០៤ មីនា ២០២៦

Written on 06/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៧៧

ការរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់

គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វីឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច (២ករ ៤,៨)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។

ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ

នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ
ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ

ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ
ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។

បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់
ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។

ទូលបង្គំរំពឹងគិតអំពីអតីតកាល
គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ

ទូលបង្គំរិះគិតដដែលៗពេញមួយយប់
ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា

តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?
តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?

តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?
តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើង
អស់កល្បជាអង្វែងតរៀងទៅឬ?
១០
តើព្រះជាម្ចាស់ភ្លេចសម្តែង
ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ?
តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ?
១១
ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ
មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
១២
បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ
ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
១៣
ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
១៤
បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ
គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។
១៥
មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។
១៦
ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប
និងពូជពង្សរបស់លោកយ៉ូសែប។
១៧
បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ!
ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល
សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
១៨
មានភ្លៀងបង្អុរចុះពីលើមេឃ
ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ
រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
១៩
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក
ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។
២០
ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ
គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។
២១
ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ
ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។

បទលើកតម្កើងតាមគម្ពីរព្យាការីសាមូអែលទី១ (១សម ២,១-១០)

ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់

ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។
ព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មានឱ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ (លក ១,៥២-៥៣)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំឡើង​ឱ្យបាន​ខ្ពស់​មុខ។

(បទកាកគតិ)

ព្រះម្ចាស់ប្រទាន ចិត្តខ្ញុំឱ្យមាន អំណរសប្បាយ  
  ព្រោះព្រះអង្គលើក ខ្ញុំខ្ពស់ពេកក្រៃ ខ្ញុំអាចនិយាយ  
    តទល់ពួកខ្មាំង  
គ្មានព្រះអង្គណា វិសុទ្ធអស្ចារ្យ ដូចជាព្រះអង្គ  
  ឥតមានព្រះណា ប្រសើរដូចទ្រង់ ជាថ្មជួយបាំង  
    ដូចព្រះយើងទេ  
កុំអួតបំប៉ោង ពោលពាក្យកាចកោង ព្រហើនដៀលជេរ  
  ដ្បិតព្រះជាម្ចាស់ ថ្លឹងថ្លែងរិះរេ វិនិច្ឆ័យឥតប្រែ  
    តាមអំពើមនុស្ស  
អ្នកខ្លាំងពូកែ ព្រះអង្គបំបែរ បំបាក់ទាំងអស់  
  បំផ្លាញទាំងធ្នូ តែទ្រង់សន្តោស ប្រទានដល់មនុស្ស  
    កម្លាំងទន់ខ្សោយ  
ពួកអ្នកដែលមាន អាហារគ្រប់គ្រាន់ ឥឡូវគេធ្លោយ  
  ធ្លាក់ខ្លួនវេទនា ខ្វះខាតមុខក្រោយ គ្មានអ្វីនឹងឱ្យ  
    ចម្អែតក្រពះ  
  ឯអ្នកធ្លាប់ឃ្លាន បែរទៅជាមាន អាហារមិនខ្វះ  
  គេបរិភោគឆ្អែត បរិបូណ៌ពេញពាស មានច្រើនដេរដាស  
    លែងមុខស្រពោន  
  មិនតែប៉ុណ្ណោះ ព្រះអង្គសន្តោស ស្រីអារគ្មានកូន  
  មិនឱ្យដាច់ពូជ វិនាសសាបសូន្យ អាចសម្រាលកូន  
    បានប្រាំពីរដង  
ជីវិតនៃមនុស្ស ត្រូវស្លាប់ឬរស់ ស្រេចលើព្រះអង្គ  
  គេត្រូវធ្លាក់ទៅ ស្ថានមនុស្សស្លាប់ផង ឬក៏បានឡើង  
    ស្រេចទ្រង់ចាត់ចែង  
មនុស្សមានក្រ អាក្រក់ឬល្អ មិនមែនខ្លួនឯង  
  ព្រះម្ចាស់បន្ទាប ឬក៏លើកឡើង ព្រះអង្គចាត់ចែង  
    តាមព្រះហឫទ័យ  
ទ្រង់លើកមនុស្ស ទុគ៌តស្រីប្រុស ពីធូលីដី  
  ដកអ្នកកំសត់ វេទនាក្រក្រី នោះគឺដើម្បី  
    ឱ្យស្មើអ្នកធំ  
  ឱ្យបានគ្រងរាជ្យ ពេញដោយអំណាច រុងរឿងឧត្តម  
  ដ្បិតព្រះអម្ចាស់ តាំងគ្រឹះរឹងមាំ ផែនដីដ៏ធំ  
    មិនរលំឡើយ  
ព្រះអង្គមើលថែ ជីវិតពួកគេ ផុតទុក្ខល្ហែល្ហើយ  
  គឺអ្នកស្មោះត្រង់ ព្រះអង្គនោះហើយ ទ្រង់មិនកន្តើយ  
    ថ្នាក់ថ្នមបមបី  
  ឯមនុស្សអាក្រក់ ចិត្តខ្មៅកខ្វក់ ទុយ៌សអប្រីយ៍  
  គេនឹងវិនាស ក្នុងពេលដ៏ខ្លី ដ្បិតមនុស្សគ្មានជ័យ  
    ដោយកម្លាំងទេ  
១០ ព្រះអង្គបញ្ចោញ រន្ទះដេញបាញ់ ទៅលើពួកគេ  
  ព្រះម្ចាស់វិនិច្ឆ័យ ទោសផែនដីដែរ ទ្រង់គ្រប់គ្រងថែ  
    មិនប្រែទាល់សោះ  
  ព្រះអង្គប្រទាន អានុភាពឱ្យមាន ដល់ក្សត្រអង្គនោះ  
  ប្រទានអំណាច ចេស្តាទាំងអស់ ដែលទ្រង់ថ្កើងយស  
    ចាក់ប្រេងអភិសេក  
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា  
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង  
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំឡើង​ឱ្យបាន​ខ្ពស់​មុខ។

ទំនុកតម្កើងលេខ ៩៧

សីរីរុងរឿងរបស់ព្រះអម្ចាស់ ជះពន្លឺមកលើពិភពលោក

នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះអម្ចាស់គ្រងរាជ្យ ! ចូរឱ្យផែនដីរីករាយឡើង !

ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង!
ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ!

មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។

មានភ្លើងឆេះនៅខាងមុខព្រះអង្គ
បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។

ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។

ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។

ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។

អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស!
ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។

បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ
អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ

បពិត្រព្រះអម្ចាស់!
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។
១០
អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
១១
មានពន្លឺបំភ្លឺមនុស្សសុចរិត
មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។
១២
មនុស្សសុចរិតអើយ!
ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត !
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអម្ចាស់គ្រងរាជ្យ ! ចូរឱ្យផែនដីរីករាយឡើង !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ឱ្យ​ធ្វើជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។ ព្រះ‌អង្គ​ជ្រើស‌រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើជា​ទាស‌ករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គគោរព​តាម​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
 
បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឱ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖...
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ «បុត្រ​មនុស្ស​មក​ក្នុង​ពិភព‌លោក​នេះ មិន‌មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។

ពាក្យអង្វរសកល

ចូរយើងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គជម្រះដួងចិត្តរបស់យើងឱ្យបានវិសុទ្ធ និងពង្រឹងយើងខ្ញុំក្នុងសេចក្តីស្រឡាញ់។ ចូរយើងបន្ទាបខ្លួនទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយើងខ្ញុំផង !

សូមជួយយើងខ្ញុំឱ្យចេះទទួលរបស់ល្អពីព្រះអង្គ ដោយចិត្តកត្តញ្ញូយ៉ាងជ្រាលជ្រៅ
—ហើយឱ្យយើងខ្ញុំចេះទទួលយកសេចក្តីអាក្រក់ នៅពេលវាមកដល់ពួកយើង ដោយចិត្តអត់ធ្មត់។ (បន្ទរ)
 
សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ មិនត្រឹមតែក្នុងគ្រាដ៏អស្ចារ្យ ឬពិសេសប៉ុណ្ណោះទេ
—ប៉ុន្តែ លើសពីនេះទៅទៀត សូមឱ្យយើងខ្ញុំចេះស្រឡាញ់ក្នុងហេតុការណ៍ធម្មតានៃជីវិតប្រចាំថ្ងៃ។ (បន្ទរ)
 
សូមឱ្យយើងខ្ញុំចៀសវាងពីអ្វី ដែលយើងខ្ញុំមិនត្រូវការពិតប្រាកដ
—ហើយសូមព្រះអង្គជួយបងប្អូនយើងខ្ញុំដែលកំពុងរងទុក្ខលំបាកផង។ (បន្ទរ)
 
សូមឱ្យយើងខ្ញុំទទួលស្នាមរបួសរបស់ព្រះបុត្រាព្រះអង្គ
—ដ្បិតដោយសារស្នាមរបួសលើព្រះកាយនេះហើយ ដែលព្រះអង្គបានប្រទានជីវិតឱ្យយើងខ្ញុំ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គគាំទ្រព្រះសហគមន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ សូមព្រះអង្គប្រទានពរជ័យឱ្យយើងខ្ញុំតាមសេចក្តីត្រូវការសព្វថ្ងៃនេះ ហើយសូមកែប្រែចិត្តគំនិតយើងខ្ញុំឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។