២៦ មីនា ២០២៧

Written on 14/10/2026
Catholic Faith Cambodia

ថ្ងៃសុក្រពិសិដ្ឋ ព្រះយេស៊ូសោយទីវង្គត
ពណ៌ក្រហម

ថ្ងៃនេះគ្រីស្តបរិស័ទទូទាំងសកលលោកនាំគ្នាលើកតម្កើងព្រះយេស៊ូដែលរងទុក្ខលំបាក និងសោយទិវង្គត។ ព្រះសហគមន៍ផ្តល់ឱកាសឱ្យគ្រីស្តបរិស័ទនឹកសញ្ជឹងគិតអំពីការអាថ៌កំបាំងនៃព្រះបុត្រារបស់ព្រះជាម្ចាស់ដែលសង្គ្រោះមនុស្សលោក។ ព្រះយេស៊ូទទួលផលកម្មនៃអំពើបាបរបស់មនុស្ស ព្រះអង្គសព្វព្រះហប្ញទ័យចុះចាញ់អំពើឃោរឃៅរបស់មនុស្ស រហូតដល់សោយទិវង្គតដូចជនឧក្រិដ្ឋ។ ដោយព្រះគ្រីស្តមានធម៌មេត្តាករុណាដ៏លើសលប់ មិនតបតនឹងអ្នកធ្វើបាបព្រះអង្គ ព្រះអង្គបំបាត់ការស្អប់គ្នា និងលុបបំបាត់បាបរបស់មនុស្សលោកផង។ ថ្ងៃសុក្រនេះ ពុំមែនជាថ្ងៃកាន់ទុក្ខទេ! ផ្ទុយទៅវិញគ្រីស្តបរិស័ទនឹកសញ្ជឹងគិតពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលរំដោះមនុស្សលោកឱ្យរួចពីបាប។ ម្យ៉ាងទៀត នៅថ្ងៃនេះ ព្រះបុត្រាមានជ័យជម្នះលើសេចក្តីស្លាប់ និងសម្តែងសិរីរុងរឿងនៃព្រះបិតា គឺសម្តែងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យមនុស្សលោកស្គាល់។ ព្រះយេស៊ូដែលបានចូលទិវង្គតរួចហើយ ឥឡូវនេះព្រះអង្គមានព្រះជន្មពេញលេញ ទ្រង់ប្រទានព្រះវិញ្ញាណឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ។
ថ្ងៃនេះគ្មានអភិបូជាទេ។ ក្រោយពីបានស្តាប់អត្ថបទព្រះគម្ពីរបីសំខាន់ៗ គ្រីស្តបរិស័ទអង្វរព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់ជាតិសាសន៍ រួចថ្វាយបង្គំឈើឆ្កាង ព្រះកាយព្រះគ្រីស្តដែលមានទុកតាំងពីម្សិលមិញ។

១-ពិធីលើកតម្កើងព្រះយេស៊ូសោយទុក្ខលំបាក

គ្រីស្តបរិស័ទនៅស្ងៀម ស្មឹងស្មាធិ៍រួចលោកបូជាចារ្យអង្វរថា៖ 
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សហួសពន់ប្រមាណ! ព្រះអង្គមិនប្រណីព្រះបុត្រាព្រះអង្គទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រាទៅក្នុងកណ្តាប់ដៃមនុស្សឃោរឃៅ ដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តយកតម្រាប់តាមព្រះគ្រីស្តជានិច្ច។ សូមប្រទានព្រះវិញ្ញាណឱ្យគាំទ្រយើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមក្នុងសិរីរុងរឿងនៃព្រះបុត្រាក្រោយពីបានរួមទុក្ខជាមួយព្រះគ្រីស្ត។

អត្ថបទទី ១

ប្រាំសតវត្សមុន គ.ស ព្យាការីអេសាយរៀបរាប់អំពី “អ្នកបម្រើរបស់ព្រះជាម្ចាស់” ដែលរងទុក្ខ​លំបាកជំនួសប្រជាជន។ យើងជាគ្រីស្តបរិស័ទជឿថា ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះជាម្ចាស់មែន”។ ព្រះអង្គសោយទុក្ខលំបាក ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៥២,១៣-៥៣,១២)

អ្នកបម្រើរបស់យើងនឹងចម្រុងចម្រើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវវគេលើកតម្កើងយ៉ាងឧត្តុង្គឧត្តមបំផុត។ កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក ហើយនាំគ្នាស្ងើចសរសើរ ស្តេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្តេចទាំងនោះនឹងឃើញហេតុការណ៍ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។ តើនរណាជឿ​សេចក្តីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសម្តែងប្ញទ្ធិបារមីចំពោះនរណា? នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឱ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឱ្យទាក់​ទាញចិត្តយើងដែរ។ លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លីព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្មដើម្បីឱ្យយើងទទួលសេចក្តីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួនមិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូច​ចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្តី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ ព្រះអម្ចាស់សព្វព្រះហប្ញទ័យឱ្យអ្នកបម្រើរបស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិតធ្វើជាយញ្ញបូជា​លោះបាបសម្រាប់អ្នកដទៃ ព្រះ​អង្គនឹងធ្វើឱ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គតាមរយៈលោក។ ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឱ្យបានសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយ បានជាយើងប្រគល់ឱ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឱ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឱ្យមនុស្សបាបផង។

ទំនុកតម្កើងលេខ ៣១(៣០),២.៦.១២-១៧.២៥ បទកាកគតិ

 
២ ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សូមជ្រកក្រោមម្លប់
  ជារៀងរហូត ឥតមានឈរឈប់ ទាំងថ្ងៃទាំងយប់
    សូមរំដោះផង ។
៦ ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន ។
១២ សត្រូវទាំងអស់ ពោលពាក្យគំរោះ ប្រមាថជេរស្តី
  ទោះអ្នកជិតខាង ធ្លាប់មានមេត្រី ពេលខ្ញុំដេកដី
    គេនាំគ្នាគេច ។
១៣ គេមិនខ្ចីនឹក គេមិនរំឭក គេខំបំភ្លេច
  ដូចចោរអ្នកស្លាប់ គ្មានគិតតួចតិច ដូចឆ្នាំងកំបែក
    ត្រូវគេបង់បោះ ។
១៤ ខ្ញុំឮគេពោល ពាក្យបង្កាច់មួល ថាមនុស្សទាំអស់
  នៅជុំវិញខ្ញុំ មានចិត្តមិនស្មោះ ពួកគេទាំងនោះ
    បម្រុងប្រហារ ។
១៥ បពិត្រព្រះម្ចាស់ ទូលបង្គំភ័យណាស់ សូមផ្ញើជីវ៉ា
  ទៅលើព្រះអង្គ ហើយសូមពោលថា ព្រះអង្គពិតជា
    ព្រះរបស់ខ្ញុំ ។
១៦ អាយុជីវិត របស់ខ្ញុំស្ថិត ដោយក្តីសុខដុម
  នៅក្នុងព្រះហស្ត ព្រះម្ចាស់ឧត្តម សូមរំដោះខ្ញុំ
    ផុតពីដៃខ្មាំង ។
១៧ សូមបែរព្រះភក្ត្រ ទតមកមើលអ្នក បម្រើព្រះអង្គ
  មេត្តាសង្គ្រោះ ទូលបង្គំផង ដោយហប្ញទ័យទ្រង់
    ប្រណីករុណា ។
២៥ អស់អ្នកទុកចិត្ត សង្ឃឹមស្មោះពិត ព្រះម្ចាស់លោកា
  ចូរមានកម្លាំង ទឹកចិត្តហានក្លា នោះព្រះមុខជា
    ការពារសុខសាន្ត ។

អត្ថបទទី ២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប៤,១៤-១៦; ៥,៧-៩)

បងប្អូនជាទីស្រឡាញ់!
យើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុតារបស់ព្រះជាម្ចាស់។ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ​ឱ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខ រួមទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ប្រកបដោយព្រះហប្ញទ័យប្រណីសន្តោស ទាំងទុកចិត្តដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។ កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វររបស់ព្រះអង្គ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្តាប់បង្គាប់ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈ ហើយទ្រង់ក៏ទៅជាប្រភពនៃការសង្គ្រោះដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចសម្រាប់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ (ភល២,៨-៩)

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះបន្ទូលប្រសើរលើសអ្វីៗទាំងអស់។

សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តយ៉ូហាន (យហ ១៨,១-១៩,៤២) 

លោកយ៉ូហានរ៉ាយរ៉ាប់អំពីព្រះយេស៊ូសោយទុក្ខលំបាក និងសោយទិវង្គតប្រៀបដូចជាស្តេចមួយអង្គដែលយាងឡើងសោយរាជ្យ។ តែជនជាតិអ៊ីស្រាអែលបដិសេធមិនព្រមទទួលព្រះយេស៊ូក្នុងឋានៈជាព្រះគ្រីស្តទេ។ ពេលព្រះយេស៊ូសោយទិវង្គត ព្រះអង្គទទួលសិរីរុង​រឿងហួសប្រមាណ និងសម្តែងសិរីរុងរឿងនៃព្រះបិតា គឺសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គ។ ពេលព្រះយេស៊ូសោយទិវង្គត ព្រះអង្គប្រទានព្រះវិញ្ញាណឱ្យមនុស្សលោក។

គួរឱ្យមានបីនាក់អានគម្ពីរ ម្នាក់ៗមានមុខងារ

«អ» អ្នកអានដំណើររឿង
«យ» អ្នកអានព្រះបន្ទូលព្រះយេស៊ូ
«ឆ» អ្នកអានពាក្យអ្នកដទៃទៀត

អ- បន្ទាប់ពីជប់លៀងរួចហើយ ព្រះយេស៊ូយាងទៅខាងនាយជ្រោះកេដ្រុន ជាមួយក្រុមសាវ័ក។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយក្រុមសាវ័ក។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងក្រុមសាវ័កធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមកទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចាត់អ្នកទាំងនោះឱ្យមក។ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខហើយមានព្រះបន្ទូលសួរគេថា៖
យ- «អ្នករាល់គ្នាមករកនរណា?»។
អ- គេទូលព្រះអង្គថា៖
ឆ- «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «គឺខ្ញុំហ្នឹងហើយ»។
អ- រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្តងទៀតថា៖
យ- «អ្នករាល់គ្នាមករកនរណា?»។
អ- គេទូលថា៖
ឆ- «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
យ- «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឱ្យអ្នកទាំងនេះចេញទៅចុះ»។
អ- ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្តីដែលព្រះអង្គបានថ្លែងទុកមកថា “អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំឥតមាននរណាម្នាក់ត្រូវវិនាសឡើយ”។ លោកស៊ីម៉ូនសិលា មានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្តាំរបស់គេ អ្នកបម្រើនោះឈ្មោះម៉ាល់ឃូស។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកសិលាថា៖
យ- «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឱ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាកដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
អ- ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហាររបស់ជនជាតិយូដានាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ គេនាំព្រះអង្គទៅជួបលោកហាណ្ណាមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ គឺលោកកៃផាសនេះហើយដែលឱ្យយោបល់ទៅជនជាតិយូដាថា “គួរឱ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។


អ- លោកស៊ីម៉ូនសិលាដើរតាមព្រះយេស៊ូជាមួយសាវ័កម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សាវ័កម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ។ រីឯលោកសិលាវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សាវ័កដែលលោកមហាបូជាចារ្យស្គាល់នោះក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកសិលាចូលទៅខាងក្នុងដែរ។ ស្រ្តីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកសិលាថា៖
ឆ- «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬទេ?»។
អ- លោកសិលាតបថា៖
ឆ- «ទេ! មិនមែនទេ!»។
អ- ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកសិលាក៏នៅអាំងភ្លើងជាមួយពួកគេដែរ។


អ- លោកមហាបូជាចារ្យសួរព្រះអង្គអំពីក្រុមសាវ័ករបស់ព្រះអង្គ និងអំពីសេចក្តីដែលព្រះអង្គប្រៀនប្រដៅ។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖
យ- «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងប្រៀនប្រដៅក្នុងធម្មសាលា និងនៅក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នាឥតមានលាក់លៀមត្រង់ណាសោះ ហេតុដូចម្តេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្តីដែលខ្ញុំនិយាយនោះទៅ ដ្បិតអ្នកទាំងនោះសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
អ- ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះទះកំផ្លៀងព្រះអង្គទាំងពោលថា៖
ឆ- «ម្តេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ?»
អ- ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖
យ- «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា?។ តែបើខ្ញុំនិយាយត្រូវ ម្តេចក៏អ្នកវាយខ្ញុំ?»។
អ- ពេលនោះ លោកហាណ្ណាបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។


អ- លោកស៊ីម៉ូនសិលាអង្គុយអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖
ឆ- «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬទេ?»
អ- លោកសិលាប្រកែកថា៖
ឆ- «ទេ! មិនមែនទេ!»
អ- មានអ្នកបម្រើរបស់មហាបូជាចារ្យដែលត្រូវជាបងប្អូននឹងអ្នកដែលលោកសិលាកាប់ដាច់ស្លឹកត្រចៀកពោលថា៖
ឆ- «ខ្ញុំបានឃើញអ្នកឯងនៅជាមួយគាត់ដែរ»
អ- លោកសិលាប្រកែកជាថ្មីម្តងទៀត។ រំពេចនោះស្រាប់តែមាន់រងាវ។


អ- បន្ទាប់មក គេបណ្តើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចជាប់បាបនាំឱ្យគេធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លងមិនបាន។ លោកពីឡាតចេញមកជួបពួកគេហើយសួរថា៖
ឆ- «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»
អ- គេជម្រាបលោកថា៖
ឆ- «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់យកមកជូនលោកធ្វើអ្វី?»
អ- លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យតាមធម្មវិន័យរបស់អ្នករាល់គ្នាទៅ!»។
អ- ជនជាតិយូដាជម្រាបទៅលោកវិញថា៖
ឆ- «យើងខ្ញុំគ្មានច្បាប់នឹងប្រហារជីវិតអ្នកណាសោះឡើយ»។
អ- គេនិយាយដូច្នេះ ស្របតាមសេចក្តីដែលព្រយេស៊ូមានព្រះបន្ទូលអំពីរបៀបដែលព្រះអង្គត្រូវចូលទិវង្គត។ លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖
ឆ- «តើអ្នកជាស្តេចយូដាមែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ- «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតលោកផ្ទាល់ ឬមានអ្នកផ្សេងជម្រាបលោក?»។
អ- លោកពីឡាតតបវិញថា៖
ឆ- «ខ្ញុំមិនមែនជាជនជាតិយូដាទេ គឺជនជាតិរបស់អ្នក និងពួកមហាបូជាចារ្យទេតើដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើខុសអ្វី?»
អ- ព្រះយេស៊ូមានបន្ទូលតបថា៖
យ- «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនឱ្យជនជាតិយូដាចាប់ខ្ញុំឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះឡើយ»។
អ- លោកពីឡាតទូលសួរព្រះអង្គថា៖
ឆ- «តើអ្នកជាស្តេចមែនឬ?»
អ- ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ- «លោកទេតើដែលមានប្រសាសន៍ថា ខ្ញុំជាស្តេច។ ខ្ញុំកើតមក ហើយមកក្នុងលោកនេះដើម្បីសម្តែងបញ្ជាក់អំពីសេចក្តីពិត។ អ្នកណាកើតពីសេចក្តីពិត អ្នកនោះនឹងស្តាប់សម្លេងខ្ញុំ»។
អ- លោកពីឡាតទូលព្រះអង្គថា៖
ឆ- «អ្វីទៅសេចក្តីពិតនោះ?»


អ- លោកពីឡាតមានប្រសាសន៍ដូច្នេះហើយ លោកក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្តងទៀត ហើយប្រាប់ថា៖
ឆ- «ខ្ញុំពុំបានឃើញអ្នកនេះមានទោសអ្វីសោះ។ តាមទម្លាប់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង។ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងស្តេចយូដាឬទេ?»។
អ- ពេលនោះ គេនាំគ្នាស្រេកឡើងសាជាថ្មីថា៖
ឆ- «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។
អ- ឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។ ពេលនោះ លោកពីឡាតបង្គាប់ឱ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយគេយកអាវពណ៌ក្រហមទុំមកពាក់ឱ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គទាំងពោលថា៖
ឆ- «ស្តេចយូដាអើយ! សូមថ្វាយបង្គំ»
អ- គេក៏ទះកំផ្លៀងព្រះអង្គ។


អ- លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី លោកមានប្រសាសន៍ទៅគេថា៖
ឆ- «មើល៍! ខ្ញុំនាំគាត់មកខាងក្រៅដើម្បីឱ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
អ- ពេលនោះព្រះយេស៊ូយាងចេញមក ទាំងពាក់បន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «មើល៎! មនុស្សហ្នឹងហើយ!»។
អ- កាលពួកនាយកបូជាចារ្យ និងកងរក្សាព្រះវិហារឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖
ឆ- «សូមឆ្កាងទៅ! សូមឆ្កាងទៅ!។
អ- លោកពីឡាតមានប្រសាសន៍ថា៖
ឆ- «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ! ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
អ- ជនជាតិយូដាជម្រាបលោកពីឡាតថា៖
ឆ- «យើងខ្ញុំមានធម្មវិន័យ ហើយតាមធម្មវិន័យនោះជននេះត្រូវតែស្លាប់ ព្រោះគាត់ប្រកាសខ្លួនថា ជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
អ- កាលលោកពីឡាតឮដូច្នោះ គាត់រិតតែភ័យថែមទៀត។ គាត់ចូលទៅក្នុងបន្ទាយសួរព្រះយេស៊ូថា៖
ឆ- «អ្នកមកពីណា?»។
អ- ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ លោកពីឡាតទូលព្រះអង្គថា៖
ឆ- «ម្តេចក៏អ្នកមិននិយាយតបមកខ្ញុំដូច្នេះ? អ្នកមិនដឹងថា ខ្ញុំមានអំណាចនឹងដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «ប្រសិនបើព្រះជាម្ចាស់មិនប្រទានអំណាចពីស្ថានលើមកទេនោះ លោកគ្មានអំណាចលើខ្ញុំឡើយ។ ហេតុនេះហើយ បានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោកមានទោសធ្ងន់ជាងលោកទៅទៀត»។
អ- តាំងពីនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖
ឆ- «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្តេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជហើយ!»។
អ- កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅឱ្យគង់នៅលើវេទិការសម្រាប់កាត់ក្តី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាអេប្រឺថា “កប្បាថា”។ ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖
ឆ- «នេះនែ៎! ស្តេចរបស់អ្នករាល់គ្នា!»។
អ- ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖
ឆ- «សម្លាប់ចោលទៅ! សូមឆ្កាងទៅ!»
អ- លោកពីឡាតសួរពួកគេថា៖
ឆ- «ឱ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?»។
អ- ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖
ឆ- «ក្រៅពីព្រះចៅអធិរាជ យើងគ្មានស្តេចឯណាទៀតឡើយ»។
អ- ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឱ្យគេឆ្កាង ។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។


អ- ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល” ដែលគេហៅជាភាសាហេប្រឺថា “កុលកូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្តាល។ លោកពីឡាតឱ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា “យេស៊ូអ្នកស្រុកណាសារ៉ែត ជាស្តេចយូដា”។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនេះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យរបស់ជនជាតិយូដា ជម្រាបលោកពីឡាតថា៖
ឆ- «សូមកុំសរសេរថា “ស្តេចយូដា” ដូច្នេះ! សូមសរសេរវិញថា “អ្នកនេះនិយាយថា ខ្លួនជាស្តេចយូដា”។
អ- លោកពីឡាតមានប្រសាសន៍តបថា៖
ឆ- «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះ!»


អ- ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើអំពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះគេនិយាយគ្នាថា៖
ឆ- «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឱ្យដឹងថា អាវនេះបានទៅលើអ្នកណា»។
អ- ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមកថា “គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ”។
អ- មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិតព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖
យ- «អ្នក! នេះហើយកូនរបស់អ្នក»។
អ- បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖
យ- «នេះហើយ ម្តាយរបស់អ្នក»។
អ- តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។


 បន្ទាប់មកព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖

យ- «ខ្ញុំស្រេកទឹក»។
អ- ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីឱ្យបានស្របតាមសេចក្តីគ្រប់ប្រការដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួតជ្រលក់ទឹកខ្មេះជោគ រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូបានសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖
យ- «ខ្ញុំបានបង្ហើយសព្វគ្រប់អស់ហើយ!»
អ- ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។

គ្រីស្តបរិស័ទឱនខ្លួន អធិដ្ឋានមួយរយៈពេល
អ- ថ្ងៃនោះ ជាថ្ងៃគេរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់ឱ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយ បានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឱ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរដែលជាប់ឈើឆ្កាងជាមួយព្រះអង្គ។ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គចូលទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។ ប៉ុន្តែ ទាហានម្នាក់​យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ សាវ័កម្នាក់ដែលបានឃើញធ្វើជាសាក្សីអំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថា សាវ័កនោះនិយាយសេចក្តីពិត ដើម្បីឱ្យអ្នករាល់គ្នាជឿដែរ។ ហេតុការណ៍នេះកើតឡើងស្របតាមសេចក្តីដែលមាន​ចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់ឡើយ»។ មានអត្ថបទគម្ពីរមួយទៀតចែងថា “គេនាំគ្នាមើលព្រះអង្គដែលគេចាក់”។


បន្ទាប់មក លោកយ៉ូសែបជាអ្នកស្រុកអារីម៉ាថេ ទៅសុំច្បាប់លោកពីឡាតយកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះ ក៏ជាសាវ័ករបស់ព្រះយេស៊ូដែរ តែគាត់មិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឱ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ រីឯលោកនីកូដេមដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏មកដែរ។ លោកយកជ័រល្វីងទេសលាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ លោកទាំងពីរយកព្រះសពព្រះយេស៊ូរុំនឹងសំពត់ស្នប អប់គ្រឿងក្រអូប តាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ នៅកន្លែងគេឆ្កាងព្រះយេស៊ូ មានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណាមួយនៅឡើយ។ គេដាក់សពព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង។

២- ពិធីអង្វរព្រះជាម្ចាស់សម្រាប់សកលោក

ទាហានម្នាក់យកលំពែងមកចាប់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ តាំងពីរដើមរៀងមក គ្រីស្តបរិស័ទយល់ឃើញថា មុខរបួសនេះជាប្រភពនៃអំណោយទានគ្រប់បែបយ៉ាងដែលហូរចេញមកពីធម៌មេត្តាករុណារបស់ព្រះយេស៊ូ។ នៅថ្ងៃនេះ យើងរួមជាមួយព្រះយេស៊ូអង្វរព្រះ​ជាម្ចាស់ក្នុងនាមមនុស្សគ្រប់ជាតិសាសន៍។ អ្នកចាត់ចែងពិធីបុណ្យអាចយកពាក្យអង្វរខ្លះៗ ដូចមានចែងខាងក្រោមនេះក៏បាន ឬតែងពាក្យអង្វរផ្សេងទៀតក៏បានដែរ។

១- បងប្អូនជាទីស្រឡាញ់ សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់ព្រះសហគមន៍ សូមទ្រង់ជួយការពារព្រះសហគមន៍ក្នុងពិភពលោកទាំងមូល ជាពិសេសនៅប្រទេសកម្ពុជាយើង សូមឱ្យព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្ត សូមឱ្យគ្រីស្តបរិស័ទគ្រប់និកាយរួបរួមគ្នាដោយមានចិត្តថ្លើមតែមួយ។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាក្រៃលែង! ព្រះអង្គបានប្រោសមនុស្សលោកទាំងអស់ឱ្យបានស្គាល់ព្រះអង្គដោយសារព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរ​ដល់ព្រះសហគមន៍ដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ សូមប្រោស ព្រះសហគមន៍ក្នុងពិភពលោកទាំងមូល ឱ្យកាន់ជំនឿតែមួយយ៉ាងរឹងមាំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។

២- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អភិបាល ក្រុងរ៉ូម ដែលទទួលមុខតំណែង ណែនាំព្រះសហគមន៍ទាំងមូល សូមឱ្យលោកមានសុខភាពល្អ អាចបំពេញមុខងារបានយ៉ាងប្រសើរ។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គតែងណែនាំព្រឹត្តិការណ៍ទាំងអស់ដែលកើតក្នុងពិភពលោកតាម​ព្រះប្រាជ្ញាញ្ញាណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាថែរក្សាសម្តេចប៉ាបដែលព្រះអង្គបានជ្រើសរើស សូមប្រោសលោកឱ្យណែនាំព្រះសហគមន៍មានជំនឿរឹតតែមាំឡើងៗ​ផង។

៣- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់លោកអភិបាលព្រះសហគមន៍យើង និងដល់អស់បូជាចារ្យ ដល់អស់លោកបព្វជិត ដល់អស់បងប្អូនដែលបំពេញមុខងារក្នុងព្រះសហគមន៍ និងដល់ប្រជាជនព្រះអង្គទាំងមូលផង។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះវិញ្ញាណព្រះអង្គតែងតែបំភ្លឺ ថែរក្សា និងណែនាំព្រះសហគមន៍ទាំងមូលដែលជាព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រទានពរដល់បងប្អូនយើងខ្ញុំទាំងប៉ុន្មានដែលបំពេញមុខងារពិសេសក្នុងព្រះសហគមន៍។ សូមឱ្យគ្រីស្តបរិស័ទទាំងឡាយយកចិត្តទុកដាក់បម្រើព្រះអង្គដោយចិត្តស្មោះ តាមព្រះអំណោយទានរបស់ព្រះអង្គផង។

៤- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់បងប្អូនដែលកំពុងទទួលការអប់រំខាងជំនឿមុននឹងទទួលអគ្គសញ្ញាជ្រមុជទឹក សូមព្រះអង្គបំភ្លឺចិត្តគំនិតបងប្អូនទាំងនោះ និងទទួលគេក្នុងព្រះកាយព្រះគ្រីស្តដែរ។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យព្រះសហគមន៍ទៅជាប្រភពនៃជីវិត និងបង្កើតបុត្រធីតាឱ្យមានចំនួនកាន់តែច្រើនឡើងៗជាលំដាប់។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតបងប្អូនដែលកំពុងស្វែងរកព្រះអង្គ សូមឱ្យបងប្អូនទាំងនោះមានជំនឿកាន់តែមាំឡើង និងសូមប្រោសប្រទានជីវិតថ្មីឱ្យពួកគេ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងចំណោមបុត្រធីតារបស់ព្រះអង្គផង។

៥- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រោសអស់បងប្អូនដែលជឿសង្ឃឹមលើព្រះយេស៊ូគ្រីស្ត ឱ្យបានរួបរួមគ្នាក្នុងព្រះសហគមន៍តែមួយ។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពគ្រប់ប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! មានតែព្រះអង្គទេដែលអាចប្រមែប្រមូលបុត្រធីតាដែលបែកបាក់គ្នា ឱ្យចូលរួមគ្នាទៅជាគ្រួសារតែមួយបាន។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់ព្រះសហគមន៍នៃព្រះបុត្រាព្រះអង្គ សូមឱ្យអស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតែ​មួយ មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដោយមានជំនឿតែមួយផង។

៦- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់ប្រជាជនអ៊ីស្រាអែលដែលបានទទួលព្រះបន្ទូលព្រះអង្គមុនគេ។ សូមឱ្យប្រជាជននេះទទួលស្គាល់សម្ពន្ធមេត្រីថ្មីរបស់ព្រះយេស៊ូផង។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! កាលពីដើម ព្រះអង្គបានជ្រើសរើសលោកអប្រាហាំ និងពូជពង្សរបស់លោក ឱ្យទៅជាប្រជារាស្រ្តព្រះអង្គផ្ទាល់។ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្ត្រនៃសម្ពន្ធមេត្រីនេះ ឱ្យទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្តដែលសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យាផង។

៧- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់មនុស្សដែលមិនទទួលស្គាល់ព្រះអង្គ សូមព្រះអង្គជួយណែនាំពួកគេឱ្យមានជីវភាពថ្លៃថ្នូរ និងស្គាល់ព្រះអង្គផង។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបង្កើតមនុស្សគ្រប់ៗរូប ដើម្បីឱ្យស្វែងរកព្រះអង្គដោយចិត្តស្មោះ និងឱ្យបានសុភមង្គល។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតរបស់មនុស្សទាំងឡាយ។ ទោះបីមនុស្សត្រូវជួបឧបសគ្គនានាយ៉ាងណាក៏ដោយ សូមឱ្យគេចាប់អារម្មណ៍នឹងសញ្ញាសម្គាល់ដែលបញ្ជាក់ពីធម៌មេត្តាករុណារបស់ព្រះអង្គក្នុងលោកនេះ។ សូមឱ្យយើងខ្ញុំមានចិត្តសប្បុរស ធ្វើជាសាក្សីអំពីធម៌មេត្តាករុណារបស់ព្រះអង្គផង។

៨- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អស់លោកអ្នកដែលដឹកនាំប្រទេសនានា។ សូមព្រះអង្គបំភ្លឺចិត្តគំនិតរបស់អស់លោកអ្នកឱ្យយកចិត្តទុកដាក់សាងពិភពលោកប្រកបដោយយុតិ្តធម៌ និងសេរីភាពផង។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គឈ្វេងយល់ចិត្តគំនិតមនុស្សទាំងអស់ ហើយទ្រង់តែងការពារសិទ្ធិសេរីភាពប្រជាជនទាំងឡាយ។ សូមទ្រង់ព្រះមេត្តាប្រោសអស់លោកអ្នកដែលកាន់អំណាចក្នុងប្រទេសនានា ឱ្យខិតខំស្វែងរកប្រយោជន៍រួម ខិតខំស្វែងរកសន្តិភាព និងស្វែងរកសេចក្តីសុខសាន្តនៅលើផែនដីទាំងមូល។ សូមឱ្យអស់លោកអ្នកគោរពសិទ្ធិសេរីភាពខាងជំនឿរបស់ប្រជាជនទាំងឡាយផង។

៩-សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រោសអាណិតអាសូរដល់មនុស្សទាំងអស់ដែលកើតទុក្ខ សូមទ្រង់កម្ចាត់សេចក្តីអាក្រក់គ្រប់យ៉ាងចេញពីពិភពលោក កុំឱ្យមានទុរិ្ភក្ស កុំឱ្យមានជំងឺរាតត្បាត សូមព្រះអង្គរំដោះមនុស្សជាប់ជាឈ្លើយ និងមនុស្សជាប់គុកឱ្យមានសេរីភាព សូមទ្រង់ការពារអ្នកធ្វើដំណើរកុំឱ្យជួបគ្រោះថ្នាក់ សូមប្រោសជនភៀសខ្លួន និងជនដែលត្រូវគេនិរទេសឱ្យវិលត្រឡប់ទៅមាតុភូមិវិញ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ សូមជួយលើកទឹកចិត្តអ្នកដែលជិតផុតដង្ហើម។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គតែងតែសម្រាលទុក្ខអ្នកដែលមានអាសន្ន សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មនុស្សទាំងអស់ដែលកំពុងកើតទុក្ខគ្រប់បែបយ៉ាង សូមទ្រង់ប្រោសឱ្យគេបានរួចពីក្តីវេទនាទាំងនោះផង។

៣- ពិធីគោរពព្រះឈើឆ្កាង 

ពីជំនាន់ដើម ជនជាតិរ៉ូមុាំងយកអ្នកទោសឧក្រិដ្ឋទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាងសម្លាប់ចោលយ៉ាងសែនអាម៉ាស់។ ព្រះជាម្ចាស់បែរជាប្រើឈើឆ្កាងដ៏គួរឱ្យខ្មាសនេះ ធ្វើជានិមិត្តរូបនៃការសង្គ្រោះវិញ។ យើងជាគ្រីស្តបរិស័ទជឿជាក់ថា ព្រះអង្គអាចប្រែទុក្ខវេទនា បរាជ័យ និងមរណភាពរបស់មនុស្ស​ឱ្យទៅជាសុភមង្គល ជាសេរីជោគជ័យ និងទៅជាជីវិតដែលគ្មានទីបំផុត។ នេះជាជោគជ័យរបស់ព្រះយេស៊ូគ្រីស្ត។

លោកបូជាចារ្យបង្ហាញឈើឆ្កាង ហើយអញ្ជើញគ្រីស្តបរិស័ទឱ្យចូលមកសម្តែងការគោរព ដោយមានប្រសាសន៍ថា៖

នេះជាឈើដែលគេឆ្កាងព្រះយេស៊ូគ្រីស្ត
គេបានធ្វើគត់ព្រះសង្គ្រោះរបស់មនុស្សលោកនៅលើឈើនេះ។

គ្រីស្តបរិស័ទឆ្លើយថា៖ យើងសូមក្រាបថ្វាយបង្គំព្រះឈើឆ្កាង។

រួចគ្រីស្តបរិស័ទមកថ្វា​យបង្គំព្រះឈើឆ្កាងដោយបញ្ចេញកាយវិការផ្សេងៗ មានឱនក្បាល ក្រាបថ្វាយបង្គំ ថើបជាដើម តាមចិត្តចង់។ ពេលនោះមានស្មូតបទផ្សេងៗ ស្តីអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ឬម្នាក់អាចអានឃ្លាខ្លះដកស្រង់ពីព្យាការីអេសាយ ៥២-៥៣ ទំព័រ ៤៣៥-៤៣៦ ទាំងនឹកសញ្ជឹងផង។

៤- ពិធីទទួលព្រះកាយព្រះគ្រីស្ត

គ្រីស្តបរិស័ទជឿថា ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គមានជ័យជម្នះលើអំពើអាក្រក់គ្រប់យ៉ាង ទ្រង់ស្ថិតនៅជាមួយអ្នកជឿ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គដែលបានបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅ។ ព្រះអង្គរំដោះយើងពីចំណងនានា និងកម្ចាត់អំពើអាក្រក់គ្រប់យ៉ាងចេញពីខ្លួនយើងផង មានចិត្តស្អប់ គំនុំគុំគួន ច្រណែន​ឈ្នានីសជាដើម។

ពាក្យអរព្រះគុណ

បពិត្របព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យមានជីវិតថ្មី ដោយយើងរួមជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ដែលទទួលព្រះកាយ និងព្រះ លោហិតរបស់ព្រះគ្រីស្តនៅពេលនេះ ឱ្យស្ម័គ្រចិត្តបូជាជីវិតតាមព្រះគ្រីស្តផង។

ពាក្យជូនពរបញ្ចប់

បពិត្រព្រះអម្ចាស់! សូមទ្រង់ព្រះមេត្តាប្រទានពរយ៉ាងបរិបូណ៌មកលើប្រជារាស្ត្ររបស់ព្រះអង្គ យើងខ្ញុំនាំគ្នាធ្វើពិធីតម្កើងព្រះបុត្រាព្រះអង្គសោយទិវង្គត ដោយមានសង្ឃឹមថា នឹងរស់ឡើងវិញដូចព្រះបុត្រាដែរ ។ សូមទ្រង់ព្រះមេត្តាលើកលែងទោសរំដោះបាប និងសូមពង្រឹងជំនឿរបស់យើងខ្ញុំផង។