០៣ មីនា ២០២៦

Written on 17/08/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវសែសិបថ្ងៃ អាទិត្យទី០២
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមទ្រង់ព្រះមេត្តាថែរក្សាព្រះសហគមន៍របស់ព្រះអង្គជានិច្ច។ ប្រសិន​បើព្រះអង្គមិនណែនាំយើងខ្ញុំទេនោះ យើងខ្ញុំពិតជាវង្វេងមាគ៌ាពុំខាន។ សូមព្រះអង្គគាំទ្រយើងខ្ញុំឱ្យជៀសវាងពីសេចក្តីអាក្រក់គ្រប់យ៉ាង ហើយតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យទៅរកព្រះសង្គ្រោះផង!។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (១,១០,១៦-២០)

អ្នករាល់គ្នាជាមេដឹកនាំប្រជាជនអើយ! អស់លោកខូចដូចមេដឹកនាំក្រុងសុដុមពីដើម! ចូរខំស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! អ្នករាល់គ្នាជាប្រជាជនខិលខូច ដូចប្រជាជនក្រុងកូម៉ូរ៉ាពីដើម! ចូរផ្ទៀងត្រចៀកស្តាប់ការប្រៀនប្រដៅរបស់ព្រះនៃយើង។ ចូរលាងសំអាតខ្លួនឱ្យបានស្អាតបរិសុទ្ធ ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ!។ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ។ ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុតិ្តធម៌! ចូរណែនាំអ្នកដែលតែងតែសង្កត់សង្កិនគេឱ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ! ចូររកយុត្តិធម៌ឱ្យក្មេងកំព្រា ចូរការពារស្ត្រីមេម៉ាយផង!។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរមក! យើងពិភាក្សាជាមួយគ្នា! ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅអាក្រក់យ៉ាងណាក្តី ក៏វានឹងប្រែទៅជាសដូចសំឡីវិញដែរ។ ទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ ក៏វានឹងបានសដូចកប្បាសជាមិនខាន។ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តធ្វើតាមបង្គាប់យើង អ្នករាល់គ្នានឹងបរិភោផលល្អៗនៅស្រុកនេះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តចចេសរឹងរូស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!។

ទំនុកតម្កើងលេខ ៥០ (៤៩),៧-៨.១៣-១៤.១៦-១៧.២១.២៣ បទព្រហ្មគីតិ

៧ ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត  
  អ៊ីស្រាអែលកុំគិត យើងនេះពិតព្រះអ្នកហើយ ។
៨ យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ  
  យញ្ញបូជាទាំងឡាយ អចិន្ត្រៃយ៍មិនដែលអាក់ ។
១៣ យើមិនដែលត្រូវការ សាច់គោបាយើងស្អប់ណាស់  
  ហើយក្រៅអំពីនោះ យើងមិនប៉ះឈាមពពែ ។
១៤ តង្វាយផងទាំងឡាយ ដែលអ្នកថ្វាយជាហូរហែ  
  គឺពាក្យតម្កើងដែរ អ្នកត្រូវតែគោរពតាម ។
១៦ ព្រះម្ចាស់មានព្រះបន្ទូល ទៅមនុស្សពោលឥតស្ទើរស្ទាក់  
  ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ ។
  ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ  
  ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា? ។
១៧ ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចា  
  ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ ។
២១ អ្នកដែលធ្លាប់ប្រព្រឹត្ត រឿងឧក្រិដ្ឋឥតកំណើត  
  យើងនៅស្ងៀមម្តេចកើត គ្មានកំណើតយើងដាក់ទោស ។
២៣ អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ  
  យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្គ្រោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (អគ,១៨,៣១)

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត។ ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
គ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ចូរឈប់ប្រព្រឹត្តអំពើអាក្រក់! ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី!”។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត។ ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៣,១-១២) 

ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖ «ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី មានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាម អំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយក​មកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេសូម្បីតែបន្តិចក៏មិនជួយផង។ គេធ្វើកិច្ចផ្សេងៗដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងឡើងៗ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់​លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា៖ “ព្រះគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ! ដ្បិតអ្នករាល់គ្នាមានតែ​ “ព្រះបរមគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ព្រះបិតា” តែមួយគត់ដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកដឹកនាំ” ឡើយ ដ្បិតមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាអ្នកដឹកនាំអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយយញ្ញបូជាដែលផ្តល់សេចក្តីសុខសាន្តឱ្យយើងខ្ញុំ! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ! សូមជម្រះចិត្តគំនិតយើងខ្ញុំឱ្យរួចពីសេចក្តីលោភលន់គ្រប់បែបយ៉ាង! សូមណែនាំយើងខ្ញុំឱ្យកាន់កិរិយាមារយាទថ្មី ស្របតាមព្រះរាជ្យព្រះអង្គផង!។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តឱ្យយើងខ្ញុំ។ យើងខ្ញុំជឿសង្ឃឹមលើព្រះអង្គដែលលើកលែងទោសយើងខ្ញុំជានិច្ចដោយព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យ រស់នៅតាមរបៀបដែលគាប់ព្រះហប្ញទ័យព្រះអង្គផង។