០២ មីនា ២០២៦

Written on 05/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃចន្ទ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤២

ទូល‌បង្គំស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់!

អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ! (វវ ២២,១៧)។

បន្ទរទី១ ៖ តើដល់ពេលណា ទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។
ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។

ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ
តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?” ។

ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង
នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។

ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ
ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។

ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា
ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។

សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ
ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់
ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។
១០
ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា
“ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន
ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?” ។
១១
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា
“តើព្រះរបស់អ្នកនៅឯណា?” ។
១២
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ តើដល់ពេលណា ទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

បទលើកតម្កើងតាមបេនស៊ីរ៉ាក់ (បសរ ៣៦,១-៥.៧.១០-១៣)

ពាក្យ​អង្វរ​សូម​ព្រះ‌អម្ចាស់​រំដោះ​ក្រុងយេរូសាឡឹម

រីឯ​ជីវិត​អស់​កល្ប‌ជានិច្ច​នោះ គឺ​ឱ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់
និង​ឱ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ដ ដែល​ព្រះ‌អង្គ​ចាត់​ឱ្យ​មក (យហ ១៧,៣)។

បន្ទរទី២ ៖ ឱព្រះ‌អម្ចាស់​អើយ ! សូម​សម្ដែង​ព្រះហឫទ័យ​មេត្តាករុណាមក​លើ​យើង​ខ្ញុំ​ផង។

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដែលគ្រប់គ្រង លើលោកឥតហ្មងទាំងមូលអើយ  
  សូមអាណិតអាសូរយើងហើយ ទតកុំកន្តើយយើងខ្ញុំផង
២- សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ រស់ទាំងខ្វល់ខ្វាយកុំបង្អង់  
  ឱ្យគេបានឃើញឫទ្ធិព្រះអង្គ ស្ញប់ស្ញែងខ្លាចផងអានុភាព
៣- សូមព្រះអង្គលើកព្រះហស្តវាយ ប្រជាជិតឆ្ងាយជាដរាប  
  ដើម្បីឱ្យគេស្គាល់អានុភាព ឱ្យគេជ្រួតជ្រាបពីបារមី
៤- ដោយព្រះអង្គដាក់ទោសយើងខ្ញុំ ពិតជាសក្តិសមគ្មានទាស់អ្វី  
  តែសូមសម្តែងព្រះបារមី ឱ្យជាតិដទៃឃើញច្បាស់ថា
  ព្រះអង្គជាព្រះដ៏វិសុទ្ធ វិសេសបំផុតលើលោកា  
  សូមសម្តែងឱ្យខ្ញុំដឹងថា ព្រះអង្គផ្តន្ទាពួកគេដែរ
៥- សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ ទទួលស្គាល់ច្បាស់គ្មានកែប្រែ  
  ក្រៅពីព្រះអង្គគ្មានព្រះទេ ត្រូវចេះរិះរេស្គាល់ព្រះអង្គ
៧- សូមទ្រង់សម្តែងថ្លែងសិរី រុងរឿងម្ចាស់ថ្លៃកុំបង្អង់  
  បារមីខ្លាំងក្លានៃព្រះអង្គ ឱ្យមនុស្សទាំងពួងសរសើរកោត
១០- សូមពេលចុងក្រោយឆាប់មកដល់ ព្រះអង្គកុំខ្វល់ភ្លេចសម្តែង  
  គេនឹងរៀបរាប់ដោយកោតក្រែង អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត
១១- សូមឱ្យភ្លើងនៃព្រះពិរោធ កំហឹងក្រេវក្រោធឆេះបំបាត់  
  ដុតកម្ទេចពួកអ្នកទុច្ចរិត កុំឱ្យវារត់រួចសោះឡើយ
១២- សូមទ្រង់បំបែកក្បាលសត្រូវ កុំទុកឱ្យនៅពួកនោះហើយ  
  វាពោលក្តែងៗគ្មានគិតឡើយ ថាវានេះហើយសំខាន់ណាស់
១៣- សូមទ្រង់ប្រមូលកុលសម្ពន្ធ ឱ្យឆាប់រួសរាន់កុំក្រឡះ  
  ពូជពង្សយ៉ាកុបមានច្រើនណាស់ រស់នៅដេរដាសឱ្យមកជុំំ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱព្រះ‌អម្ចាស់​អើយ ! សូម​សម្ដែង​ព្រះហឫទ័យ​មេត្តាករុណាមក​លើ​យើង​ខ្ញុំ​ផង។

ទំនុកតម្កើងលេខ ១៩

ស្នាព្រះហស្តទាំងប៉ុន្មាន ចូរសរសើរតម្កើងព្រះជាម្ចាស់

ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
និងដើម្បីតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្តីសុខសាន្ត (លក ១,៧៨-៧៩)។

បន្ទរទី៣ ៖ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង។

ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។
អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។

ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។

ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។

ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល
ហើយសំឡេងរបស់អាកាសវេហាស៍ លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក
ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។

ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម
ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងទាំងអរសប្បាយ។

ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សរ ១៩,៤-៦ក)

អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍ ដែល​យើង​ធ្វើចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​កម្ម‌សិទ្ធិ​របស់​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏‌វិសុទ្ធ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ចូរ​មាន​ចិត្ត​មេត្តាករុណាដូច​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា» ។

ពាក្យអង្វរសកល

ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតាសម្រាប់ព្រះអំណោយនៃការថ្វាយពាក្យសរសើរតម្កើង។ ចូរយើងទូលសូមព្រះអង្គ ក្នុងរដូវសែសិបថ្ងៃនេះថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គណែនាំយើងខ្ញុំឱ្យដើរតាមផ្លូវនៃព្រះរាជ្យរបស់ព្រះអង្គ !

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណា និងឫទ្ធិចេស្តា! សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំនូវវិញ្ញាណនៃការអធិដ្ឋាន
—និងការប្រែចិត្តគំនិត ជាមួយនឹងភ្លើងនៃសេចក្តីស្រឡាញ់ចំពោះព្រះអង្គ និងមនុស្សលោក។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យធ្វើការរួមជាមួយព្រះអង្គ ក្នុងការបង្កើតអ្វីៗទាំងអស់ឱ្យថ្មីឡើងក្នុងអង្គព្រះគ្រីស្ត
—ហើយផ្សព្វផ្សាយយុត្តិធម៌ និងសេចក្តីសុខសាន្តដល់ពិភពលោកទាំងមូល។ (បន្ទរ)

សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ពីអត្ថន័យ និងគុណតម្លៃនៃការបង្កើត
—ដូច្នេះ យើងខ្ញុំអាចចូលរួមជាសម្លេង ពេលច្រៀងសរសើរតម្កើងព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំសម្រាប់ការមើលមិនឃើញព្រះគ្រីស្តក្នុងចំណោមបងប្អូនក្រីក្រ អ្នកមានទុក្ខព្រួយ និងអ្នកជួបបញ្ហា
—និងសម្រាប់ការមិនបានគោរពចំពោះព្រះបុត្រាព្រះអង្គ ដែលស្ថិតនៅក្នុងពួកគេម្នាក់ៗ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបង្ហាញឲ្យយើងខ្ញុំចេះលត់ដំរូបកាយ ដើម្បីកែប្រែចិត្តគំនិត។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យរួចផុតពីអំពើបាបនានា ហើយរស់នៅស្របតាមសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។