រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃសៅរ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
វិន័យរបស់ព្រះអម្ចាស់
សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។
បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)
ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម
អស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។
(បទព្រហ្មគីតិ)
| ១- | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
| លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
| ២- | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
| ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
| ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឲ្យរស់ផុតសៅហ្មង | ||
| ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
| ៣- | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
| អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
| ៤- | ព្រះអង្គបានធ្វើឲ្យ | កងទ័ពថយវិនាសអស់ | |
| ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
| ៨- | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
| ៩- | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឲ្យទាន់ | |
| ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
| ១០- | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
| ១១- | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
| តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
| ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
| គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
| ១២- | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
| ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
| ១៣- | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
| ១៧- | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
| ឱព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
| ទីសក្ការៈត្រចង់ | ដោយហស្តទ្រង់កសាងផ្ទាល់ | ។ | |
| ១៨- | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
| ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ អាលេលូយ៉ា!
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)
មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឲ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងឲ្យមានអំណរសប្បាយក្នុងការកោតខ្លាចព្រះអម្ចាស់ព្រះបុត្រានេះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្តីតាមដែលឮគេនិយាយដែរ។ ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្តីឲ្យជនទុរគត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជាមនុស្សអាក្រក់ត្រូវតែស្លាប់។ ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ យកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
អាទិត្យទី១៖ ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តឲ្យសោះ! ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងយាងមកសង្គ្រោះអ្នករាល់គ្នា អាលេលូយ៉ា!។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គបានត្រាស់ហៅប្រជារាស្រ្តរបស់ព្រះអង្គឱ្យទទួលការសង្រ្គោះ ដោយពោលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គផង !
ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងសាបព្រោះគ្រាប់ពូជនៃភាពយុត្តិធម៌ក្នុងចំណោមប្រជារាស្រ្តព្រះអង្គ
—សូមព្រះអង្គមេត្តាថែរក្សាការពារភាពដ៏វិសុទ្ធនៃព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបង្រៀនយើងខ្ញុំដែលជាបុរស និងស្រ្តី ឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គ
—ហើយសូមព្រះអង្គជួយដល់អ្នកជឿទាំងអស់ ឱ្យខំព្យាយាមចូលទៅក្នុងភាពដ៏វិសុទ្ធនោះផង។ (បន្ទរ)
សូមព្រះអង្គថែរក្សាយើងខ្ញុំក្នុងសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណដ៏វិសុទ្ធ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលនូវធម៌មេត្តានៃព្រះបុត្រាព្រះអង្គ ដែលកំពុងយាងមក។ (បន្ទរ)
បពិត្រព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំ រហូតដល់ថ្ងៃចុងក្រោយបំផុត
—គឺនៅថ្ងៃដែលព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ទ្រង់យាងមក។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គបានចាត់ព្រះបុត្រាយាងមករំដោះមនុស្សលោកឲ្យរួចពីបាប។
យើងខ្ញុំសូមអង្វរព្រះអង្គដោយស្មោះអស់ពីចិត្ត សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យមានសេរីភាពដ៏ពេញលេញ ដើម្បីស្រឡាញ់ព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។