១៩ កុម្ភៈ ២០២៦

Written on 30/12/2025
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យរោយផេះ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤៣,១-១១

ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ

ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឱ្យ​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​វិន័យ​ទេ
គឺសុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​វិញ (កាឡ ២,១៦)។

បន្ទរទី១ ៖ ឱ​ព្រះអម្ចាស់​អើយ ! សូម​សម្ដែង​ឲ្យ​ទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម។

ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យអធិស្ឋាន​របស់​ទូលបង្គំផង
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យទទូច​អង្វរ​របស់​ទូល‌បង្គំ!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ ដោយ​ព្រះ‌ហឫទ័យសុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

សូម​កុំ​យក​ទូល‌បង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទៅ​កាត់​ក្តី​ឡើយ
ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ទេ។

ខ្មាំង​សត្រូវ​តាម​យាយី​ទូល‌បង្គំ គេ​ជាន់​ឈ្លីជីវិត​ទូល‌បង្គំ
គេ​យក​ទូល‌បង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត
ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

ទូល‌បង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូល‌បង្គំ​ទាល់​គំនិត។

ទូល‌បង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

ទូល‌បង្គំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំជា​ប្រញាប់
ដ្បិត​ទូល‌បង្គំពុំអាច​ទ្រាំ​ត​ទៅ​ទៀត​ទេ!
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំឡើយ
ដ្បិត​ទូល‌បង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។

សូម​សម្ដែង​ឱ្យ​ទូល‌បង្គំ​ស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម
ដ្បិត​ទូល‌បង្គំផ្ញើជីវិត​លើ​ព្រះ‌អង្គ​ហើយ។
សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំស្គាល់​ផ្លូវដែល​ទូល‌បង្គំត្រូវ​ដើរ
ដ្បិត​ទូល‌បង្គំផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទូល‌បង្គំមក​ជ្រក​កោន​នៅ​ក្បែរ​ព្រះ‌អង្គ។
១០
សូម​បង្រៀន​ទូល‌បង្គំឱ្យ​ធ្វើតាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គដឹក​នាំទូល‌បង្គំ ឱ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
១១
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ភាព​អាសន្ន
ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ ! សូម​សម្ដែង​ឲ្យ​ទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦៦,១០-១៤ក)

អំណរសប្បាយនៃស្ថានបរមសុខ

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី២ ៖ យើង​នឹង​ឲ្យ​សេចក្ដីសុខសាន្តហូរ​មក​ក្រុង​យេរូសាឡឹម ដូច​ទឹក​ទន្លេ។

(បទកាកគតិ)

១០- ឱអ្នកទាំងអស់ ដែលស្រឡាញ់ស្មោះ យេរូសាឡឹម
  ចូរអរសប្បាយ ទាំងក្តីសង្ឃឹម គ្រប់គ្នាញញឹម
    កុំបីសៅហ្មង
  អស់អ្នកកាន់ទុក្ខ អាណិតមុខជ្រប់ ដល់ក្រុងនេះផង
  ចូរអរសប្បាយ រីករាយវិញម្តង រួមជាមួយក្រុង
    សាឡឹមនេះដែរ
១១- សូមគ្រប់កាយា ស្កប់ក្នុងចិន្តា បានសុខល្ហើយល្ហែ
  ដូចកូនដែលម្តាយ បីបមថ្នមថែ បំបៅនៅក្បែរ
    គ្មានពេលឃ្លាឃ្លាត
  អ្នករាល់គ្នានឹង បានសុខថ្កុំថ្កើង ឥតបីរវាត
  រុងរឿងសិរី ដោយក្រុងនេះទៀត អស់ទាំងមិត្តញាតិ
    បានសុខគ្រប់គ្រា
១២- ដ្បិតព្រះអម្ចាស់ មានបន្ទូលច្បាស់ ថានឹងបង្ហៀរ
  សេចក្តីសុខសាន្ត លើក្រុងអ្នកជា ដូចទន្លេហៀរ
    ទឹកធ្លាក់មិនដាច់
  យើងនឹងបង្ហូរ ធនធានបរិបូណ៌ មកឯងឥតភ្លេច
  របស់ជនជាតិ ដទៃជាស្រេច ឥតមានកែគេច
    ដូចទឹកលិចច្រាំង
  យើងនឹងថ្នមថ្នាក់ ទៅដល់អស់អ្នក ដូចម្តាយទូទាំង
  បីបមថ្នមកូន បំបៅគ្របបាំង ក្រសោបព្រមទាំង
    លើកដាក់លើភ្លៅ
១៣- ម្តាយតែងថ្នាក់ថ្នម កូនដោយបីបម មិនឱ្យអាស្រូវ
  ដូចយើងថ្នមថ្នាក់ អ្នកឱ្យស្ថិតនៅ ក្នុងក្រុងតទៅ
    លែងមានព្រាត់ប្រាស
១៤- កាលណាឃើញក្រុង យេរូសាឡឹម សុខសាន្តដូច្នេះ
  អ្នករាល់គ្នានឹង សប្បាយពេកណាស់ សាច់ឈាមថ្លាស្រស់
    ដូចស្មៅខៀវខ្ចី
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ យើង​នឹង​ឲ្យ​សេចក្ដីសុខសាន្តហូរ​មក​ក្រុង​យេរូសាឡឹម ដូច​ទឹក​ទន្លេ។

ទំនុកតម្កើងលេខ ១៤៧,១-១១

ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់អាចសម្រេចគ្រប់កិច្ចការទាំងអស់

ព្រះអង្គជាព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះអង្គ!
ព្រះអង្គជាព្រះអម្ចាស់ យើងខ្ញុំសូមអបអរសាទរព្រះអង្គ!

បន្ទរទី៣ ៖ សរសើរ​តម្កើង​ព្រះអង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

អាលេលូយ៉ា! ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែលដែល​ខ្ចាត់‌ខ្ចាយ​ឱ្យ​ត្រឡប់​មក​វិញ។

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រាឱ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំរបួស​ឱ្យ​គេ។

ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន
ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​ទាំង​នោះ។

ព្រះ​របស់​យើង​ធំ​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។

ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ
តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!

ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះ‌អង្គ​រៀប‌ចំ​ឱ្យ​មានភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី
ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយរបស់​មនុស្ស​ដែរ
១១
តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សរសើរ​តម្កើង​ព្រះអង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ពង្ស ៨,៥១-៥៣ក)

ពួក​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ គឺ​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។ សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ញែក​យើង​ខ្ញុំ​ពីក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់នៅ​លើ​ផែន‌ដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។

បន្ទរ៖ ព្រះ‌អម្ចាស់​នឹងរំដោះ​ទូលបង្គំ*ឲ្យ​រួច​ផុត​ពី​អន្ទាក់។ បន្ទរឡើងវិញ៖…
-ដែល​គេ​ដាក់​ចាំ​ចាប់​ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ។

ពាក្យអង្វរសកល

ព្រះជាម្ចាស់បានបង្ហាញព្រះអង្គនៅក្នុងអង្គព្រះគ្រីស្ត ចូរយើងកោតសរសើរសេចក្តីសប្បុរសរបស់ព្រះអង្គ ហើយទូលសូមព្រះអង្គចេញពីដួងចិត្តយើងខ្ញុំថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គនឹកចាំដល់យើងខ្ញុំដែលជាបុត្រធីតារបស់ព្រះអង្គផង។

សូមព្រះអង្គបង្រៀនយើងខ្ញុំ ឱ្យចូលកាន់តែជ្រៅទៅក្នុងការអាថ៌កំបាំងនៃព្រះសហគមន៍
—ដើម្បីឱ្យអគ្គសញ្ញានៃការសង្រ្គោះ កាន់តែមានប្រសិទ្ធិភាពសម្រាប់យើងខ្ញុំ និងពិភពលោក។ (បន្ទរ)

ឱព្រះដែលស្រឡាញ់មនុស្សលោក ! សូមព្រះអង្គជម្រុញឱ្យយើងខ្ញុំធ្វើកិច្ចការសម្រាប់វឌ្ឍនភាពរបស់មនុស្ស
—សូមឱ្យគ្រប់កិច្ចការដែលយើងខ្ញុំធ្វើ ជួយឱ្យព្រះរាជ្យរបស់ព្រះអង្គកាន់តែរីករាលដាលឡើងផង។ (បន្ទរ)

សូមឱ្យដួងចិត្តរបស់យើងខ្ញុំស្រេកឃ្លានព្រះគ្រីស្ត
—ដែលជាប្រភពទឹកនៃជីវិត។ (បន្ទរ)

សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំ
—ហើយសូមដឹកនាំជំហានយើងខ្ញុំឆ្ពោះទៅកាន់ផ្លូវនៃភាពយុត្តិធម៌ និងស្មោះត្រង់ផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ហើយប្រណីសន្តោសដល់យើងខ្ញុំក្នុងពេលបំពេញកិច្ចការនានា ព្រមទាំងជួយយើងខ្ញុំឲ្យសម្រេចកិច្ចការទាំងនោះ តាមព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។