០៥ មីនា ២០២៦

Written on 15/08/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវសែសិបថ្ងៃ អាទិត្យទី០២
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់មនុស្សដែលមានចិត្តបរិសុទ្ធ ហើយក៏ប្រោសអ្នកបាបឱ្យអាចទៅជាមនុស្សបរិសុទ្ធបានដែរ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតគ្រីស្តបរិស័ទទាំងអស់ឱ្យទៅរកព្រះអង្គវិញ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿំ មាំមួន ធ្វើតាមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំងបំពេញការងាររបស់ខ្លួន ដោយនឹកគិតដល់ព្រះអង្គជានិច្ចផង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៧,៥-១០)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្តាសាពុំខាន! គេប្រៀបបាននឹងដើមឈើក្រិននៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្តៅហួតហែងក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គជាបង្អែក ពិតជាទទួលព្រះពរមិនខាន!។ អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមាន​ឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួតវាមិនព្រួយអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។ ចិត្តមនុស្សតែងតែវៀចវេរមិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។ តែយើងជាព្រះអម្ចាស់ យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះយើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗតាមកិរិយាមារយាទរបស់ខ្លួន និងតាមផលនៃអំពើដែលម្នាក់ៗបានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

១ អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ​ ។
២ តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភ្លឹក ។
៣ អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ ។
៤ រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្តិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ ។
៥ ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត ។
៦ ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្តរាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៨,១៥)

ប សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់!។
គ អ្នកណាដែលចងចាំទុកព្រះបន្ទូលយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បង្កើតផលផ្លែដោយស៊ូទ្រាំខន្តី អ្នកនោះពិតជាមានសុភមង្គល!។
ប សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់!។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (១៦,១៩-៣១) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «មានមនុស្សម្នាក់ជាអ្នកមាន។ គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ។ គាត់កើតដំបៅពេញខ្លួន គាត់តែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ អ្នកក្រឡាសារ ចង់បរិភោគកម្ទេចអាហារដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ ថ្ងៃមួយអ្នកក្រនោះស្លាប់ ពួកទេវទូតនាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំនៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកក្រឡាសារនៅក្បែរលោកដែរ។ គាត់ស្រែកអង្វរលោកអប្រាហាំថា៖ «លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឱ្យយកម្រាមដៃជ្រលក់ទឹកបន្តក់លើអណ្តាតខ្ញុំបន្តិចមក ព្រោះនៅក្នុងភ្លើងនេះខ្ញុំឈឺចុកចាប់ណាស់»។ លោកអប្រាហាំមានប្រសាសន៍ថា៖ «កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយកូនស្គាល់តែសប្បាយ រីឯឡាសារវិញគ្នាស្គាល់តែទុក្ខ។ ឥឡូវនេះឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញកូនត្រូវឈឺចុកចាប់។ ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នាក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ»។ អ្នកមាននោះអង្វរថា ៖ «លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារឱ្យទៅផ្ទះឪពុកខ្ញុំផង ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឱ្យលោកឡាសារទៅប្រាប់គេឱ្យដឹងខ្លួន កុំឱ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ»។ លោកអប្រាហាំឆ្លើយថា៖ «បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីឱ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ»។ អ្នកមានតបទៅលោអប្រាហាំថា៖ «ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត»។ ប៉ុន្តែលោកអប្រាហាំឆ្លើយតបវិញថា៖ «ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេនោះ ទោះបីមានមនុស្សស្លាប់ម្នាក់បានរស់ឡើងវិញទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គប្រោសយើងខ្ញុំឱ្យខិតខំជម្រះចិត្តគំនិត ដើម្បីគាប់ព្រះហប្ញទ័យព្រះអង្គក្នុងរដូវអប់រំពិសេសនេះ។ សូមឱ្យយើងខ្ញុំប្រែចិត្តគំនិតយ៉ាងពិតប្រាកដផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលគង់នៅជាមួយ ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ត។