុខៃ
  ដូចជាគង្វាល រើគ្មានសំចៃ ជំរំអាស្រ័យ
    ស្នាក់នៅពេលមុន
  ព្រះម្ចាស់ធ្វើឱ្យ ជីវិតខ្ញុំផុយ នាពេលសាយ័ណ្ហ
  ដូចជាងតម្បាញ ត្បាញចប់គ្រប់គ្រាន់ រូតរះបន្ទាន់
    មូរក្រណាត់ទុក
១៣- ខ្ញុំត្រូវវិនាស មុនពេលថ្ងៃរះ នៅមិនស្រណុក
  ឈឺពេញទាំងកាយ រស់ដូចទូលទុក្ខ ដូចសិង្ហសម្រុក
    ចាប់ជាចំណី
  ឱព្រះម្ចាស់អើយ ចាប់ពីថ្ងៃហើយ លុះដល់រាត្រី
  ព្រះអង្គធ្វើឱ្យ ជីវិតខ្ញុំក្ស័យ ដេកនៅក្នុងដី
    ជារៀងដរាប
១៤- ខ្ញុំស្រែកខ្ញុំយំ ដូចត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប
  ភ្នែកខ្ញុំស្រវាំង មើលមិនឃើញទៀត សូមព្រះម្ចាស់ឆ្លៀត
    ជួយផងព្រះអើយ
១៧- ឥឡូវទ្រង់ប្រោស ឱ្យខ្ញុំជាសះ ព្រោះទ្រង់អាណិត
  ប្រទានឱ្យខ្ញុំ រស់មានជីវិត ទុក្ខព្រួយខ្ញុំបាត់
    សែនអរព្រឺព្រួច
  ទ្រង់សព្វព្រះទ័យ ករុណាប្រណី រំដោះខ្ញុំរួច
  ពីដៃមច្ចុរាជ អំពើបាបខូច ខ្ញុំសែនព្រឺព្រួច
    រួចផុតល្ហែល្ហើយ
១៨- មនុស្សស្លាប់អស់ជន្ម មិនអាចអរគុណ ព្រះអង្គបានឡើយ
  រួមទាំងមច្ចុរាជ ទៀតផងក៏ដោយ គ្មានសង្ឃឹមឡើយ
    ពឹងលើព្រះអង្គ
១៩- មានតែមនុស្ស មានជីវិតរស់ ស្ថិតស្ថេរគង់វង្ស
  ទើបគេអាចលើក តម្កើងព្រះអង្គ ប្រាប់តកូនផង
    ពីព្រះទ័យស្មោះ
២០- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ មេត្តាសង្គ្រោះ
  យើងខ្ញុំមិនភ្លេច ដំណាក់របស់ ព្រះជាអម្ចាស់
    លេងភ្លេងរាំថ្វាយ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វព្រះហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំឱ្យចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៦៥

ពាក្យអរព្រះគុណយ៉ាងឱឡារិក

ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។

បន្ទរទី៣ ៖ ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី អាលេលូយ៉ា!

បពិត្រព្រះជាម្ចាស់!
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន
យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។

ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច
មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។

កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។

អ្នកដែលព្រះអង្គជ្រើសរើស មានសុភមង្គលហើយ
គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ
នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។

បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ!
ព្រះអង្គប្រកបដោយសេចក្តីសុចរិត
ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច
ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។

ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។

ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេង បានស្ងប់ឈឹង
ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។

អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច
ស្រែកដោយអំណរសប្បាយដ៏លើសលប់។
១០
ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី
ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ
១១
គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ
ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ
ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។
១២
នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។
១៣
រីឯនៅវាលរហោស្ថានមានស្មៅដុះឡើងយ៉ាងបរិបូណ៌
នៅតាមភ្នំនានា ក៏ពោរពេញទៅដោយអំណរដែរ។
១៤
វាលស្មៅពោរពេញទៅដោយហ្វូងសត្វ ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,៣០-៣៣)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យរស់​ឡើង​វិញ។ ព្រះ‌យេស៊ូបាន​បង្ហាញខ្លួនឱ្យអស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើជា​បន្ទាល់របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើតាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទីពីរ​ថាៈ ព្រះ‌អង្គ​ជា​បុត្រ​របស់​យើងគឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មកនៅ​ថ្ងៃ​នេះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ យើង​ជា​អាល់ផា និង​ជា​អូមេ‌កា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺចិញ្ចែង អាលេលូយ៉ា!

ពាក្យអង្វរសកល

កូនចៀមដែលឥតស្លាកស្នាមរបស់ព្រះជាម្ចាស់ បានដកអំពើបាបចេញពីពិភពលោក។ ចូរយើងអរព្រះគុណព្រះបិតា ហើយទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ជាប្រភពនៃជីវិតគ្រប់យ៉ាង ! សូមប្រោសយើងខ្ញុំឱ្យមានជីវិតឡើងវិញផង !

ឱប្រភពនៃជីវិតគ្រប់យ៉ាង ! សូមព្រះអង្គនឹកចាំពីការស្លាប់ និងការរស់ឡើងវិញរបស់កូនចៀមដែលត្រូវគេសម្លាប់នៅលើឈើឆ្កាង
—សូមព្រះអង្គព្រះសណ្តាប់សម្លេងរបស់កូនចៀម ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ។ (បន្ទរ)

ឥឡូវនេះ ដំបែចាស់នៃសេចក្តីអាក្រក់ និងមារកំណាច ត្រូវបំផ្លាញចោលហើយ
—សូមឱ្យយើងខ្ញុំបានទទួលការចិញ្ចឹម ដោយនំប៉័ងឥតមេនៃភាពស្មោះត្រង់ និងសេចក្តីពិតជានិច្ច។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយកការរង្កៀសចិត្ត និងការច្រណែនឈ្នានីសគ្នា ទុកទាំងអស់ម្ខាងសិន
—ហើយសូមព្រះអង្គបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសេចក្តីត្រូវការរបស់អ្នកដទៃផង។ (បន្ទរ)

សូមព្រះអង្គផ្ញើវិញ្ញាណនៃព្រះបន្ទូលដំណឹងល្អមកក្នុងចិត្តយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំដើរតាមមាគ៌ានៃក្រឹត្យវិន័យរបស់ព្រះអង្គ នៅថ្ងៃនេះ និងជាដរាបតរៀងទៅ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាព្រះសហគមន៍ ផ្តល់សក្ខីភាពអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលព្រះអំណោយ ទានតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។