រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃពុធ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៦
អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់
អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។
បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
| ២ | ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា “មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។ |
| ៣ | គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។ |
| ៤ | គេពោលសុទ្ធតែពាក្យកុហកបោកប្រាស គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ |
| ៥ | សូម្បីតែនៅពេលដេក ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ |
| ៦ | បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
| ៧ | ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ |
| ៨ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ |
| ៩ | ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ |
| ១០ | ដ្បិតព្រះអង្គជាប្រភពនៃជីវិត យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។ |
| ១១ | សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ១២ | សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ! |
| ១៣ | មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ
គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។
បន្ទរទី២ ៖ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ប្រកបដោយសិរីរុងរឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។
(បទកាកគតិ)
| ១- | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងខ្លុយ | ឈឹងស្គរអោនកាយ | |
| សរសើរតម្កើង | ។ | ||
| ១៣- | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤- | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥- | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| ក៏ត្រូវអន្តរាយ | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតពេកក្រៃ | |
| អាសូរដល់រាស្ត្រ | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ប្រកបដោយសិរីរុងរឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។
ទំនុកតម្កើងលេខ ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ ! |
| ៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
| ៤ | ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។ |
| ៥ | ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ |
| ៦ | ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ |
| ៧ | ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ! ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង ! |
| ៨ | ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។ |
| ៩ | ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ |
| ១០ | អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់ ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)
ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់» ។ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្ដែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ» ។
ពាក្យអង្វរសកល
សូមលើកតម្កើងព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកមនុស្សលោក។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យមនុស្សត្រូវកើតជាថ្មីក្នុងព្រះអង្គ នៅពេលអ្វីៗទាំងអស់នឹងបង្កើតសាជាថ្មី។ ចូរយើងទូលសូមព្រះអង្គ ដោយមានទំនុកចិត្តថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកយើងខ្ញុំផង !
បពិត្រព្រះអម្ចាស់ ! ព្រះអង្គមានព្រះបន្ទូលសន្យាអំពីផ្ទៃមេឃ និងផែនដីថ្មី
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមឱ្យយើងខ្ញុំរីករាយនឹងព្រះវត្តមានព្រះអង្គនៅក្រុងយេរូសាឡឹម ឯស្ថានបរមសុខអស់កល្បជានិច្ចផង។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ដើម្បីធ្វើឱ្យពិភពលោកនេះមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—និងកសាងផែនដីជាទីក្រុងនៃភាពយុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ (បន្ទរ)
សូមព្រះអង្គរំដោះយើងខ្ញុំចេញពីការធ្វេសប្រហែស និងភាពខ្ជិលច្រអូស
—សូមប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីមារកំណាច
—និងទាសករផ្លូវអារម្មណ៍ ដែលធ្វើឱ្យយើងខ្វាក់ភ្នែក មើលមិនឃើញសេចក្តីល្អ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គទតមើលប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះហឫទ័យស្រឡាញ់។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំឲ្យលះបង់ចោលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រព្រឹត្តអំពើល្អចំពោះអ្នកដទៃ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។