០៧ មករា ២០២៦

Written on 22/10/2026
Mary Siya Khim

ថ្ងៃពុធ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរនាំគ្នាមក យើងលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះគ្រីស្តបានលេចចេញជារូបរាងហើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ៥។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៧៧

ការរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់

គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វីឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច (២ករ ៤,៨)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះ‌អង្គ​ឡើយ។

ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ

នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ
ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ

ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។

បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់
ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។

ទូលបង្គំរំពឹងគិតអំពីអតីតកាល
គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ

ទូលបង្គំរិះគិតដដែលៗពេញមួយយប់
ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា

តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?
តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?

តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?
តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
១០
តើព្រះជាម្ចាស់ភ្លេចសម្តែង
ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ?
តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ?
១១
ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ
មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
១២
បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ
ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
១៣
ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
១៤
បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ
គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។
១៥
មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។
១៦
ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។
១៧
បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ!
ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល
សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
១៨
មានភ្លៀងបង្អុរចុះពីលើមេឃ
ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ
រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
១៩
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក
ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។
២០
ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ
គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។
២១
ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ
ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះ​ឯណា​ទៀត ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះអង្គ​ឡើយ។

បទលើកតម្កើងតាមគម្ពីរព្យាការីសាមូអែលទី១ (១សម ២,១-១០)

ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់

ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។
ព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មានឱ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ (លក ១,៥២-៥៣)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អង្គបន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។

(បទកាកគតិ)

ព្រះម្ចាស់ប្រទាន ចិត្តខ្ញុំឱ្យមាន អំណរសប្បាយ  
  ព្រោះព្រះអង្គលើក ខ្ញុំខ្ពស់ពេកក្រៃ ខ្ញុំអាចនិយាយ  
    តទល់ពួកខ្មាំង  
គ្មានព្រះអង្គណា វិសុទ្ធអស្ចារ្យ ដូចជាព្រះអង្គ  
  ឥតមានព្រះណា ប្រសើរដូចទ្រង់ ជាថ្មជួយបាំង  
    ដូចព្រះយើងទេ  
កុំអួតបំប៉ោង ពោលពាក្យកាចកោង ព្រហើនដៀលជេរ  
  ដ្បិតព្រះជាម្ចាស់ ថ្លឹងថ្លែងរិះរេ វិនិច្ឆ័យឥតប្រែ  
    តាមអំពើមនុស្ស  
អ្នកខ្លាំងពូកែ ព្រះអង្គបំបែរ បំបាក់ទាំងអស់  
  បំផ្លាញទាំងធ្នូ តែទ្រង់សន្តោស ប្រទានដល់មនុស្ស  
    កម្លាំងទន់ខ្សោយ  
ពួកអ្នកដែលមាន អាហារគ្រប់គ្រាន់ ឥឡូវគេធ្លោយ  
  ធ្លាក់ខ្លួនវេទនា ខ្វះខាតមុខក្រោយ គ្មានអ្វីនឹងឱ្យ  
    ចម្អែតក្រពះ  
  ឯអ្នកធ្លាប់ឃ្លាន បែរទៅជាមាន អាហារមិនខ្វះ  
  គេបរិភោគឆ្អែត បរិបូណ៌ពេញពាស មានច្រើនដេរដាស  
    លែងមុខស្រពោន  
  មិនតែប៉ុណ្ណោះ ព្រះអង្គសន្តោស ស្រីអារគ្មានកូន  
  មិនឱ្យដាច់ពូជ វិនាសសាបសូន្យ អាចសម្រាលកូន  
    បានប្រាំពីរដង  
ជីវិតនៃមនុស្ស ត្រូវស្លាប់ឬរស់ ស្រេចលើព្រះអង្គ  
  គេត្រូវធ្លាក់ទៅ ស្ថានមនុស្សស្លាប់ផង ឬក៏បានឡើង  
    ស្រេចទ្រង់ចាត់ចែង  
មនុស្សមានក្រ អាក្រក់ឬល្អ មិនមែនខ្លួនឯង  
  ព្រះម្ចាស់បន្ទាប ឬក៏លើកឡើង ព្រះអង្គចាត់ចែង  
    តាមព្រះហឫទ័យ  
ទ្រង់លើកមនុស្ស ទុគ៌តស្រីប្រុស ពីធូលីដី  
  ដកអ្នកកំសត់ វេទនាក្រក្រី នោះគឺដើម្បី  
    ឱ្យស្មើអ្នកធំ  
  ឱ្យបានគ្រងរាជ្យ ពេញដោយអំណាច រុងរឿងឧត្តម  
  ដ្បិតព្រះអម្ចាស់ តាំងគ្រឹះរឹងមាំ ផែនដីដ៏ធំ  
    មិនរលំឡើយ  
ព្រះអង្គមើលថែ ជីវិតពួកគេ ផុតទុក្ខល្ហែល្ហើយ  
  គឺអ្នកស្មោះត្រង់ ព្រះអង្គនោះហើយ ទ្រង់មិនកន្តើយ  
    ថ្នាក់ថ្នមបមបី  
  ឯមនុស្សអាក្រក់ ចិត្តខ្មៅកខ្វក់ ទុយ៌សអប្រីយ៍  
  គេនឹងវិនាស ក្នុងពេលដ៏ខ្លី ដ្បិតមនុស្សគ្មានជ័យ  
    ដោយកម្លាំងទេ  
១០ ព្រះអង្គបញ្ចោញ រន្ទះដេញបាញ់ ទៅលើពួកគេ  
  ព្រះម្ចាស់វិនិច្ឆ័យ ទោសផែនដីដែរ ទ្រង់គ្រប់គ្រងថែ  
    មិនប្រែទាល់សោះ  
  ព្រះអង្គប្រទាន អានុភាពឱ្យមាន ដល់ក្សត្រអង្គនោះ  
  ប្រទានអំណាច ចេស្តាទាំងអស់ ដែលទ្រង់ថ្កើងយស  
    ចាក់ប្រេងអភិសេក  
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា  
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង  
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ​មាន​ចិត្តត្រេក‌អរ​សប្បាយ​យ៉ាងខ្លាំង ព្រះ‌អង្គបន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។

ទំនុកតម្កើងលេខ ៩៧

សីរីរុងរឿងរបស់ព្រះអម្ចាស់ ជះពន្លឺមកលើពិភពលោក

នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឱ្យផែនដី​បាន​រីក‌រាយ​ឡើង!

ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង!
ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ!

មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។

មានភ្លើងឆេះនៅខាងមុខព្រះអង្គ
បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។

ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។

ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។

ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។

អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស!
ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។

បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ
អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ

បពិត្រព្រះអម្ចាស់!
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។
១០
អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
១១
មានពន្លឺបំភ្លឺមនុស្សសុចរិត
មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។
១២
មនុស្សសុចរិតអើយ!
ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត !
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌អម្ចាស់​គ្រង​រាជ្យ ! ចូរ​ឱ្យផែនដី​បាន​រីក‌រាយ​ឡើង !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៩,៨-១០)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់‌ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជាជន។ យើង​នឹង​ស្តារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ‌បង់​ចោលឲ្យ​ប្រជាជន ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ​តាម​វាល​ស្មៅនៅ​លើ​កំពូល​ភ្នំ។ ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫ‌ទ័យមេត្តា​ករុណា​ចំពោះ​គេ ព្រះ‌អង្គ​នាំ​ផ្លូវ​គេ ព្រះ‌អង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។

បន្ទរ៖ ស្តេចទាំងប៉ុន្មាននៅលើផែនដី *នឹងលុតជង្គង់ក្រាបថ្វាយបង្គំព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
—ហើយនឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ទាំងបុរស និងស្រ្តី នាំគ្នាគោរពបម្រើព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំព្រះ‌អង្គ។

ពាក្យអង្វរសកល

ដល់ពេលកំណត់ ដែលព្រះបន្ទូលគង់នៅអស់កល្បជានិច្ច បានយាងចេញពីព្រះបិតា។ ព្រះអង្គជាព្រះបុត្រាដែលប្រសូតមកសម្រាប់យើង។ ចូរយើងបន្លឺសម្លេងឡើងដោយអំណរសប្បាយ ទៅកាន់ព្រះអង្គថា ៖

បន្ទរ៖ យើងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ !

ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! ព្រះអង្គស្ថិតនៅមុនពិភពលោកបានបង្កើតមកម៉្លេះ ហើយព្រះអង្គបានយាងមកផែនដី ដើម្បីសង្រ្គោះមនុស្សទាំងអស់
—សូមឱ្យយើងខ្ញុំធ្វើជាសាក្សីនៃដំណឹងល្អរបស់ព្រះអង្គផង។ (បន្ទរ)

ឱព្រះអាទិត្យនៃយុត្តិធម៌ ! ព្រះអង្គជាពន្លឺហូរចេញពីព្រះបិតា និងបំភ្លឺពិភពលោកទាំងមូល
—សូមព្រះអង្គធ្វើជាពន្លឺបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ផង។ (បន្ទរ)

ព្រះអង្គក្លាយទៅជាក្មេងដ៏តូចមួយ ហើយផ្តេកខ្លួននៅក្នុងស្នូកសត្វ
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានភាពសាមញ្ញ ដូចជាកូនក្មេងតូចៗនោះផង។ (បន្ទរ)

ព្រះអង្គក្លាយជានំប៉័ងដ៏មានព្រះជន្មរស់នៃជីវិតអស់កល្បជានិច្ច សម្រាប់ជាប្រយោជន៍ដល់យើងខ្ញុំ
—សូមបំពេញយើងខ្ញុំនូវអំណរសប្បាយ តាមរយៈអគ្គសញ្ញានៃតុសក្ការបូជារបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ និងមានព្រះហឫទ័យមេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំបានស្គាល់ព្រះអង្គ ហើយសូមឲ្យប្រជាជាតិនានានៅលើផែនដី បានប្រកបដោយសេចក្តីសុខសាន្ត។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។