ថ្ងៃសៅរ៍ពិសិដ្ឋ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងឱនកាយក្រាបថ្វាយបង្គំព្រះគ្រីស្តដែលបានរងទុក្ខ សោយទិវង្គត និងត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៦៤
បន្ទរទី១៖ ទោះបីព្រះអម្ចាស់គ្មានបាបក៏ដោយ ក៏ព្រះអង្គត្រូវគេកាត់ទោសប្រហារជីវិត។ ពិភពលោកនឹងកាន់ទុក្ខ ដូចគេកាន់ទុក្ខ ព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។
| ២ | ឱព្រះជាម្ចាស់អើយ សូមព្រះអង្គព្រះសណ្ដាប់ទំនួញរបស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ |
| ៣ | សូមការពារទូលបង្គំឲ្យរួចផុតពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យទូលបង្គំបានរួចផុតពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ |
| ៤ | គេប្រើពាក្យសម្ដី ដូចដាវដ៏មុត ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។ |
| ៥ | ពួកគេលួចប្រហារមនុស្សទៀងត្រង់ គឺគេប្រហារមិនឲ្យដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។ |
| ៦ | ពួកគេនិយាយលើកទឹកចិត្តគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!» ។ |
| ៧ | គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!» ។ គ្មាននរណាអាចយល់គំនិតអប្រិយនៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! |
| ៨ | ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ |
| ៩ | ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។ |
| ១០ | មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ |
| ១១ | សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ទោះបីព្រះអម្ចាស់គ្មានបាបក៏ដោយ ក៏ព្រះអង្គត្រូវគេកាត់ទោសប្រហារជីវិត។ ពិភពលោកនឹងកាន់ទុក្ខ ដូចគេកាន់ទុក្ខ ព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។
បទលើកតម្កើងតាមព្យាការីអេសាយ (៣៨,១០-១៤.១៧-២០)
បន្ទរទី២៖ ឱព្រះអម្ចាស់អើយ ! សូមស្រង់ព្រលឹងទូលបង្គំចេញពីក្នុងរណ្ដៅមច្ចុរាជផង។
(បទកាកគតិ)
| ១០- | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | |
| ទៅទៀតបានឡើយ | ។ | ||
| ១១- | ខ្ញុំនឹកគិតថា | លែងឃើញភក្ត្រា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | ឱមនុស្សម្នាអើយ | |
| ខ្ញុំលាក្សិណក្ស័យ | ។ | ||
| ១២- | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | |
| ស្នាក់នៅពេលមុន | ។ | ||
| ព្រះម្ចាស់ធ្វើឲ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាន់ | |
| មូរក្រណាត់ទុក | ។ | ||
| ១៣- | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | |
| ចាប់ជាចំណី | ។ | ||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | |
| ព្រះអង្គធ្វើឲ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | |
| ជារៀងដរាប | ។ | ||
| ១៤- | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | |
| ជួយផងព្រះអើយ | ។ | ||
| ១៧- | ឥឡូវទ្រង់ប្រោស | ឲ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត |
| ប្រទានឲ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ | |
| សែនអរព្រឺព្រួច | ។ | ||
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច | |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនអរព្រួច | |
| រួចផុតល្ហែល្ហើយ | ។ | ||
| ១៨- | អ្នកស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | |
| ពឹងលើព្រះអង្គ | ។ | ||
| ១៩- | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | |
| ពីព្រះទ័យស្មោះ | ។ | ||
| ២០- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | |
| លេងភ្លេងរាំថ្វាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមស្រង់ព្រលឹងទូលបង្គំចេញពីក្នុងរណ្ដៅមច្ចុរាជផង។
ទំនុកតម្កើងលេខ ១៥០
បន្ទរទី៣៖ យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
| ១ | អាលេលូយ៉ា ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ ! |
| ២ | ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្ដមបំផុត ! |
| ៣ | ចូរសរសើរតម្កើងព្រះអង្គ ដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ ! |
| ៤ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ ! |
| ៥ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរឲ្យលាន់ឮរំពង ! |
| ៦ | ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់ ! អាលេលូយ៉ា ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហស ៦,១-២)
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិតមកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់។
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ ! នៅលើឈើឆ្កាង ព្រះអង្គបានបង្ហូរព្រះលោហិត ដើម្បីលោះយើងខ្ញុំ។ យើងខ្ញុំស្រែកអង្វររកព្រះអង្គ សូមសង្រ្គោះយើងខ្ញុំផង។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃយើងបានរងទុក្ខលំបាក សោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ។ ដោយសេចក្តីស្រឡាញ់ដ៏ស្មោះ ចូរយើងលើកតម្កើងព្រះអង្គ ដែលជ្រាបពីតម្រូវការរបស់យើងថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !
ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំអើយ! ព្រះមាតារងទុក្ខលំបាក ដោយឈរមើលព្រះអង្គសោយទិវង្គត និងបញ្ចុះសពព្រះអង្គ
—សូមឱ្យយើងខ្ញុំបានចែករំលែកការឈឺចាប់របស់ព្រះអង្គ នៅក្នុងទុក្ខលំបាករបស់យើងខ្ញុំផង។ (បន្ទរ)
ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង! ប្រៀបដូចជាគ្រាប់ពូជដែលងាប់នៅក្នុងដី។ ព្រះអង្គបាននាំផលផ្លែនៃព្រះអំណោយទានមកឱ្យយើងខ្ញុំ
—សូមឱ្យយើងខ្ញុំស្លាប់ព្រោះអំពើបាប ហើយរស់នៅសម្រាប់ព្រះជាម្ចាស់។ (បន្ទរ)
ព្រះគ្រីស្តជាគង្វាលដ៏សប្បុរស! ព្រះអង្គបានលាក់ខ្លួនពីពិភពលោកក្នុងសេចក្តីស្លាប់
—សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ជីវិត ដែលលាក់ខ្លួនជាមួយព្រះអង្គក្នុងព្រះបិតាផង។ (បន្ទរ)
ព្រះគ្រីស្តជាលោកអដាំថ្មី ! ព្រះអង្គបានយាងចូលក្នុងអាណាចក្រនៃសេចក្តីស្លាប់ ដើម្បីដោះលែងមនុស្សសុចរិតទាំងអស់ តាំងពីកំណើតពិភពលោកមក
—សូមឱ្យអស់អ្នកដែលបានស្លាប់ក្នុងអំពើបាប ស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គ និងមានជីវិតរស់ឡើងវិញ។ (បន្ទរ)
ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ តាមរយៈអគ្គសញ្ញាជ្រមុជទឹក យើងខ្ញុំបានរួមស្លាប់ជាមួយព្រះអង្គ
—ដោយអគ្គសញ្ញាជ្រមុជទឹក សូមឱ្យយើងខ្ញុំរស់ឡើងវិញរួមជាមួយព្រះអង្គ និងមានជីវិតថ្មីផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។