០៦ មករា ២០២៦

Written on 23/10/2026
Mary Siya Khim

ថ្ងៃអង្គារ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរនាំគ្នាមក យើងលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះគ្រីស្តបានលេចចេញជារូបរាងហើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤៣

ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ

ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព‌លោក​នេះ ដើម្បី​កុំ​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដីងងឹត (យហ ១២,៤៦)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។

ឱព្រះជាម្ចាស់អើយ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង !
សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ !
សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។

បពិត្រព្រះជាម្ចាស់នៃទូលបង្គំ ! ព្រះអង្គជាកំពែងការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?

សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ
ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ !

ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ
ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។
ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ !
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ !

ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)

ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ

យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ ( វវ ១,១៨)។

បន្ទរទី២ ៖ ឱព្រះ‌អម្ចាស់អើយ! សូមយាងមកសង្គ្រោះយើងខ្ញុំជារៀង‌រាល់ថ្ងៃ អស់មួយជីវិតរបស់យើងខ្ញុំផង។

(បទកាកគតិ)

១០- ខ្ញុំនឹកគិតថា នឹងមានវាសនា រស់ពាក់កណ្តាល  
  អាយុនៃមនុស្ស មិនត្រេកត្រអាល នៅស្ថានកណ្តាល  
    ទៅទៀតបានឡើយ  
១១- ខ្ញុំនឹកគិតថា លែងឃើញភក្រ្តា អម្ចាស់ទៀតហើយ  
  លែងឃើញទាំងមុខ លែងទាំងឆ្លងឆ្លើយ មនុស្សម្នាអើយ  
    ខ្ញុំលាក្សិណក្ស័យ  
១២- ជីវិតខ្ញុំត្រូវ ឃ្លាតចាកឆ្ងាយទៅ ផុតអាយុខៃ  
  ដូចជាគង្វាល រើគ្មានសំចៃ ជំរំអាស្រ័យ  
    ស្នាក់នៅពេលមុន  
  ព្រះម្ចាស់ធ្វើឱ្យ ជីវិតខ្ញុំផុយ នាពេលសាយ័ណ្ហ  
  ដូចជាងតម្បាញ ត្បាញចប់គ្រប់គ្រាន់ រូតរះបន្ទាន់  
    មូរក្រណាត់ទុក  
១៣- ខ្ញុំត្រូវវិនាស មុនពេលថ្ងៃរះ នៅមិនស្រណុក  
  ឈឺពេញទាំងកាយ រស់ដូចទូលទុក្ខ ដូចសិង្ហសម្រុក  
    ចាប់ជាចំណី  
  ឱព្រះម្ចាស់អើយ ចាប់ពីថ្ងៃហើយ លុះដល់រាត្រី  
  ព្រះអង្គធ្វើឱ្យ ជីវិតខ្ញុំក្ស័យ ដេកនៅក្នុងដី  
    ជារៀងដរាប  
១៤- ខ្ញុំស្រែកខ្ញុំយំ ដូចត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប  
  ភ្នែកខ្ញុំស្រវាំង មើលមិនឃើញទៀត សូមព្រះម្ចាស់ឆ្លៀត  
    ជួយផងព្រះអើយ  
១៧- ឥឡូវទ្រង់ប្រោស ឱ្យខ្ញុំជាសះ ព្រោះទ្រង់អាណិត  
  ប្រទានឱ្យខ្ញុំ រស់មានជីវិត ទុក្ខព្រួយខ្ញុំបាត់  
    សែនអរព្រឺព្រួច  
  ទ្រង់សព្វព្រះទ័យ ករុណាប្រណី រំដោះខ្ញុំរួច  
  ពីដៃមច្ចុរាជ អំពើបាបខូច ខ្ញុំសែនព្រឺព្រួច  
    រួចផុតល្ហែល្ហើយ  
១៨- មនុស្សស្លាប់អស់ជន្ម មិនអាចអរគុណ ព្រះអង្គបានឡើយ  
  រួមទាំងមច្ចុរាជ ទៀតផងក៏ដោយ គ្មានសង្ឃឹមឡើយ  
    ពឹងលើព្រះអង្គ  
១៩- មានតែមនុស្ស មានជីវិតរស់ ស្ថិតស្ថេរគង់វង្ស  
  ទើបគេអាចលើក តម្កើងព្រះអង្គ ប្រាប់តកូនផង  
    ពីព្រះទ័យស្មោះ  
២០- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ មេត្តាសង្គ្រោះ  
  យើងខ្ញុំមិនភ្លេច ដំណាក់របស់ ព្រះជាអម្ចាស់  
    លេងភ្លេងរាំថ្វាយ  
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា  
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង  
    ដែលគង់ជានិច្ច

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ! សូមយាងមកសង្គ្រោះយើងខ្ញុំជារៀង‌រាល់ថ្ងៃ អស់មួយជីវិតរបស់យើងខ្ញុំផង។

ទំនុកតម្កើងលេខ ៦៥

ពាក្យអរព្រះគុណយ៉ាងឱឡារិក

ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។

បន្ទរទី៣ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។

បពិត្រព្រះជាម្ចាស់!
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន
យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។

ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច
មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។

កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់
ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។

អ្នកដែលព្រះអង្គជ្រើសរើសមានសុភមង្គលហើយ
គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ
នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។

បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ!
ព្រះអង្គប្រកបដោយសេចក្តីសុចរិត
ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច
ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។

ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។

ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង
ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។

អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច
ស្រែកដោយអំណរសប្បាយដ៏លើសលប់។
១០
ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី
ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ
១១
គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ
ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ
ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។
១២
នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។
១៣
រីឯនៅវាលរហោស្ថាន មានស្មៅដុះឡើងយ៉ាងបរិបូណ៌
នៅតាមភ្នំនានាក៏ពោរពេញទៅដោយអំណរដែរ។
១៤
វាលស្មៅពោរពេញទៅដោយហ្វូងសត្វ
ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២-៣)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។ ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

បន្ទរ៖ ស្តេចទាំងប៉ុន្មាននៅលើផែនដី *នឹងលុតជង្គង់ក្រាបថ្វាយបង្គំព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
—ហើយនឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ទាំងបុរស និងស្រ្តី នាំគ្នាគោរពបម្រើព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ពួកហោរាចារ្យបានយកដង្វាយជា មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងរីករាយសប្បាយក្នុងធម៌មេត្តារបស់ព្រះគ្រីស្ត ដែលបានយាងមករំដោះមនុស្សលោកឱ្យរួចពីទាសភាពនៃអំពើពុករលួយ និងប្រទានឱ្យយើងខ្ញុំមានសេរីភាពធ្វើជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយជឿជាក់លើធម៌មេត្តារបស់ព្រះជាម្ចាស់ យើងខ្ញុំហ៊ានទូលថា ៖

បន្ទរ៖ ដោយព្រះអង្គចាប់កំណើតជាមនុស្ស សូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច !

បពិត្រព្រះអម្ចាស់! ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក មុនកាលសម័យទាំងអស់ ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យចូលក្នុងជីវិតថ្មី
—សូមព្រះអង្គបន្តពង្រឹងជំនឿរបស់យើងខ្ញុំលើការប្រសូតមកជាមនុស្សរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានយកសភាពជាមនុស្សយ៉ាងអស្ចារ្យ ដោយមិនលះបង់ទេវភាពរបស់ព្រះអង្គ
—សូមប្រោសប្រទានឱ្យការរស់នៅរបស់យើងខ្ញុំអាចចូលរួមក្នុងទេវភាពរបស់ព្រះអង្គយ៉ាងពេញលេញផង។ (បន្ទរ)

ព្រះអង្គបានយាងមកធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ និងជាព្រះបរមគ្រូនៃភាពដ៏វិសុទ្ធ
—សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គធ្វើជាពន្លឺបំភ្លឺផ្លូវយើងខ្ញុំផង។ (បន្ទរ)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើរូបកាយនៅក្នុងផ្ទៃព្រះនាងព្រហ្មចារិនីម៉ារី ហើយព្រះអង្គបានយាងចូលក្នុងពិភពលោកនេះ
—ដោយសារជំនឿ សូមព្រះអង្គគង់នៅក្នុងដួងចិត្តរបស់យើងខ្ញុំជានិច្ចផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ! ព្រះបុត្រាចាប់កំណើតជាមនុស្ស ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំកែប្រែចិត្តគំនិត និងប្រព្រឹត្តរាល់កិច្ចការ ដើម្បីគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។