រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៧
ក្រុងយេរូសាឡឹមជាមាតានៃយើងទាំងអស់គ្នា
រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ (កាឡ ៤,២៦)។
បន្ទរទី១ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។
| ១ | ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។ |
| ២ | ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។ |
| ៣ | ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ |
| ៤ | ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។ |
| ៥ | ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ! ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។ |
| ៦ | ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ដ្រនានាចុះក្នុងបញ្ជី ហើយសរសេរថា បុរីស៊ីយ៉ូនជាស្រុកកំណើតរបស់ពួកគេទាំងអស់គ្នា។ |
| ៧ | ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “បុរីស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤០,១០-១៧)
គង្វាលដ៏សប្បុរស៖ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ព្រះអង្គមានបញ្ញាឈ្លាសវៃលើសគេ
ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ
ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។
បន្ទរទី២ ៖ មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។
(បទកាកគតិ)
| ១០- | មើលហ្ន! ព្រះជា | អម្ចាស់រាល់គ្នា | ទ្រង់បានយាងមក |
| ដោយព្រះបារមី | ខ្លាំងក្រៃលើលោក | ព្រះអង្គយាងមក | |
| ដើម្បីគ្រងរាជ្យ | ។ | ||
| ១១- | ព្រះអង្គប្រៀបបាន | គង្វាលចំណាន | ពេញដោយអំណាច |
| នាំអស់ហ្វូងចៀម | រាល់ថ្ងៃព្រឹកល្ងាច | ទាំងមេកូនតូច | |
| កំពុងបំបៅ | ។ | ||
| ១២- | តើនរណាចេះ | អាចមានតំរិះ | នឹងវាស់ជម្រៅ |
| មហាសមុទ្រ | ធំហើយសែនជ្រៅ | វាស់រហូតទៅ | |
| ទាំងផ្ទៃមេឃា | ។ | ||
| តើនរណាអាច | មានតំរិះប្រាជ្ញ | អាចនឹងគណនា | |
| ធូលីហ្មត់ល្អិត | ថ្លឹងទាំងព្រឹក្សា | គិរីបុព្វតា | |
| ដោយខ្លួនឯងបាន | ។ | ||
| ១៣- | តើនរណាអាច | ស្ទង់នូវញាណប្រាជ្ញ | នៃព្រះថ្កើងថ្កាន |
| អាចធ្វើជាទី | ប្រឹក្សាចំណាន | ផ្តល់គំនិតបាន | |
| ចំពោះព្រះអង្គ | ។ | ||
| ១៤- | ទ្រង់ឥតមានសួរ | យោបល់គាប់គួរ | ឬមួយផ្តោះផ្តង |
| តែទ្រង់វិនិច្ឆ័យ | ត្រឹមត្រូវកន្លង | ប្រាជ្ញាញាណផង | |
| ទ្រង់ចេះដឹងសព្វ | ។ | ||
| ១៥- | ប្រជាទាំងឡាយ | ដូចទឹកហូរខ្ចាយ | ដែលគេកំពប់ |
| គេមានតម្លៃ | បីដូចជាគ្រាប់ | ធូលីគេចាប់ | |
| យកទៅដាក់ថ្លឹង | ។ | ||
| ម្យ៉ាងទៀតដូចកោះ | ដែលមានទាំងអស់ | មិនអាចនៅនឹង | |
| ដូចជាធូលី | ត្រូវខ្យល់បក់វឹង | កោះគ្មានលំនឹង | |
| ខ្យល់កួចទៅបាត់ | ។ | ||
| ១៦- | ព្រៃឈើក្នុងស្រុក | ក៏មិនល្មមទុក | ធ្វើជាសម្បត្តិ |
| ឬធ្វើជាអុស | រួមទាំងសព្វសត្វ | ទាំងអស់ត្រូវបាត់ | |
| ធ្វើយញ្ញពុំបាន | ។ | ||
| ១៧- | ចំពោះព្រះភក្ត្រ | ព្រះរបស់អ្នក | ប្រជាប៉ុន្មាន |
| គ្មានតម្លៃអ្វី | ថោកហួសការស្មាន | ប្រើការមិនបាន | |
| ឥតមានប្រយោជន៍ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។
ទំនុកតម្កើងលេខ ៩៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ
ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង
ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។
បន្ទរទី៣ ៖ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ។
| ១ | ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកខេរូប៊ីម ហើយផែនដីកក្រើកញាប់ញ័រ។ |
| ២ | ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ |
| ៣ | មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។ |
| ៤ | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។ |
| ៥ | ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ! |
| ៦ | លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាមូអែលជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ។ |
| ៧ | ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក អស់លោកបានកាន់តាមព្រះបញ្ជា និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។ |
| ៨ | ព្រះអង្គបានឆ្លើយតបមកពួកលោក ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្តី ក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។ |
| ៩ | ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គជាព្រះដ៏វិសុទ្ធ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ពង្ស ៨,៥១-៥៣ក)
ពួកគេជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ដ្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។ សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ សូមព្រះអង្គព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។ ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់ នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ បើខ្ញុំដេញខ្មោច ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះអម្ចាស់បានយាងមកក្នុងចំណោមយើង ដូចជាពន្លឺបំភ្លឺពិភពលោក ដែលយើងអាចដើរក្នុងពន្លឺរបស់ព្រះអង្គ ហើយមិនស្ថិតក្នុងទីងងឹតនៃសេចក្តីស្លាប់ឡើយ។ ចូរយើងកោតសរសើរព្រះអង្គ និងទូលថា ៖
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គធ្វើជាចង្កៀងបំភ្លឺផ្លូវយើងខ្ញុំ !
បពិត្រព្រះជាម្ចាស់នៃធម៌មេត្តា! សូមព្រះអង្គជួយយើងខ្ញុំឱ្យកាន់តែដូចជាព្រះអង្គក្នុងថ្ងៃនេះ
—ដោយយើងខ្ញុំបានប្រព្រឹត្តអំពើបាបក្នុងលោកអដាំយ៉ាងណា សូមឱ្យយើងខ្ញុំបានរស់ឡើងវិញ ក្នុងព្រះគ្រីស្តយ៉ាងនោះដែរ។ (បន្ទរ)
សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គធ្វើជាចង្កៀងបំភ្លឺផ្លូវយើងខ្ញុំ
—ដើម្បីយើងខ្ញុំអាចរស់នៅក្នុងសេចក្តីពិត និងលូតលាស់ឡើងក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គប្រៀនប្រដៅយើងខ្ញុំឱ្យមានចិត្តស្មោះត្រង់ ក្នុងការស្វែងរកផលប្រយោជន៍រួម
—ដូច្នេះ ពន្លឺរបស់ព្រះអង្គអាចរះបំភ្លឺក្នុងក្រុមគ្រួសារទាំងមូល តាមរយៈព្រះសហគមន៍។ (បន្ទរ)
សូមព្រះអង្គប៉ះដួងចិត្តរបស់យើងខ្ញុំឱ្យស្វែងរកព្រះអង្គ
—ហើយកែប្រែចិត្តចេញពីអំពើបាប ដែលទាស់នឹងព្រះប្រាជ្ញាញាណ និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសយើងខ្ញុំឲ្យរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គមេត្តាបំភ្លឺយើងខ្ញុំឲ្យយកចិត្តទុកដាក់រៀបចំចិត្តគំនិតសម្រាប់ពិធីបុណ្យចម្លងនៅពេលខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។