០៣ កុម្ភៈ ២០២៦

Written on 22/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០១

ការទទួលសារភាពរបស់អ្នកគ្រប់គ្រងល្អ

“ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ” (យហ ១៤,១៥)។

បន្ទរទី១ ៖ ព្រះ‌អម្ចាស់​អើយ ! ទូល‌បង្គំនឹង​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។

បពិត្រព្រះអម្ចាស់!
ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌របស់ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំនឹង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។

ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គយាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំនឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំដោយ​កាន់​ចិត្ត​ទៀង​ត្រង់។

ទូល‌បង្គំមិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយារបស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំមិន​ចង់​ជាប់​ពាក់‌ព័ន្ធនឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។

ទូល‌បង្គំមិន​ទុក​ឱ្យ​មនុស្សដែល​មាន​ចិត្ត​វៀច‌វេរចូល​ជិត​ទូល‌បង្គំឡើយ
ហើយ​ទូល‌បង្គំក៏​មិន​ទាក់‌ទង​នឹង​អ្វីៗដែល​អាក្រក់​ដែរ។

ទូល‌បង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នកដែល​វាយ‌ឫក​ខ្ពស់
ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

ទូល‌បង្គំនឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្តស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឱ្យ​គេ​ធ្វើជា​ជំនិត​របស់​ទូល‌បង្គំ។

រីឯ​មនុស្ស​បោក​ប្រាស់​វិញ
ទូល‌បង្គំមិន​អនុញ្ញាតឱ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ឡើយ
ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំបាន​ដែរ។

រាល់​ព្រឹក ទូល‌បង្គំបំបិទ​មាត់​មនុស្ស​អាក្រក់ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំដក​ពួក​ទុច្ចរិតចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ! ទូល‌បង្គំនឹង​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ទូល‌បង្គំនឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,២៦-២៧.២៩.៣៤-៤១)

ពាក្យ​អង្វរ​របស់​លោក​អសា‌រីយ៉ានៅក្នុងឡភ្លើង

សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឱ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន (កក ៣,១៩)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់​អើយ ! ទូល‌បង្គំដឹង​ថា​ ព្រះអង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំ ឥត​ឈប់​សោះឡើយ។

(បទពាក្យ ៧)

២៦- ព្រះអម្ចាស់ជាព្រះរបស់ បុព្វបុរសនៃយើងខ្ញុំ  
  យើងសូមតម្កើងទាំងប្រណម្យ ព្រះនាមព្រះអង្គតរៀងទៅ
២៧- ដ្បិតព្រះអង្គទ្រង់បានប្រព្រឹត្ត លើយើងខ្ញុំពិតមិនអាស្រូវ  
  ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ ធ្លាប់វិនិច្ឆ័យក្តីយុត្តិធម៌
២៩- អំពើបាបច្រើនខ្ញុំប្រព្រឹត្ត មិនប្រណិប័តន៍តាមផ្លូវល្អ  
  ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ យើងនៅបន្តខុសគ្រប់យ៉ាង
៣៤- ឱព្រះអម្ចាស់សូមកុំចោល ឱ្យយើងតែលតោលគ្មានទីអាង  
  សម្ពន្ធមេត្រីថ្មីស្រឡាង គឺជាភស្តុតាងមិនបាត់បង់
៣៥- សូមកុំដកយកក្តីមេត្តា នឹកទៅដល់គ្រាដែលកន្លង  
  នឹកដល់លោកអប្រាហាំផង មិនដែលសៅហ្មងសម្លាញ់ស្និទ្ធ
  នឹកដល់អ៊ីសាកជាបម្រើ អ៊ីស្រាអែលដើរតាមប្រកិត  
  ទៅណាមកណាជាប់នែបនិត្យ ដូចបងប្អូនឥតដែលមានខ្ចោះ
៣៦- ពីដើមព្រះអង្គបានសន្យា ដោយបន្ទូលថាទ្រង់នឹងប្រោស  
  ឱ្យអ្នកទាំងបីមានកូនប្រុស កូនស្រីចម្រុះឥតគណនា
  ច្រើនពេកអនេករាប់ពុំបាន ដូចផ្កាយដែលមានលើមេឃា  
  ដូចគ្រាប់ខ្សាច់តាមឆ្នេរជលសា សមុទ្រនានាច្រើនក្រៃក្រាស់
៣៧- បពិត្រព្រះអម្ចាស់ថ្លៃអើយ ថ្ងៃនេះឯងហើយយើងព្រួយណាស់  
  ធ្លាក់ខ្លួនមកជាពូជអាម៉ាស់ ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត
  ទៅជាជនជាតិតូចជាងគេ ទុក្ខធំឡើងទ្វេសែនស្រយុត  
  ឥឡូវទន់ទាបស្ទើររលត់ មកពីយើងល្ងិតល្ងង់សាងបាប
៣៨- ពេលនេះយើងខ្សត់អត់ទាំងអស់ ជីវិតក្រៀមក្រោះប្រៀបដូចស្លាប់  
  គ្មានស្តេចមន្ត្រីសែនអភ័ព្វ ព្យាការីគាប់ក៏មិនមាន
  យើងមិនអាចថ្វាយយញ្ញបូជា ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន  
  ទាំងគ្រឿងក្រអូបម្សៅភុំផាន ផលផ្លែមិនបានយកមកថ្វាយ
៣៩- សូមព្រះអង្គជួយទទួលយក ទុក្ខព្រួយសោយសោកផងទាំងឡាយ  
  និងចិត្តសុភាពរាបស្រស់ស្រាយ ទុកជាតង្វាយគាប់ព្រះទ័យ
៤០- គឺតង្វាយដុតទាំងមូលមាន កូនចៀមរាប់ពាន់ធាត់ពេកក្រៃ  
  ពពែគោឈ្មោលនៅក្នុងព្រៃ យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ
  សូមឱ្យយើងខ្ញុំអាចដើរតាម មាគ៌ាដានស្នាមដ៏វិសេស  
  របស់ព្រះអង្គមិនប្រហែស អ្នកសង្ឃឹមព្រះមិនខកចិត្ត
៤១- ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ ប្រព្រឹត្តឱ្យបានគ្មានរខិត  
  គន្លងព្រះអង្គធម៌ប្រណីត កោតខ្លាចដាក់ចិត្តស្គាល់ព្រះភក្ត្រ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ ! ទូល‌បង្គំដឹង​ថា​ ព្រះអង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំ ឥត​ឈប់​សោះឡើយ។

ទំនុកតម្កើងលេខ ១៤៤

ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព

ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឱ្យខ្ញុំ (ភីល ៤,១៣)។

បន្ទរទី៣ ៖ បពិត្រព្រះជាម្ចាស់ ! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ។

សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្ហាត់ខ្ញុំអំពីការតយុទ្ធ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។

ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ
ព្រះអង្គជាកំពែងការពារខ្ញុំ
ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានា មកក្រោមអំណាចរបស់ខ្ញុំ

ឱព្រះអម្ចាស់អើយ! តើមនុស្សជាអ្វី
បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?

មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។

ឱព្រះអម្ចាស់អើយ! សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក!
សូមពាល់ភ្នំឱ្យមានផ្សែងហុយឡើង។

សូមធ្វើឱ្យផ្លេកបន្ទោរកម្ចាត់កម្ចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។

សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ
សូមស្រង់ទូលបង្គំឱ្យរួចផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។

ពួកគេមិនដែលនិយាយសេចក្តីពិតទេ
ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។

បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំនឹងលេងឃឹមថ្វាយព្រះអង្គផង។
១០
ព្រះអង្គប្រទានឱ្យស្តេចនានាមានជ័យជម្នះ
ព្រះអង្គសង្គ្រោះព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យរួចពីការស្លាប់ដោយមុខដាវ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះជាម្ចាស់ ! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,១)

ចូរនាំគ្នាមករកទឹកឯណេះ ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោ ដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង! *ទូល‌បង្គំទន្ទឹងរង់‌ចាំព្រះ‌អង្គមានព្រះ‌បន្ទូល។ បន្ទរឡើងវិញ៖…
-ទូល‌បង្គំស្រែកអង្វរព្រះ‌អង្គ តាំងពីមុនថ្ងៃរះទៅទៀត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះអម្ចាស់បានសង្គ្រោះយើង ឱ្យរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។

ពាក្យអង្វរសកល

ព្រះជាម្ចាស់បានប្រទាននូវអំណរសប្បាយដល់យើងខ្ញុំ ដើម្បីលើក​តម្កើងព្រះអង្គនៅពេលព្រឹកនេះ ហើយដែលពង្រឹងសេចក្តីសង្ឃឹមរបស់យើង​ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើង​ខ្ញុំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង។

យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះយេស៊ូ ជាព្រះសង្គ្រោះនៃយើង
—សម្រាប់ចំណេះដឹង និងជីវិតអមតៈ ដែលព្រះអង្គបានប្រទានមកឱ្យយើង តាមរយៈព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តសុភាពរាបសារ
—សូមជួយយើងខ្ញុំឱ្យចេះបម្រើគ្នាទៅវិញទៅមក ដោយសេចក្តីគោរពចំពោះព្រះគ្រីស្តផង។ (បន្ទរ)

សូមព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គមកលើយើងខ្ញុំ ដែលជាអ្នកបម្រើព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាទៅវិញទៅមក ដោយ​ចិត្តស្មោះ និងសប្បុរសផង។ (បន្ទរ)

ព្រះអង្គបានបង្រៀនមនុស្សឱ្យចេះធ្វើការ និងឱ្យមានអំណាចគ្រប់គ្រងលើផែនដី
—សូមឱ្យកិច្ចការរបស់យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងឱ្យបងប្អូនយើងខ្ញុំបានវិសុទ្ធផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសឱ្យជំនឿដែលព្រះអង្គបានប្រទានមកយើងខ្ញុំ កាន់តែរីកចម្រើនឡើង ដើម្បីឱ្យយើងខ្ញុំសាកសមទទួលការសង្រ្គោះ ក្នុងព្រះរាជ្យរបស់ព្រះអង្គ។ យើងខ្ញុំសូមថ្វាយពាក្យសរសើរតម្កើងទៅព្រះអង្គ នៅពេលចាប់ផ្តើមថ្ងៃថ្មីនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។