១៥ មីនា ២០២៦

Written on 05/08/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវសែសិបថ្ងៃ​ អាទិត្យទី០៤ ឆ្នាំ«ក» 
 ពណ៌ស្វាយ 

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នារិះគិតអំពីប្រវត្តិនៃប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងនាំគ្នានឹករំពឹងអំពីធម៌មេត្តាករុណារបស់ព្រះអង្គដែលណែនាំ ទាំងប្រវត្តិរបស់គេ ទាំងប្រវត្តិរបស់យើង។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គយាងមកបំភ្លឺមនុស្សលោក។ ជំនឿ ពិតជាពន្លឺដែលធ្វើឱ្យអ្នកជឿទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា។

អត្ថបទទី១ (សម ១៦,១-១៣)

ព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងប្រទានព្រះរាជ្យវង្សឱ្យព្រះបាទដាវីឌ។ យើងជាគ្រីស្តបរិស័ទជឿថា ព្រះរាជ្យវង្សនេះ គឺព្រះយេស៊ូដែលពិតជា ”ព្រះគ្រីស្ត” ។

សូមថ្លែងព្រះគម្ពីរលោកសាម៉ូអែលទី១ (១សម១៦,១ខ,៦-៧,១០-១៣ក)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាម៉ូអែលថា៖ «យើងបោះបង់ស្តេចសាអ៊ូលចោល លែងឱ្យសោយរាជ្យលើជនជាតិអ៊ីស្រាអែលទៀតហើយ!។ ចូរយកស្នែងមកចាក់ប្រេងឱ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឱ្យទៅផ្ទះលោកយេសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងបានជ្រើសរើសយកម្នាក់ឱ្យធ្វើជាស្តេចដែលគាប់ចិត្តយើង»។ កាលលោកសាម៉ូអែលឃើញអេលីយ៉ាបជាកូនម្នាក់របស់លោកយេសាយ គាត់នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយដែលព្រះអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសម្បកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោកដែលមើលតែសម្បកក្រៅប៉ុណ្ណោះទេ គឺព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកយេសាយឱ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាម៉ូអែល តែលោកមានប្រសាសន៍ទៅកាន់លោកយេសាយថា៖ «ក្នុងចំណោមកូនទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ។ តើលោកមានកូនតែប៉ុណ្ណោះទេឬ?» ។ លោកយេសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀតដែលកំពុងតែឃ្វាលចៀម»។ លោកសាម៉ូអែលមានប្រសាសន៍ទៅកាន់លោកយេសាយ​ថា៖ «ចូរឱ្យគេទៅ​ហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកយេសាយចាត់ឱ្យគេទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ លោកសាម៉ូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌនៅចំពោះមុខបងៗ ហើយព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏យាងមកសណ្ឋិតលើយុវជនដាវីឌចាប់តាំងពីពេលនោះមក។

ទំនុកតម្កើងលេខ ២៣(២២),១-៦ បទពាក្យ ៧​​​

១ ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ  
  ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ ។
២ ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ  
  នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង ។
៣ ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចែងចាំង  
  ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ ។
៤ ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ  
  ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ ។
៥ ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោមុខបច្ចា  
  រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញពែងស្រាខ្ញុំហៀរហូរ ។
៦ ព្រះអង្គប្រទានសុភមង្គល ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ  
  មកទូលបង្គំជាហែហូរ ឥតមានឈប់ឈរមួយជីវិត ។
  ដរាបណាជីវិតនៅមាន ខ្ញុំសែនសុខសាន្តឥតមានគិត  
  ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច ។

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ (អភ ៥,៨-១៤)

បងប្អូនជាទីស្រឡាញ់!
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមរស់ជាមួយព្រះអម្ចាស់។ ដូច្នេះ ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន!។ ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឱ្យដឹងថា កាលណាគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតប្រយោជន៍ដែលមកពីសេចក្តីងងឹតនោះឡើយ ស៊ូបើកមុខអំពើទាំងនោះឱ្យគេឃើញ។ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឱ្យខ្មាសណាស់ទៅហើយ។ ក៏ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខ ហើយវានឹងលេចចេញមកឱ្យគេឃើញច្បាស់នៅក្រោមពន្លឺ ដ្បិតអំពើណាដែលលេច​មកឱ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយ បានជាមានថ្លែងទុកមកថា “អ្នកដេកលក់អើយ! ចូរភ្ញាក់ឡើង! ចូរក្រោកឡើង! ចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រីស្តនឹងភ្លឺចាំងមកលើអ្នក!”។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ៨,១២)

ប បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោក។ អ្នកណាទៅតាមព្រះអង្គ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត។
ប បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៩,១-៤១(ឬយ៉ាងខ្លី ៩,១.៦-៩.១៣-១៧.៣៤-៣៨)

ព្រះយេស៊ូយាងចេញពីព្រះវិហារទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើតមក។ 

ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
ក្រុមសាវ័កទូលសួរព្រះអង្គថា៖ «ព្រះគ្រូ! បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្តាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្តាយគាត់?»។ ព្រះយេស៊ូ មានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្តាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះដើម្បីឱ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភព​លោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក »។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ

ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
ព្រះអង្គស្តោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមទៅ!» (ពាក្យ ”ស៊ីឡោម”​ នេះ មានន័យថា “អ្នកដែលគេចាត់ឱ្យទៅ”)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុននាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ! អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។

ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
គេក៏នាំគ្នាសួរគាត់ថា៖ «ម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ ធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមទៅ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។

ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី។ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឱ្យបានភ្លឺនោះជាថ្ងៃសប្ប័ទ ហេតុនេះហើយបានជាពួកខាង​គណៈផារីស៊ីនាំគ្នាសួរម្តងទៀតអំពីហេតុការណ៍ដែលធ្វើឱ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកយក​ភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ពួកខាងគណៈ​ផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពវិន័យសម្រាប់ថ្ងៃសប្ប័ទ»។ អ្នកខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដ៏អស្ចារ្យនេះដូចម្តេចបាន?» ពួកគេក៏បាក់បែកគ្នា។ គេសួរអ្នកដែលខ្វាក់ពីមុននោះម្តងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថាលោកដែលធ្វើឱ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការីមែន!»។

ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវមើលឃើញនោះ ទាល់តែហៅឪពុកម្តាយគាត់មកសួរសិន។ គេសួរទៅឪពុកម្តាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នក ដែលអ្នកថាខ្វាក់ពីកំណើតមែនឬ? ចុះឥឡូវម្តេចក៏ភ្នែកគាត់ភ្លឺ?។ ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា វាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះយើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឱ្យភ្នែកវាភ្លឺនោះក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ! វាធំហើយ វាឆ្លើយខ្លួនឯងបាន!»។ ឪពុកម្តាយគាត់និយាយដូច្នេះ មកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នាបណ្តេញអស់អ្នកដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះគ្រីស្ត ចេញពីធម្មសាលារបស់គេ។ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ! សូមសួរវាទៅ!”។
ពួកខាងគណៈផារីស៊ី បានហៅបុរសដែលខ្វាក់ពីមុននោះមកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាបឬយ៉ាងណានោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺពីមុនខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ»​។ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឱ្យភ្នែកអ្នកភ្លឺដោយវិធីណា?»។ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់​លោកពុំស្តាប់ខ្ញុំទេ។ ហេតុដូចម្តេចបានជាអស់លោកចង់ឱ្យខ្ញុំនិយាយម្តងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើល​ទៅ!»។ ពួកខាងគណៈផារីស៊ី ក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។ យើងដឹងថា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះធ្វើឱ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថាគាត់មក​ពីណាដូច្នេះគួរឱ្យឆ្ងល់ណាស់!។ យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្តាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គប៉ុណ្ណោះ។ តាំងពីដើមរៀងមក យើងមិនដែលឮថាមាននរណាធ្វើឱ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការបានទាល់តែសោះ»។ 

បើអានយ៉ាងខ្លី សូមអានតទៀត
ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្តេញគាត់ចេញទៅខាងក្រៅ។
ព្រះយេស៊ូជ្រាបថា គេបានបណ្តេញគាត់។ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្សឬទេ?»។ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់! តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឱ្យដឹងផងដើម្បីឱ្យខ្ញុំជឿលើព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជា​មួយអ្នកហ្នឹងហើយ ជាបុត្រមនុស្ស»។ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។

បើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឱ្យមនុស្សខ្វាក់នឹងមើលឃើញ ហើយឱ្យមនុស្សមើលឃើញត្រឡប់ទៅជាខ្វាក់វិញ»។ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះជាមនុស្សខ្វាក់ដែរហើយមើល​ទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញ ដូច្នេះហើយបានជាអ្នករាល់គ្នានៅតែជាប់បាបរហូត!»