១៤​ ធ្នូ ២០២៦

Written on 14/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃចន្ទ

សន្តយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយព្រះសហគមន៍

(បុណ្យរំឭកចាំបាច់)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃចន្ទ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៤

ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ណាស់!

ក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ
យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ (ហប ១៣,១៤)។

បន្ទរទី១៖ ទូល‌បង្គំអធិដ្ឋានទៅរកព្រះ‌អង្គ។ ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូល‌បង្គំ។

២ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ!
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គខ្លាំងណាស់!
៣
ទូលបង្គំអន្ទះអន្ទែង
ប្រាថ្នាចង់ចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ
ទូលបង្គំចង់នៅជាមួយព្រះដែលមានព្រះជន្មគង់នៅ
អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
៤
ឱព្រះអម្ចាស់នៃពិភពទាំងមូល!
ឱព្រះអម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ
ក៏រកកន្លែងធ្វើសំបុកដាក់កូនចៅវា ឱ្យនៅជិតអាសនៈរបស់ព្រះអង្គបានដែរ។
៥
អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ មានសុភមង្គលហើយ
គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ។
៦
អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ដោយចិត្តស្មោះសរ។
៧
នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត
ព្រះអង្គធ្វើឱ្យទឹកនោះ ប្រែទៅជាប្រភពទឹក
ភ្លៀងនៅដើមរដូវ ក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។
៨
ពួកគេកាន់តែខិតចូលជិត ក៏កាន់តែមានកម្លាំងខ្លាំងឡើងៗ
គេមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។
៩
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ!
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ!
ឱព្រះនៃលោកយ៉ាកុបអើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!។
១០
ឱព្រះជាម្ចាស់អើយ! សូមទតមើលស្តេចដែលជាខែលការពារយើងខ្ញុំ
សូមទ្រង់ព្រះសន្តោសទតមកព្រះរាជា
ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
១១
មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ
ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត
ខ្ញុំសម្រេចចិត្តឈរនៅមាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ
ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
១២
ព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង
ព្រះអម្ចាស់ប្រណីសន្តោស និងប្រទានឱ្យយើងបានរុងរឿង
ព្រះអង្គតែងតែប្រទានសុភមង្គល
ឱ្យអស់អ្នកដែលរស់នៅដោយគ្មានកំហុស។
១៣
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ!
អ្នកណាផ្ញើជីវិតលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទូល‌បង្គំអធិដ្ឋានទៅរកព្រះ‌អង្គ។ ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូល‌បង្គំ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ២,២-៥)

ភ្នំ​ដែល​មាន​ព្រះដំណាក់​របស់​ព្រះ‌អង្គដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ

“មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបាន​ឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” (វវ ១៥,៤)។

បន្ទរទី២ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

(បទព្រហ្មគីតិ)

២- ថ្ងៃក្រោយព្រះអម្ចាស់ នឹងប្រែផ្លាស់ព្រះដំណាក់  
  លើកភ្នំធ្លាប់គង់ស្នាក់ ដាក់ទៅលើភ្នំដទៃ ។
  ដើម្បីឱ្យភ្នំនោះ បានខ្ពង់ខ្ពស់លើសគេក្រៃ  
  ប្រជាជាតិទាំងឡាយ នាំគ្នាឡើងជាហូរហែ ។
៣- មានទាំងប្រជាជន ច្រើនពេកពន់ទៅផងដែរ  
  ពោលថាយើងដង្ហែ ឡើងទៅលើភ្នំព្រះម្ចាស់ ។
  យើងនាំគ្នាឡើងទៅ ដើរតាមផ្លូវមាគ៌ាព្រះ  
  ប្រញាប់ឆាប់រូតរះ ដំណាក់ព្រះលោកយ៉ាកុប ។
  ព្រះអង្គនឹងប្រដៅ យើងស្គាល់ផ្លូវមាគ៌ាគ្រប់  
  ឱ្យស្គាល់ឱ្យសេពគប់ ឱ្យដើរសព្វតាមគន្លង ។
  ដ្បិតការប្រៀនប្រដៅ អ្នកល្ងង់ខ្លៅគ្រាកន្លង  
  ចេញពីស៊ីយ៉ូនផង ល្អម៉ត់ហ្មងឥតមានទាស់ ។
  ព្រះបន្ទូលប៉ុន្មាន ល្អថ្កើងថ្កានឥតមានខ្ចោះ  
  ចេញមកពីព្រះឧស្ឋ ពីក្រុងយេរូសាឡឹម ។
៤- ព្រះអង្គជាចៅក្រម ដ៏ឧត្តមមិននៅស្ងៀម  
  សម្រុះសម្រួលភ្លាម ផ្អាកសង្គ្រាមកាប់ប្រល័យ ។
  ឱ្យឈប់ទាស់ទែងគ្នា ចេះមេត្តាត្រាប្រណី  
  យកដាវធ្លាប់ប្រល័យ រំលាយធ្វើផាលនង្គ័ល ។
  គ្រប់សាសន៍ឈប់តតាំង ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់  
  លែងចង់ឈ្នះចង់ជល់ លំពែងធ្វើកណ្តៀវច្រូត ។
៥- ឱបងប្អូនកូនចៅ ញាតិពង្សផៅរៀងរហូត  
  យ៉ាកុបកុំរបូត ជ្រករហូតក្រោមម្លប់ព្រះ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ ៖ ឱព្រះ‌អម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះអង្គ។

ទំនុកតម្កើងលេខ ៩៦

ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក

អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។

បន្ទរទី៣ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

១ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
មនុស្សនៅផែនដីទាំងមូលអើយ! ចូរច្រៀងថ្វាយព្រះអម្ចាស់!
២
ចូរច្រៀងថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ
ចូរប្រកាសជារៀងរាល់ថ្ងៃនូវការសង្គ្រោះរបស់ព្រះអង្គ។
៣
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា នូវសីរីរុងរឿងរបស់ព្រះអង្គ
ចូរប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ
នូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ !
៤
ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម
យើងត្រូវតែសរសើរតម្កើងឱ្យអស់ពីដួងចិត្ត
ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។
៥
ព្រះទាំងប៉ុន្មានរបស់ជាតិសាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
៦
មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
៧
ប្រជាជាតិទាំងឡាយអើយ! ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់!
ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។
៨
ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់
ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ!
៩
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!
១០
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។
ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។
១១
ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង
ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង!
១២
ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ
ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់
 
ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី
ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌
ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២,៣)

«ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់​ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះរបស់​លោក​យ៉ាកុប។ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពីមាគ៌ា​របស់​ព្រះ‌អង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

បន្ទរ៖ យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើងបញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! *សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នកដូច​ថ្ងៃ​រះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះ‌អម្ចាស់​ដែលគ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គយាងពីស្ថានបរមសុខមក។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

ពាក្យអង្វរសកល

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះបិតាដែលមានព្រះជន្មគង់នៅ។ ព្រះអង្គជាព្រះពន្លឺចេញមកពីព្រះពន្លឺ សូមនាំយើងខ្ញុំចូលទៅក្នុងពន្លឺ និងបង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយចិត្តជឿជាក់ថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !

ឱពន្លឺដែលមិនចេះអស្តង្គត សូមកម្ចាត់ភាពអាប់អួរចេញពីយើងខ្ញុំ
—ហើយសូមព្រះអង្គដាស់ជំនឿរបស់យើងខ្ញុំឱ្យភ្ញាក់ពីដំណេកផង។ (បន្ទរ)

សូមព្រះអង្គការពារយើងខ្ញុំឱ្យរួចផុតពីអន្តរាយនៅថ្ងៃនេះ
—សូមសិរីរុងរឿងរបស់ព្រះអង្គ ផ្តល់ឱ្យយើងខ្ញុំនូវភាពរីករាយពេញមួយថ្ងៃ។ (បន្ទរ)

សូមព្រះអង្គផ្តល់ឱ្យយើងខ្ញុំមានភាពទន់ភ្លន់គ្រប់ពេលវេលា
—ដើម្បីយើងខ្ញុំអាចផ្តល់ទៅឱ្យមនុស្សទាំងអស់ដែលយើងខ្ញុំជួប។ (បន្ទរ)

សូមព្រះអង្គយាងមកបង្កើតពិភពលោកថ្មីមួយសម្រាប់យើងខ្ញុំ
—ជាកន្លែងដែលមានភាពយុត្តិធម៌ និងសេចក្តីសុខសាន្ត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក
សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។