២៣ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃអង្គារពិសិដ្ឋ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤៣

ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ

ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព‌លោក​នេះ ដើម្បី​កុំ​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដីងងឹត (យហ ១២,៤៦)។

បន្ទរទី១ ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំផង! សូម​រំដោះ​ទូលបង្គំឲ្យ​រួច​ផុតពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។

១ ឱព្រះជាម្ចាស់អើយ ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង !
សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ !
សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
២
បពិត្រព្រះជាម្ចាស់នៃទូលបង្គំ! ព្រះអង្គជាកំពែងការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
៣
សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ
ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!
៤
ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ
ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។
ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ !
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ !
៥
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំផង! សូម​រំដោះ​ទូលបង្គំឲ្យ​រួច​ផុតពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)

ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ

យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ ( វវ ១,១៨)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះ‌អង្គ​បាន​លោះ​ជីវិត​ទូលបង្គំមក​វិញ។

(បទកាកគតិ)

១០- ខ្ញុំនឹកគិតថា នឹងមានវាសនា រស់ពាក់កណ្តាល
  អាយុនៃមនុស្ស មិនត្រេកត្រអាល នៅស្ថានកណ្តាល
    ទៅទៀតបានឡើយ ។
១១- ខ្ញុំនឹកគិតថា លែងឃើញភក្រ្តា អម្ចាស់ទៀតហើយ
  លែងឃើញទាំងមុខ លែងទាំងឆ្លងឆ្លើយ មនុស្សម្នាអើយ
    ខ្ញុំលាក្សិណក្ស័យ ។
១២- ជីវិតខ្ញុំត្រូវ ឃ្លាតចាកឆ្ងាយទៅ ផុតអាយុខៃ
  ដូចជាគង្វាល រើគ្មានសំចៃ ជំរំអាស្រ័យ
    ស្នាក់នៅពេលមុន ។
  ព្រះម្ចាស់ធ្វើឱ្យ ជីវិតខ្ញុំផុយ នាពេលសាយ័ណ្ហ
  ដូចជាងតម្បាញ ត្បាញចប់គ្រប់គ្រាន់ រូតរះបន្ទាន់
    មូរក្រណាត់ទុក ។
១៣- ខ្ញុំត្រូវវិនាស មុនពេលថ្ងៃរះ នៅមិនស្រណុក
  ឈឺពេញទាំងកាយ រស់ដូចទូលទុក្ខ ដូចសិង្ហសម្រុក
    ចាប់ជាចំណី ។
  ឱព្រះម្ចាស់អើយ ចាប់ពីថ្ងៃហើយ លុះដល់រាត្រី
  ព្រះអង្គធ្វើឱ្យ ជីវិតខ្ញុំក្ស័យ ដេកនៅក្នុងដី
    ជារៀងដរាប ។
១៤- ខ្ញុំស្រែកខ្ញុំយំ ដូចត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប
  ភ្នែកខ្ញុំស្រវាំង មើលមិនឃើញទៀត សូមព្រះម្ចាស់ឆ្លៀត
    ជួយផងព្រះអើយ ។
១៧- ឥឡូវទ្រង់ប្រោស ឱ្យខ្ញុំជាសះ ព្រោះទ្រង់អាណិត
  ប្រទានឱ្យខ្ញុំ រស់មានជីវិត ទុក្ខព្រួយខ្ញុំបាត់
    សែនអរព្រឺព្រួច ។
  ទ្រង់សព្វព្រះទ័យ ករុណាប្រណី រំដោះខ្ញុំរួច
  ពីដៃមច្ចុរាជ អំពើបាបខូច ខ្ញុំសែនព្រឺព្រួច
    រួចផុតល្ហែល្ហើយ ។
១៨- មនុស្សស្លាប់អស់ជន្ម មិនអាចអរគុណ ព្រះអង្គបានឡើយ
  រួមទាំងមច្ចុរាជ ទៀតផងក៏ដោយ គ្មានសង្ឃឹមឡើយ
    ពឹងលើព្រះអង្គ ។
១៩- មានតែមនុស្ស មានជីវិតរស់ ស្ថិតស្ថេរគង់វង្ស
  ទើបគេអាចលើក តម្កើងព្រះអង្គ ប្រាប់តកូនផង
    ពីព្រះទ័យស្មោះ ។
២០- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ មេត្តាសង្គ្រោះ
  យើងខ្ញុំមិនភ្លេច ដំណាក់របស់ ព្រះជាអម្ចាស់
    លេងភ្លេងរាំថ្វាយ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះ‌អង្គ​បាន​លោះ​ជីវិត​ទូលបង្គំមក​វិញ។

ទំនុកតម្កើងលេខ ៦៥

ពាក្យអរព្រះគុណយ៉ាងឱឡារិក

ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។

បន្ទរទី៣ ៖ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហាជន​ឲ្យ​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។

២ បពិត្រព្រះជាម្ចាស់!
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន
យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។
៣
ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច
មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។
៤
កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់
ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។
៥
អ្នកដែលព្រះអង្គជ្រើសរើស មានសុភមង្គលហើយ
គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ
នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
៦
បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ!
ព្រះអង្គប្រកបដោយសេចក្តីសុចរិត
ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ
ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច
ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។
៧
ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ
ដោយសារព្រះចេស្តារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
៨
ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេង បានស្ងប់ឈឹង
ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។
៩
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច
ស្រែកដោយអំណរសប្បាយដ៏លើសលប់។
១០
ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី
ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ
១១
គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ
ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ
ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។
១២
នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។
១៣
រីឯនៅវាលរហោស្ថានមានស្មៅដុះឡើងយ៉ាងបរិបូណ៌
នៅតាមភ្នំនានា ក៏ពោរពេញទៅដោយអំណរដែរ។
១៤
វាលស្មៅពោរពេញទៅដោយហ្វូងសត្វ
ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង
ដោយអំណរដ៏លើសលប់! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហាជន​ឲ្យ​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ១២,១០-១១ក)

យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិដ្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។ នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ។

បន្ទរ៖ ព្រះ‌អង្គ​បាន​លោះ​មនុស្សយក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ *ដោយ‌សារព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-ពី​គ្រប់​ពូជ គ្រប់ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល‌បង្គំ​ឲ្យ​មាន​សិរី‌រុង​រឿង​នៅ​ជិត​ព្រះ‌អង្គ គឺ​សិរី‌រុង​រឿង​ដែល​ទូល‌បង្គំធ្លាប់​មាន​នៅ​ជិត​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្ត ជាព្រះសង្រ្គោះដែលបានលោះយើង ដោយព្រះអង្គបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !

ព្រះអង្គបានយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក និងទទួលសិរីរុងរឿង
—សូមព្រះអង្គនាំព្រះសហគមន៍ទៅកាន់បុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)

ព្រះអង្គត្រូវគេឆ្កាង និងចាក់ទម្លុះដោយលំពែងរបស់ទាហាន
—សូមព្រះអង្គព្យាបាលរបួសយើងខ្ញុំ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានឱ្យដើមឈើនេះមានផលផ្លែ សម្រាប់អស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក។ (បន្ទរ)

នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឱ្យចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់អត្ថន័យដ៏ជ្រៅបំផុតនៃទុក្ខលំបាករបស់ព្រះយេស៊ូ។ សូមប្រោសឲ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។