រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
វិន័យរបស់ព្រះអម្ចាស់
សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។
បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)
ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម
អស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ។
(បទពាក្យ ៧)
| ១- | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
| លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
| ២- | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
| ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
| ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឲ្យរស់ផុតសៅហ្មង | ||
| ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
| ៣- | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
| អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
| ៤- | ព្រះអង្គបានធ្វើឲ្យ | កងទ័ពថយវិនាសអស់ | |
| ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
| ៨- | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
| ៩- | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឲ្យទាន់ | |
| ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
| ១០- | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
| ១១- | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
| តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
| ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
| គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
| ១២- | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
| ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
| ១៣- | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
| ១៧- | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
| ឱព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
| ទីសក្ការៈត្រចង់ | ដោយហស្តទ្រង់កសាងផ្ទាល់ | ។ | |
| ១៨- | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
| ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៥,១ខ-៣ក)
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួន តែគ្មាននរណាស្វែងរកយើងឡើយ។ ប្រជាជាតិនេះមិនបានហៅរកនាមយើងសោះ ទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។ រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេ តែប្រជារាស្ដ្រនេះរឹងចចេសណាស់ គឺគេដើរតាមផ្លូវអាក្រក់ និងធ្វើតាមអំពើចិត្តរបស់ខ្លួន។ ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។
ពាក្យអង្វរសកល
ដើម្បីបង្កើតយើងខ្ញុំសាជាថ្មី ព្រះគ្រីស្តជាអម្ចាស់បានប្រទានទឹក និងព្រះកាយ ព្រមទាំងព្រះបន្ទូល ដែលផ្តល់ឱ្យយើងខ្ញុំកើតជាថ្មី។
ចូរយើងទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ សូមព្រះអង្គបន្តប្រទានព្រះអំណោយទានឱ្យយើងខ្ញុំ !
ឱព្រះយេស៊ូដែលមានព្រះហឫទ័យស្លូតបូត និងសុភាពរាបសារ ! សូមព្រះអង្គបំពាក់យើងខ្ញុំនូវចិត្តមេត្តា ចិត្តសប្បុរស និងចេះដាក់ខ្លួន
—សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តអត់ធ្មត់ជាមួយនឹងមនុស្សគ្រប់គ្នាផង។ (បន្ទរ)
សូមព្រះអង្គបង្រៀនយើងខ្ញុំ ឱ្យក្លាយជាអ្នកជិតខាងពិតប្រាកដសម្រាប់មនុស្សទាំងអស់ នៅពេលពួកគេជួបបញ្ហា និងទុក្ខលំបាក
—ដូច្នេះ យើងខ្ញុំអាចយកតម្រាប់តាមព្រះអង្គ ជាសាសន៍សាម៉ារីដ៏ល្អ។ (បន្ទរ)
សូមព្រះនាងព្រហ្មចារិនីម៉ារីជាព្រះមាតា ជួយអង្វរព្រះអង្គឱ្យអស់អ្នកដែលថ្វាយពាក្យសច្ចាប្រណិធានរស់នៅជាព្រហ្មចារី
—ដូច្នេះ ពួកគេអាចលះបង់ខ្លួនឯងចោលកាន់តែជ្រៅទៅៗ ចំពោះព្រះអង្គ និងព្រះសហគមន៍។ (បន្ទរ)
សូមប្រោសប្រទានព្រះអំណោយទាននៃធម៌មេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំ
—ហើយសូមព្រះអង្គអត់ទោសបាបរបស់យើងខ្ញុំ និងដកយកទណ្ឌកម្មរបស់ពួកគេផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកគ្រប់ពេលវេលា។ សូមព្រះអង្គមេត្តាថែរក្សាការពារយើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គ ហើយសូមបន្តណែនាំបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។