រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៥
ការសង្គ្រោះ គឺនៅជិតយើងបង្កើយ
ព្រះជាម្ចាស់បានប្រទានពរដល់ទឹកដីរបស់យើង នៅពេលព្រះសង្គ្រោះបានយាងមកផែនដីនេះ (លោកអូរីហ្សេន)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ដ្ររបស់ព្រះអង្គ។
| ២- | បពិត្រព្រះអម្ចាស់! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលជាប់ជាឈ្លើយនោះឱ្យវិលត្រឡប់មកវិញ។ |
| ៣- | ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានអត់ទោសគេឱ្យរួចពីអំពើបាបទាំងប៉ុន្មាន។ |
| ៤- | ព្រះអង្គលែងព្រះពិរោធនឹងយើងខ្ញុំ ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។ |
| ៥- | ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ! សូមប្រោសឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។ |
| ៦- | តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ? |
| ៧- | តើព្រះអង្គមិនយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ? |
| ៨- | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង! |
| ៩- | ខ្ញុំត្រង់ត្រាប់ស្តាប់សេចក្តីដែលព្រះជាអម្ចាស់មានព្រះបន្ទូល ព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្តីសុខសាន្តមកប្រជារាស្ត្រដែលជឿលើព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។ |
| ១០- | ក្នុងពេលឆាប់ៗ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ សិរីរុងរឿងនឹងមកសណ្ធិតនៅលើទឹកដីរបស់យើង។ |
| ១១- | ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី។ |
| ១២- | សេចក្តីពិតនឹងដុះចេញពីដីមក សេចក្តីសុចរិតក៏លេចចេញមកពីផ្ទៃមេឃដែរ។ |
| ១៣- | ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។ |
| ១៤- | សេចក្តីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ដ្ររបស់ព្រះអង្គ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២៦,១-៤.៧-៩.១២)
ទំនុកតម្កើងក្រោយពេលមានជ័យជម្នះលើខ្មាំងសត្រូវ
កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ (វវ ២១,១៤)។
បន្ទរទី២ ៖ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
(បទកាកគតិ)
| ១- | យើងមានក្រុងមួយ | មាំឥតភ័យព្រួយ | ព្រោះព្រះម្ចាស់បាន |
| ប្រទាននូវការ | សង្គ្រោះគ្រប់ប្រាណ | ដូចកំពែងបាន | |
| ការពាររ៉ាប់រង | ។ | ||
| ២- | ចូរយើងបើកទ្វារ | កុំបីរួញរា | កុំឱ្យមានហ្មង |
| ឱ្យប្រជាជាតិ | សុចរិតទាំងពួង | ស្ម័គ្រស្មោះកន្លង | |
| បានចូលមកជិត | ។ | ||
| ៣- | បពិត្រព្រះម្ចាស់ | ព្រះអង្គទ្រង់ប្រោស | ដល់ប្រជាជាតិ |
| មានក្តីសុខសាន្ត | ឥតបីឃ្លាងឃ្លាត | ទាំងជីវិតទៀត | |
| ផ្ញើព្រះឥតភ្លេច | ។ | ||
| ៤- | ចូរមានសង្ឃឹម | ដោយក្តីញញឹម | លើព្រះជានិច្ច |
| ទាំងកាយជីវិត | ឥតមានពេលភ្លេច | ជាថ្មរំលេច | |
| ស្ថិតស្ថេរអស់កល្ប | ។ | ||
| ៧- | បពិត្រព្រះម្ចាស់ | អស្ចារ្យពេកណាស់ | ទ្រង់បង្ហាញដល់ |
| មនុស្សសុចរិត | បានដឹងបានស្គាល់ | មាគ៌ានិមល | |
| សែនល្អកន្លង | ។ | ||
| ៨- | ឱព្រះអម្ចាស់ | យើងខ្ញុំទាំងអស់ | ជីវិតផ្ញើទ្រង់ |
| ហើយសូមដើរតាម | មាគ៌ារឿងរុង | ដែលព្រះអង្គទ្រង់ | |
| ត្រួសត្រាយទុកស្រាប់ | ។ | ||
| ចិត្តយើងគ្រប់គ្នា | តែងតែប្រាថ្នា | ថ្លែងមិនឈរឈប់ | |
| ព្រះនាមព្រះអង្គ | ដែលល្បីសាយសព្វ | ពាសពេញលើភព | |
| ប្រសើរកន្លង | ។ | ||
| ៩- | ទោះជាពេលយប់ | ចង់ជ្រកក្រោមម្លប់ | បារមីនៃទ្រង់ |
| ទូលបង្គំខំស្វែង | រកតែព្រះអង្គ | តាំងពីព្រឹកព្រាង | |
| ឥតមានសំចៃ | ។ | ||
| ១២- | បពិត្រព្រះម្ចាស់ | ប្រសើរពេកណាស់ | ទ្រង់តែងអាណិត |
| ផ្តល់ក្តីសុខសាន្ត | អ្វីខ្ញុំប្រព្រឹត្ត | ដែលមានមកពិត | |
| គឺទ្រង់សម្រេច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
ទំនុកតម្កើងលេខ ៦៧
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់
សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ (កក ២៨,២៨)។
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
| ២- | ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គអាណិតមេត្តាយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! |
| ៣- | ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ! |
| ៤- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៥- | ប្រជាជាតិទាំងឡាយច្រៀងដោយសប្បាយរីករាយ ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ ព្រះអង្គដឹកនាំប្រជាជាតិទាំងឡាយនៅលើផែនដី។ |
| ៦- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៧- | ផែនដីបានបង្កើតភោគផល ព្រះជាម្ចាស់ជាព្រះនៃយើងប្រទានពរឱ្យយើង។ |
| ៨- | សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង! សូមឱ្យមនុស្សម្នាដែលរស់នៅលើផែនដីទាំងមូល គោរពកោតខ្លាចព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កណ ៤៩,១០)
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖*…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ យេរូសាឡឹមអើយ ចូរក្រោកឡើង! ចូររលាស់ធូលីដីចេញពីអ្នក! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ!
ពាក្យអង្វរសកល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានលាតសន្ធឹងព្រះហស្តម្តងទៀត
ដើម្បីកាន់កាប់ប្រជាជនដែលនៅសេសសល់ ធ្វើជាកម្មសិទ្ធរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់!
បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យកិច្ចការដែលយើងខ្ញុំធ្វើទុក្ករកិរិយាបានគាប់ព្រះហឫទ័យព្រះអង្គ
—ហើយសូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រះរាជ្យព្រះអង្គដែលនៅជិតបង្កើយផង។ (បន្ទរ)
សូមព្រះអង្គរៀបចំផ្លូវក្នុងដួងចិត្តយើងខ្ញុំ ដើម្បីទទួលព្រះបន្ទូលព្រះអង្គយ៉ាងសមរម្យ
—ហើយសូមព្រះអង្គសម្តែងសិរីរុងរឿងក្នុងចំណោមយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គយកភ្នំនៃភាពអំនួតរបស់យើងខ្ញុំមកដាក់នៅទីទាប
—ហើយសូមព្រះអង្គបំពេញជ្រលងភ្នំនៃភាពទន់ខ្សោយរបស់យើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គរំលំជញ្ជាំងនៃការស្អប់ខ្ពើម ដែលនាំឱ្យប្រជាជាតិបែងចែកជាតិសាសន៍គ្នា
—សូមឱ្យពួកគេធ្វើផ្លូវដែលនាំទៅរកសន្តិភាព ដើម្បីមនុស្សធម៌ផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ !
ព្រះអង្គប្រោសឲ្យយើងខ្ញុំកើតជាថ្មី
និងរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ។
សូមព្រះអង្គមេត្តាសង្រ្គោះយើងខ្ញុំឲ្យជៀសផុតពីសៅហ្មងទាំងឡាយ។
សូមប្រោសឲ្យយើងខ្ញុំកាន់កិរិយាថ្លៃថ្នូរ សមជាបុត្រធីតារបស់ព្រះអង្គ
ដើម្បីរៀបចំផ្លូវទទួលព្រះបុត្រាដែលកំពុងយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។