១៩ កុម្ភៈ ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃសុក្រ រដូវសែសិបថ្ងៃ សប្តាហ៍ទី០១
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គជួយយើងខ្ញុំជាបុត្រធីតាព្រះអង្គឱ្យផ្ចិតផ្ចង់រៀបចំខ្លួនធ្វើពិធីបុណ្យចម្លង គឺបុណ្យរំឭកព្រះយេស៊ូសោយទិវង្គត និងទទួលព្រះជន្មថ្មី។ សូមឱ្យការតមខាងផ្លូវកាយនេះ បង្កើតលទ្ធផលល្អខាងផ្លូវចិត្តផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ១៨,២១-២៨)

ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្តីសុចរិត និងយុតិ្តធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិន​ត្រូវស្លាប់ឡើយ។ យើងនឹងបំភ្លេចបទល្មើសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គឺអ្នកនោះ​នឹង​រស់រានមានជីវិត ព្រោះតែអំពើសុចរិតដែលគេបានធ្វើ។ តើអ្នករាល់គ្នាស្មានថា យើង​ចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួនដើម្បីឱ្យរស់រានមានជីវិត។ នេះជាព្រះបន្ទួលរបស់ព្រះជាម្ចាស់។ រីឯ​មនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរ​ស្អប់ខ្ពើមទាំងប៉ុន្មានដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតទៅមុខទៀត​បានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែ​ស្លាប់​ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។ អ្នករាល់គ្នាពោលថា ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ!។ ជនជាតិអ៊ីស្រាអែល​អើយ! ចូរស្តាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្ត​មិនត្រឹមត្រូវ! ប្រសិនបើមនុស្សសុចរិតលែងប្រព្រឹត្តអំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើ​ទុច្ចរិត គេពិតជាត្រូវស្លាប់ គឺគេស្លាប់ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ ផ្ទុយទៅ​វិញ ប្រសិនបើមនុស្សទុច្ចរិតលះបង់ចោលអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ហើយបែរទៅ​ប្រតិបត្តិតាមសេចក្តីសុចរិត និងយុត្តិធម៌ គេនឹងរក្សាជីវិតខ្លួនឱ្យគង់វង្ស។ ប្រសិនបើ​អ្នក​នោះភ្ញាក់ស្មារតី ហើយលះបង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិន​ត្រូវស្លាប់ឡើយ»។

ទំនុកតម្កើងលេខ ១៣០ (១២៩),១-៨ បទពាក្យ ៧

១ បពិត្រព្រះជាអម្ចាស់អើយ ខ្ញុំស្រែកដង្ហើយរកព្រះអង្គ  
  ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់ ។
២ សំឡេងខ្ញុំឮដូចចម្រៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់  
  ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស ។
៣ បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស  
  អំពើបាបកម្មជនស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។
៤ ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ  
  រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព ។
៥ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់  
  សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ ។
៦ ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង  
  ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី ។
៧ ឱ! អ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ  
  មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច ។
៨ ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច  
  គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (អគ ៣៣,១១)

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។
គ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងមិនចង់ឱ្យមនុស្សបាបស្លាប់ទេ។ យើងចង់ឱ្យគេលែងប្រព្រឹត្តអំពើអក្រក់ និងចង់ឱ្យគេមានជីវិត»។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,២០-២៦)

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេ​ថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរ​ជាងសេចក្តីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែង​ប្រាប់បុព្វបុរសថា កុំសម្លាប់មនុស្ស។ អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទា​ទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់​ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរក​អវីចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹងឃើញ​ថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុន​សិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នក​វិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ចូនអ្នកទៅចៅក្រម ចៅក្រមបញ្ចូនអ្នកទៅនគរបាល​ ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា៖ “ដរាបណាអ្នកមិនបានបង់​ប្រាក់ពិន័យគ្រប់ចំនួនឥតខ្វះមួយសេននោះទេ អ្នកនឹងមិនរួចខ្លួនឡើយ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយក្នុងអភិបូជានេះ។ សូមទ្រង់អាណិតអាសូរប្រទានជីវិតថ្មីឱ្យយើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួលក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តគំនិតថ្មី រួមរស់ជាមួយព្រះយេស៊ូជាព្រះសង្គ្រោះ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។