១៧ ធ្នូ ២០២៥

Written on 12/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៦

ពាក្យអធិដ្ឋានរបស់មនុស្សកំសត់ទុគ៌តនៅពេលមានទុក្ខព្រួយ

សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខគ្រប់បែបយ៉ាង (២ករ ១,៣-៤)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

១- ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
២-
សូមរក្សាការពារជីវិតទូលបង្គំផង
ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលផ្ញើជីវិតលើព្រះអង្គនេះផង!
៣-
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។
៤-
ឱព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
៥-
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស
និងតែងតែអត់អោនឱ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
៦-
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។
៧-
នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។
៨-
បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
៩-
បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
១០-
ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១-
ឱព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២-
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ
១៣-
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។
១៤-
បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥-
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦-
សូមបែរព្រះភក្រ្តមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ
ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
១៧-
សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស
ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៣,១៣-១៦)

ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​របស់​ព្រះជាម្ចាស់

ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន
និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ (កក ២,៣៩)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

(បទកាកគតិ)

១៣- ឱអ្នកដែលនៅ ស្រុកឆ្ងាយៗត្រូវ នាំគ្នាប្រុងស្តាប់
  អំពីកិច្ចការ ដែលយើងធ្វើស្រាប់ ត្រូវខំត្រងត្រាប់
    ស្តាប់ទាំងអស់គ្នា
  ឯអ្នកដែលនៅ ជិតៗនេះត្រូវ កុំនៅរួញរា
  ត្រូវទទួលស្គាល់ បារមីឫទ្ធា អានុភាពចេស្តា
    យើងខ្លាំងក្លាក្រៃ
១៤- នៅក្រុងស៊ីយ៉ូន មនុស្សបាបញ័រខ្លួន រន្ធត់ភិតភ័យ
  ពួកទមិឡតក់ស្លុត ញ័រអស់ជើងដៃ គេពោលស្រដី
    ពាក្យដូច្នេះថា
  ពួកយើងទាំងអស់ នរណាអាចរស់ ជិតភ្លើងខ្លាំងក្លា
  ឬក្បែរគុកភ្លើង ឆេះខ្លាំងអស្ចារ្យ អស់កល្បយូរយារ
    តទៅជានិច្ច
១៥- មានតែអ្នកបាន ប្រព្រឹត្តតាមដាន មាគ៌ាសុចរិត
  និងអ្នកនិយាយ តែពាក្យដែលពិត ទើបអាចស្ថេរស្ថិត
    កៀកកិតនៅជាប់
  គឺអ្នកមិនធ្វើ ទៅតាមអំពើ ហិង្សាមិនគាប់
  ចង់រកកម្រៃ ប្រវ័ញ្ចគៃកិប មិនទទួលយក
    សំណូកទៀតផង
១៦- មនុស្សបែបនេះ នឹងបាននៅរស់ កន្លែងខ្ពស់ខ្ពង់
  មានថ្មរឹងមាំ ជ្រកកោនទៀតផង អាហារគ្រប់គ្រាន់
    ទាំងទឹកមិនខ្វះ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

ទំនុកតម្កើងលេខ ៩៨

ព្រះអម្ចាស់វិនិច្ឆ័យទោសដោយព្រះហឫទ័យមេត្តាករុណា

នៅក្នុងទំនុកតម្កើងមួយនេះ មានរៀបរាប់អំពីការយាងមកលើកដំបូងរបស់ព្រះអម្ចាស់
ហើយមានមនុស្សគ្រប់ជាតិសាសន៍ នឹងទទួលជឿលើព្រះអង្គ (សន្តអាថាណាស)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

១- ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្តាដ៏វិសុទ្ធរបស់ព្រះអង្គ។
២-
ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានសម្តែងឱ្យប្រជាជាតិនានា
ឃើញសេចក្តីសុចរិតរបស់ព្រះអង្គ។
៣-
ព្រះអង្គនៅតែសម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។
មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី
បានឃើញការសង្គ្រោះនៃព្រះរបស់យើង។
៤-
មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរព្រះអម្ចាស់ដោយអំណរ!
ចូរស្រែកហ៊ោរយ៉ាងសប្បាយ ព្រមទាំងដេញតូរ្យតន្ត្រីផង!
៥-
ចូរដេញពិណថ្វាយព្រះអម្ចាស់ ចូរដេញយ៉ាងពីរោះថ្វាយព្រះអង្គ
៦-
ចូរផ្លុំត្រែ និងផ្លុំស្នែង ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ!។
៧-
សមុទ្រ និងអ្វីដែលមានជីវិតនៅក្នុងសមុទ្រ
ផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
៨-
ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោរព្រមៗគ្នាឡើង
៩-
នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី
ព្រះអង្គនឹងគ្រប់គ្រងផែនដីដោយយុត្តិធម៌
ព្រះអង្គនឹងគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឱ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺឱ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឱ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តីឱ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ចូរជឿខ្ញុំចុះ ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់មក​ជិត​បង្កើយ​ហើយ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា ៖ ព្រះសង្រ្គោះរបស់អ្នកនឹងយាងមក ឥតបង្អង់ឡើយ។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គបានត្រាស់ហៅប្រជារាស្រ្តរបស់ព្រះអង្គឱ្យទទួលការសង្រ្គោះ ដោយពោលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គផង !

ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងសាបព្រោះគ្រាប់ពូជនៃភាព យុត្តិធម៌ក្នុងចំណោមប្រជារាស្រ្តព្រះអង្គ
—សូមព្រះអង្គមេត្តាថែរក្សាការពារភាពដ៏វិសុទ្ធនៃព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបង្រៀនយើងខ្ញុំដែលជាបុរស និងស្រ្តី ឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គ
—ហើយសូមព្រះអង្គជួយដល់អ្នកជឿទាំងអស់ ឱ្យខំព្យាយាមចូលទៅក្នុងភាពដ៏វិសុទ្ធនោះផង។ (បន្ទរ)
 
សូមព្រះអង្គថែរក្សាយើងខ្ញុំក្នុងសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណដ៏វិសុទ្ធ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលនូវធម៌មេត្តានៃព្រះបុត្រាព្រះអង្គ ដែលកំពុងយាងមក។ (បន្ទរ)
 
បពិត្រព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំ រហូតដល់ថ្ងៃចុងក្រោយបំផុត 
—គឺនៅថ្ងៃដែលព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ទ្រង់យាងមក។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលជាព្រះបង្កើតមេឃ និងដីព្រមទាំងលោះមនុស្សលោកឱ្យរួចពីបាប។ ព្រះអង្គប្រទានព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ឱ្យប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យរៀបចំខ្លួនទទួលព្រះបុត្រាដែលកំពុងយាងមក។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។