១៧ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសឡើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០១

ការទទួលសារភាពរបស់អ្នកគ្រប់គ្រងល្អ

“ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ” (យហ ១៤,១៥)។

បន្ទរទី១ ៖ ព្រះ‌អម្ចាស់​អើយ ! ទូល‌បង្គំនឹង​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។

បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌របស់ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំនឹង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។

ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គយាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំនឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំដោយ​កាន់​ចិត្ត​ទៀង​ត្រង់។

ទូល‌បង្គំមិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយារបស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំមិន​ចង់​ជាប់​ពាក់‌ព័ន្ធនឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។

ទូល‌បង្គំមិន​ទុក​ឲ្យ​មនុស្សដែល​មាន​ចិត្ត​វៀច‌វេរចូល​ជិត​ទូល‌បង្គំ​ឡើយ
ហើយ​ទូល‌បង្គំក៏​មិន​ទាក់‌ទង​នឹង​អ្វីៗដែល​អាក្រក់​ដែរ។

ទូល‌បង្គំនឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នកដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

ទូល‌បង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្តស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូល‌បង្គំ។

រីឯ​មនុស្ស​បោក​ប្រាស់​វិញ
ទូល‌បង្គំមិន​អនុញ្ញាតឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំឡើយ
ហើយ​អ្នក​និយាយ​កុហកក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំបាន​ដែរ។

រាល់​ព្រឹក ទូល‌បង្គំបំបិទ​មាត់​មនុស្ស​អាក្រក់ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំ​ដក​ពួក​ទុច្ចរិតចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ! ទូល‌បង្គំនឹង​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,២៦-២៧.២៩.៣៤-៤១)

ពាក្យ​អង្វរ​របស់​លោក​អសា‌រីយ៉ានៅក្នុងឡភ្លើង

សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន (កក ៣,១៩)។

បន្ទរទី២ ៖ បពិត្រ​ព្រះអម្ចាស់ សូម​កុំ​ដក​សេចក្តីមេត្តា‌ករុណា​របស់​ព្រះអង្គពីយើង​ខ្ញុំ។

(បទពាក្យ ៧)

២៦- ព្រះអម្ចាស់ជាព្រះរបស់ បុព្វបុរសនៃយើងខ្ញុំ  
  យើងសូមតម្កើងទាំងប្រណម្យ ព្រះនាមព្រះអង្គតរៀងទៅ
២៧- ដ្បិតព្រះអង្គទ្រង់បានប្រព្រឹត្ត លើយើងខ្ញុំពិតមិនអាស្រូវ  
  ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ ធ្លាប់វិនិច្ឆ័យក្តីយុត្តិធម៌
២៩- អំពើបាបច្រើនខ្ញុំប្រព្រឹត្ត មិនប្រណិប័តន៍តាមផ្លូវល្អ  
  ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ យើងនៅបន្តខុសគ្រប់យ៉ាង
៣៤- ឱព្រះអម្ចាស់សូមកុំចោល ឱ្យយើងតែលតោលគ្មានទីអាង  
  សម្ពន្ធមេត្រីថ្មីស្រឡាង គឺជាភស្តុតាងមិនបាត់បង់
៣៥- សូមកុំដកយកក្តីមេត្តា នឹកទៅដល់គ្រាដែលកន្លង  
  នឹកដល់លោកអប្រាហាំផង មិនដែលសៅហ្មងសម្លាញ់ស្និទ្ធ
  នឹកដល់អ៊ីសាកជាបម្រើ អ៊ីស្រាអែលដើរតាមប្រកិត  
  ទៅណាមកណាជាប់នែបនិត្យ ដូចបងប្អូនឥតដែលមានខ្ចោះ
៣៦- ពីដើមព្រះអង្គបានសន្យា ដោយបន្ទូលថាទ្រង់នឹងប្រោស  
  ឱ្យអ្នកទាំងបីមានកូនប្រុស កូនស្រីចម្រុះឥតគណនា
  ច្រើនពេកអនេករាប់ពុំបាន ដូចផ្កាយដែលមានលើមេឃា  
  ដូចគ្រាប់ខ្សាច់តាមឆ្នេរជលសា សមុទ្រនានាច្រើនក្រៃក្រាស់
៣៧- បពិត្រព្រះអម្ចាស់ថ្លៃអើយ ថ្ងៃនេះឯងហើយយើងព្រួយណាស់  
  ធ្លាក់ខ្លួនមកជាពូជអាម៉ាស់ ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត
  ទៅជាជនជាតិតូចជាងគេ ទុក្ខធំឡើងទ្វេសែនស្រយុត  
  ឥឡូវទន់ទាបស្ទើររលត់ មកពីយើងល្ងិតល្ងង់សាងបាប
៣៨- ពេលនេះយើងខ្សត់អត់ទាំងអស់ ជីវិតក្រៀមក្រោះប្រៀបដូចស្លាប់  
  គ្មានស្តេចមន្ត្រីសែនអភ័ព្វ ព្យាការីគាប់ក៏មិនមាន
  យើងមិនអាចថ្វាយយញ្ញបូជា ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន  
  ទាំងគ្រឿងក្រអូបម្សៅភុំផាន ផលផ្លែមិនបានយកមកថ្វាយ
៣៩- សូមព្រះអង្គជួយទទួលយក ទុក្ខព្រួយសោយសោកផងទាំងឡាយ  
  និងចិត្តសុភាពរាបស្រស់ស្រាយ ទុកជាតង្វាយគាប់ព្រះទ័យ
៤០- គឺតង្វាយដុតទាំងមូលមាន កូនចៀមរាប់ពាន់ធាត់ពេកក្រៃ  
  ពពែគោឈ្មោលនៅក្នុងព្រៃ យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ
  សូមឱ្យយើងខ្ញុំអាចដើរតាម មាគ៌ាដានស្នាមដ៏វិសេស  
  របស់ព្រះអង្គមិនប្រហែស អ្នកសង្ឃឹមព្រះមិនខកចិត្ត
៤១- ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ ប្រព្រឹត្តឱ្យបានគ្មានរខិត  
  គន្លងព្រះអង្គធម៌ប្រណីត កោតខ្លាចដាក់ចិត្តស្គាល់ព្រះភក្ត្រ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ បពិត្រ​ព្រះអម្ចាស់ សូម​កុំ​ដក​សេចក្តីមេត្តា‌ករុណា​របស់​ព្រះអង្គពីយើង​ខ្ញុំ។

ទំនុកតម្កើងលេខ ១៤៤

ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព

ខ្ញុំអាចទ្រាំបានទាំងអស់ដោយរួមជាមួយព្រះអង្គ ដែលប្រទានកម្លាំងឱ្យខ្ញុំ (ភីល ៤,១៣)។

បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ។

សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្ហាត់ខ្ញុំអំពីការតយុទ្ធ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។

ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាកំពែងការពារខ្ញុំ
ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានា មកក្រោមអំណាចរបស់ខ្ញុំ

ឱព្រះអម្ចាស់អើយ! តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?

មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។

ឱព្រះអម្ចាស់អើយ! សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំឱ្យមានផ្សែងហុយឡើង។

សូមធ្វើឱ្យផ្លេកបន្ទោរកម្ចាត់កម្ចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។

សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ
សូមស្រង់ទូលបង្គំឱ្យរួចផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។

ពួកគេមិនដែលនិយាយសេចក្តីពិតទេ
ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។

បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងលេងឃឹមថ្វាយព្រះអង្គផង។
១០
ព្រះអង្គប្រទានឱ្យស្តេចនានាមានជ័យជម្នះ
ព្រះអង្គសង្គ្រោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យរួចពីការស្លាប់ដោយមុខដាវ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ! ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១២-១៣)

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើងដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ចូរ​កែ‌ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ពោរ‌ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដាក់​ទោស​ទេ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”» ។

ពាក្យអង្វរសកល

ព្រះជាម្ចាស់ជាព្រះបិតាបានប្រទានព្រះបុត្រាតែមួយគត់របស់ព្រះអង្គ គឺព្រះបន្ទូលដែលកើតជាមនុស្ស ដើម្បីធ្វើជាអាហារ និងជីវិតរបស់យើងខ្ញុំ។ ចូរយើងអរព្រះគុណព្រះអង្គ និងទូលថា ៖

បន្ទរ៖ សូមឱ្យព្រះបន្ទូលរបស់ព្រះគ្រីស្ត គង់នៅក្នុងចំណោមយើងរាល់គ្នាយ៉ាងពេញបរិបូណ៌ !

នៅក្នុងរដូវសែសិបថ្ងៃនេះ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គកាន់តែច្រើនឡើង
—ដើម្បីឱ្យយើងខ្ញុំអាចប្រារព្ធបុណ្យចម្លងយ៉ាងឱឡារិក ជាមួយនឹងសេចក្តីស្រឡាញ់ដ៏មហិមាចំពោះព្រះគ្រីស្ត ដែលជាយញ្ញបូជានៃបុណ្យចម្លង។ (បន្ទរ)

សូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាគ្រូបង្រៀនយើងខ្ញុំ
—ដើម្បីយើងខ្ញុំអាចលើកទឹកចិត្តអស់អ្នកដែលមានចិត្តសង្ស័យ និងមានកំហុស ក្នុងការដើរតាមអ្វីដែលជាសេចក្តីពិត និងសេចក្តីល្អ។ (បន្ទរ)

សូមព្រះអង្គអនុញ្ញាតឱ្យយើងខ្ញុំចូលទៅក្នុងអាថ៌កំបាំងនៃអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេក កាន់តែជ្រៅជាងនេះ
—ដើម្បីឱ្យការរស់នៅរបស់យើងខ្ញុំអាចបង្ហាញពីវត្តមានរបស់ព្រះអង្គ កាន់តែមានប្រសិទ្ធភាព។ (បន្ទរ)

សូមព្រះអង្គបន្សុទ្ធ និងបន្តការសង្រ្គោះព្រះសហគមន៍ព្រះអង្គនាពេលនេះ
—ដើម្បីឱ្យព្រះសហគមន៍ធ្វើជាសាក្សីអំពីព្រះអង្គកាន់តែអស្ចារ្យឡើងថែមទៀត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គសង្គ្រោះមនុស្សលោក ដោយសារព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងរដូវសែសិបថ្ងៃនេះ សូមប្រោសឲ្យយើងខ្ញុំហ៊ានប្រកាសដំណឹងល្អដល់មនុស្សលោកថា ព្រះអង្គពិតជាព្រះសង្គ្រោះមែន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។