២៨ កុម្ភៈ ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ រដូវសែសិបថ្ងៃ
សប្តាហ៍ទី០៣ ឆ្នាំ«ខ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកអំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលពីដើម ឱ្យមានសេរីភាពដ៏ពិតប្រាកដ។ ព្រះអង្គក៏អប់រំពួកគេក្នុងវាលរហោស្ថាន។ សព្វថ្ងៃព្រះជាម្ចាស់នៅតែរំដោះ និងអប់រំយើងជានិច្ចដូចគេដែរ។ ព្រះយេស៊ូយាងមកប្រទានព្រះអំណោយទានពិសេសរបស់ព្រះបិតាឱ្យអស់អ្នកជឿ គឺព្រះអង្គប្រទានព្រះវិញ្ញាណជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអ្នកផ្ញើជីវិតទៅលើព្រះអង្គ។ មានតែព្រះយេស៊ូមួយព្រះអង្គគត់ដែលអាចណែនាំយើងឱ្យបានគាប់ព្រះហប្ញទ័យព្រះបិតា។

ពាក្យអង្វរពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អស់អ្នកដែលត្រៀមខ្លួននឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ សូមបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំទាំងអស់គ្នាឱ្យទទួលព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គផង។

ធម្មតាក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿត្រៀមខ្លួនបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ត្រូវអានព្រះគម្ពីរដំណឹងល្អតែងដោយសន្តយ៉ូហាន ៤,៥-៤២ ដែលមាន ចែងសម្រាប់ឆ្នាំ “ក” នៅទំព័រ ២៧៨ សូម្បីតែនៅឆ្នាំ “ខ” និងឆ្នាំ “គ” ក៏ត្រូវអាន​អត្ថបទទាំងនោះដែរ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២០,១-១៧ (ឬយ៉ាងខ្លី ១-៣.៧-៨.១២-១៧)

នៅលើភ្នំស៊ីណៃ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលដូចតទៅ៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ មិនត្រូវគោរពបម្រើព្រះណាផ្សេងក្រៅពីយើងឡើយ។

បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ

កុំឆ្លាក់រូបព្រះយកមកថ្វាយបង្គំ កុំយកវត្ថុអ្វីមួយដែលនៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដីធ្វើជាព្រះឡើយ។ កុំក្រាបថ្វាយ​បង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឱ្យអ្នកជំពាក់ចិត្តនឹងព្រះ​ណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណរ ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបញ្ជារបស់យើង។

បើអានយ៉ាងខ្លី សូមអានតទៅទៀត

កុំយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទៅប្រើឥតបានការឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឱ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។ ចូររំឭកថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ។

បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ

អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុសកូនស្រីរបស់អ្នក ទាំងអ្នបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅ ជាមួយ មិនត្រូវធ្វើការអ្វីឡើយ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ ហើយថ្ងៃទីប្រាំពីរ ញែកថ្ងៃនោះធ្វើថ្ងៃដ៏វិសុទ្ធ។ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឱ្យអ្នកមានអាយុយឺនយូរនៅលើ​ដី ដែលព្រះអម្ចាស់ជាព្រះនៃអ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់។ កុំលួចប្លន់គេ កុំធ្វើសាក្សីក្លែងក្លាយ នាំឱ្យអ្នកដទៃមានទោស។ កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ»។

ទំនុកតម្កើងលេខ ១៩(១៨) ,៨-១១ បទកាកគតិ

៨ ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើងថ្កាន
  ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ
    ជាមានប្រាជ្ញា ។
៩ បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
  ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
    ថ្លៃថ្លាត្រចង់ ។
១០ ការគោរពកោត ព្រះអម្ចាស់សោត វិសេសយល់យង់
  ស្ថិតស្ថេរចិរកាល តទៅគង់វង្ស ការវិនិច្ឆ័យទ្រង់
    ក៏ត្រង់ត្រឹមត្រូវ ។
១១ គួរឱ្យប្រាថ្នា ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ
  ផ្អែមជាងទឹកឃ្មុំ ខែចែត្រខែក្តៅ ហូរជោរចេញទៅ
    ចាកពីបង្គង ។

អត្ថបទទី ២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស (១ករ ១,២២-២៥)

បងប្អូនជាទីស្រឡាញ់!
ជនជាតិយូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ ជនជាតិក្រិករកភស្តុតាងតាមប្រាជ្ញា។ រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រីស្តដែលសោយទិវង្គតនៅលើឈើឆ្កាង។ ជនជាតិយូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឱ្យជឿ ហើយជនជាតិដទៃយល់ឃើញថា ជារឿងលេលា។ ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅវិញ ទាំងជនជាតិយូដា ទាំងជនជាតិក្រិក ពាក្យប្រកាសនេះជាព្រះគ្រីស្ត ជាប្ញទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាភាពទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។

 ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (មថ១៧,៥)

ប សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។
គ គ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ត។
ប សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២,១៣-២៥)

បុណ្យចម្លងរបស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នករាល់គ្នា លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីរបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ក្រុមសាវ័កនឹកឃើញសេចក្តីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកបង្ហាញទីសម្គាល់អ្វីឱ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ជនជាតិយូដាតប ថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះ។ ពេលព្រះអង្គទទួលព្រះជន្មថ្មី ក្រុមសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។ ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹមក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គធ្វើ។ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានធម្មវិន័យឱ្យយើងខ្ញុំប្រតិបត្តិតាម ព្រះអង្គក៏សន្យាថា នឹងប្រទានព្រះវិញ្ញាណឱ្យអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គ ក្រៅពីជំនឿរបស់យើងខ្ញុំ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលចាត់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គឱ្យយាងមកបង្ហាញធម៌មេត្តាករុណាព្រះអង្គឱ្យមនុស្សលោកស្គាល់។ ព្រះយេស៊ូពិតជាមាគ៌ានាំយើងខ្ញុំឱ្យគោរពថ្វាយបង្គំព្រះបិតា ដោយសេចក្តីពិត និងដោយព្រះវិញ្ញាណ។ ទ្រង់ប្រោសយើងខ្ញុំ និងអស់អ្នកជឿឱ្យទៅជាបុត្រធីតារបស់ព្រះបិតា ព្រះយេស៊ូក៏ពិតជាជីវិត និងជាសេចក្តីពិត ដែលបំភ្លឺចិត្តគំនិតយើងខ្ញុំដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះបុត្រាឱ្យយើងខ្ញុំទទួល ទានជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ នៅគ្រប់កាលៈទេសៈប្រចំាជីវិតយើងខ្ញុំផង។ ដូច្នេះ យើងខ្ញុំនឹងទៅជាសាក្សីព្រះអង្គសព្វថ្ងៃដែរ។