០៣ មករា ២០២៦

Written on 26/10/2026
Mary Siya Khim

ចាប់ពីថ្ងៃទី២ មករា ដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

រដូវបុណ្យព្រះយេស៊ូប្រសូត

(ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង! ចូរនាំគ្នាមក យើងលើកតម្កើងព្រះអង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀត។

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

(បទពាក្យ ៧)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ?
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ អាលេលូយ៉ា!

ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៩,៥-៦)

ដ្បិត​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ប្រសូត​មកសម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គមក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​ម្ចាស់​នៃ​សេចក្ដីសុខ‌សាន្ត” ។ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់ព្រះ‌បាទ​ដាវីឌ និង​នគរ​របស់​ព្រះ‌អង្គមាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌មក​ពង្រឹង​នគរ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​គង់‌វង្សចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែងត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់យ៉ាង​ខ្លាំង​ចំពោះ​យើង។

បន្ទរ៖ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ *អាលេលូយ៉ា! អាលេលូយ៉ា! បន្ទរឡើងវិញ៖…
-ដោយព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ គឺព្រះអង្គហ្នឹងហើយ ដែលមានចែងទុកក្នុងគម្ពីរថា ៖ ព្រះគ្រីស្តនឹងប្រសូតនៅអ៊ីស្រាអែល ហើយព្រះរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេររហូតតទៅ។

ពាក្យអង្វរសកល

នៅចុងបំផុតនៃផែនដីបានឃើញព្រះយេស៊ូគ្រីស្ត ដែលជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ចូរយើងកោតសរសើរព្រះអង្គ ហើយស្រែកឡើងដោយអំណរសប្បាយថា ៖

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត !

ឱព្រះសង្រ្គោះនៃមនុស្សលោក ! ព្រះអង្គបានយាងមករំលំជញ្ជាំងដែលខណ្ឌចែករវាងជនជាតិយូដា និងសាសន៍ដទៃចោល
—ដែលជាឫសគល់នៃការរើសអើង ដោយបានបំផ្លាញមនុស្សជាតិយើងយ៉ាងស៊ីជម្រៅ។ (បន្ទរ)

ដោយព្រះអង្គចាប់កំណើតជាមនុស្ស ព្រះអង្គបានបង្ហាញវត្តមានរបស់ព្រះអង្គក្នុងចំណោមយើង
—សូមបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ព្រះវត្តមានរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងនៅក្នុងខ្លួនមនុស្សម្នាក់ៗផង។ (បន្ទរ)

ព្រះអង្គជាវិវរណៈដ៏ពេញលេញរបស់ព្រះបិតា
—សូមបង្ហាញយើងខ្ញុំអំពីរបៀបដែលយើងខ្ញុំអាចទទួលព្រះបន្ទូលព្រះអង្គ ដោយមានជំនឿ និងប្រព្រឹត្តតាមយ៉ាងទៀងត្រង់ផង។ (បន្ទរ)

ព្រះអង្គជាព្រះជាម្ចាស់ដែលគង់នៅជាមួយយើងខ្ញុំ ព្រះអង្គបំផ្លាស់បំប្រែស្នាព្រះហស្តទាំងប៉ុន្មានយ៉ាងអស្ចារ្យ
—ចូរឱ្យគ្រប់ដង្ហើម គ្រប់ភាសា និងគ្រប់កិច្ចការ នៅទូទាំងសកលលោក បានផ្លាស់ប្រែជាថ្មីឡើង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំមានចក្ខុវិស័យថ្មីនៃសិរីរុងរឿង ដោយព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គយាងមក។ ទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ដើម្បីចែករំលែកជីវិតឱ្យយើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមចំណែកក្នុងជីវិតអស់កល្បជានិច្ច នៃសិរីរុងរឿងរបស់ព្រះរាជ្យព្រះអង្គដែលគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។