១៤ កុម្ភៈ ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ រដូវសែសិបថ្ងៃ ​
សប្តាហ៍ទី០១ ឆ្នាំ«ខ»
ពណ៌ស្វាយ

ក្នុងរដូវអប់រំពិសេស យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងអំពីគម្រោងការដ៏អសា្ចរ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក។ មនុស្សយើងមានតណ្ហាដែលជាកម្លាំងម៉្យាងធ្វើឱ្យជីវិតចម្រើនឡើងបាន។ តែតណ្ហានេះ ចេះតែដឹកនាំមនុស្សយើងឱ្យភ្លេចម្ចាស់របស់ខ្លួន ហើយបែរជាចង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ (លោភៈ) មិនយល់អំពីអត្ថន័យជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ (មោហៈ) ហើយក៏មានបំណងជិះជាន់សង្កត់សង្កិនអ្នកដទៃដែរ (ទោសៈ)។ តាំងពីដើមរៀង​មក មនុស្សលោកមានប្រជាជនអ៊ីស្រាអែលជាតំណាង បានបណ្តោយខ្លួនតាមតណ្ហានេះ។ ព្រះយេស៊ូពិតជាមនុស្សដូចយើង ព្រះអង្គក៏ជាតំណាងរបស់យើងដែរ។ ព្រះអង្គមិនបណ្តោយខ្លួនឱ្យទៅតាមតណ្ហាលោកីយ៍ទេ គឺបែរចិត្តគំនិតទៅព្រះបិតាក្នុងគ្រប់ការដែលព្រះអង្គបានប្រព្រឹត្ត។ ទ្រង់សព្វព្រះហប្ញទ័យទទួលស្គាល់ព្រះជាម្ចាស់ទុកជាម្ចាស់ជីវិត មិនសព្វព្រះហប្ញទ័យប្រើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គទេ ហើយក៏មិនចង់បានអំណាចលើមនុស្សដែរ។ អ្នកនិពន្ធព្រះគម្ពីរ ពន្យល់សេចក្តីនេះដោយតំណាលអត្ថបទស្តីអំពីព្រះយេស៊ូផ្ចាញ់មារ។ ព្រះអង្គមានជ័យជម្នះលើតណ្ហា ហើយទ្រង់ក៏ប្រោសប្រទានឱ្យគ្រីស្តបរិស័ទមានជ័យជម្នះដូចព្រះអង្គដែរ។

ពាក្យអង្វរពេលចូល

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យមនុស្សលោក ដើម្បីឱ្យយើងខ្ញុំស្គាល់ ស្រឡាញ់ និងបម្រើព្រះអង្គ ព្រមទាំងឱ្យមានសុភមង្គលយ៉ាងពេញលេញផង! ក្នុងរដូវអប់រំពិសេស សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្គាល់ព្រះយេស៊ូគ្រីស្តកាន់តែច្បាស់ឡើងៗ ព្រោះមានតែព្រះយេស៊ូមួយព្រះអង្គគត់ ដែលបង្ហាញមាគ៌ានាំឆ្ពោះទៅកាន់ព្រះអង្គ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត (កណ ៩,៨-១៥)

ក្រោយពីទឹកជន់លិចផែនដី ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេ និងកូនប្រុសទាំងបីរបស់លោកថា៖ «យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សអ្នករាល់គ្នាតរៀងទៅ។ យើងក៏ចងសម្ពន្ធមេត្រីជាមួយសត្វមានជីវិតទាំងប៉ុន្មានដែលនៅជាមួយអ្នករាល់គ្នាដែរ មានបក្សាបក្សី មានសត្វស្រុកសត្វព្រៃ ពោលគឺសត្វទាំងអស់ដែលចេញពីសំពៅជាមួយអ្នករាល់គ្នា។ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចតទៅ គ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិតដោយទឹកជន់លិចទៀតឡើយ ហើយក៏នឹងលែងមានទឹកជន់​លិចបំផ្លាញផែនដីទៀតដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងឡាយដែលនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ធ្នូរបស់យើងនៅលើមេឃ ធ្វើជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយនឹងសត្វលោកនៅលើផែនដី។ ពេលណាយើងប្រមូលពពកឱ្យមូលផ្តុំគ្នាពីលើផែនដីហើយពេលណាឥន្ទធនូលេចចេញនៅកណា្តលពពក ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងឡាយ។ ទឹកក៏លែងជន់លិចបំផ្លាញសត្វលោកទាំងអស់ឱ្យវិនាសទៀតហើយ»។

ទំនុកតម្កើងលេខ ២៥ (២៤),៤-៩ បទពាក្យ ៧

៤ គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន  
  មិនបណ្តោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់ ។
៥ ព្រះជាម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់  
  ហើយព្រះអង្គបានជួយសង្រ្គោះ ទាំងប្រោសឱ្យរស់មានជីវិត ។
៦ អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត  
  ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប ។
៧ ឱ! ទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក ។
៨ តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជម្រក  
  គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក មានជ័យមានជោគលើពិភព ។
៩ ឱ!ទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់  
  ចូរបើកចំហរទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូរមក ។

អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់លោកសិលា (១ សល ៣,១៨-២២)

បងប្អូ​នជាទីស្រលាញ់!
ព្រះគ្រីស្តសោយទិវង្គតម្តងជាស្រេច ព្រោះតែបាប គឺព្រះដ៏សុចរិតបានសោយទិវង្គតជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គរស់នៅក្នុងឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មដោយសារព្រះវិញ្ញាណវិញ។ នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខន្ធដែលជាប់ឃុំឃាំង ជាវិញ្ញាណក្ខន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់សំពៅធំ។ មានមនុស្សមួយចំនួនតូចដែលបានចូលទៅក្នុងសំពៅ និងបានរួចជីវិតដោយសារទឹក គឺមានប្រាំបីនាក់ប៉ុណ្ណោះ។ នេះជានិមិត្តរូបនៃពិធី ជ្រមុជទឹកដែលសង្រ្គោះបងប្អូននាបច្ចុប្បន្នកាល។ តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំង​ស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្រ្គោះបងប្អូនដោយរួមជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីនោះ។ ព្រះអង្គក៏យាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្តាំព្រះជាម្ចាស់ ហើយពួកទេវទូត ព្រមទាំងវត្ថុស័ក្តិសិទ្ធនានា អារក្សអ្នកតាចុះចូលនឹងព្រះអង្គទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,៤)

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។
គ មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់!។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,១២-១៥)

ក្រោយពីព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះវិញ្ញាណនាំព្រះអង្គឆ្ពោះទៅវាលរហោស្ថាន។ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ទាំងត្រូវមារសាតាំងល្បួងព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវទូតបម្រើព្រះអង្គផង។ ក្រោយគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយទ្រង់ប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាម្ចាស់ជីវិតរបស់យើងខ្ញុំ! ព្រះអង្គក៏បានប្រោសប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់! ដោយយើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំទុកជាតង្វាយ រួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ មារបានប្រើឧបាយកលគ្រប់យ៉ាងមកល្បួងព្រះយេស៊ូ តែព្រះយេស៊ូផ្ចាញ់​វាឱ្យរាងចាលវិញ។ ព្រះយេស៊ូបានបង្ហាញមាគ៌ាឱ្យយើងខ្ញុំជៀសផុតពីអំពើបាប ដោយផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលា។ ទ្រង់ក៏ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំមានចិត្តក្លាហាន ក្នុងការធ្វើដំណើរទៅកាន់ព្រះអង្គ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!“។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំ។ ដោយយើងខ្ញុំរួមជាមូយព្រះគ្រីស្តដូច្នេះ យើងខ្ញុំទទួលជីវិតថ្មី មានជំនឿ និងសេចក្តីសង្ឃឹមមាំមួន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាព្រះបន្ទូលព្រះអង្គកាន់តែច្បាស់ឡើងៗផង។