១១ កុម្ភៈ ២០២៧

Written on 02/10/2026
Catholic Faith Cambodia

ថ្ងៃព្រហស្បតិ៍ រដូវសែសិបថ្ងៃ
ក្រោយថ្ងៃបុណ្យរោយផេះ
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រណីសន្តោសដល់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ក្នុងពេលសម្រេចចិត្តធ្វើការនានា ព្រមទាំងជួយយើងខ្ញុំឱ្យបង្ហើយការងារទាំងនោះ តាមព្រះហប្ញទ័យព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា (ទក ៣០,១៥-២០)

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃនេះ ខ្ញុំឱ្យអ្នកជ្រើសរើសយកជីវិតឬសេចក្តីស្លាប់ អំពើល្អឬអំពើអាក្រក់ ដ្បិតនៅថ្ងៃនេះ ខ្ញុំបង្គាប់អ្នកឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គកាន់តាមបទបញ្ជា ក្រឹត្យវិន័យ និងច្បាប់របស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និង​កើនចំនួនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្តាប់បង្គាប់ព្រះអង្គដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ នៅថ្ងៃនេះខ្ញុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុ​យឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឱ្យអ្នកជ្រើស​រើសយក ជីវិតឬសេចក្តីស្លាប់ ព្រះពរឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឱ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ចូរស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ចូរស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឱ្យអ្នកមានអាយុយឺនយូរ ដើម្បីឱ្យអ្នករស់នៅលើទឹកដីដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឱ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

១ អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ ។
២ តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភ្លឹក ។
៣ អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ ។
៤ រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្តិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ ។
៥ ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត ។
៦ ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្តរាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,១៧)

ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
គ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរប្រែចិត្តគំនិត! ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ»។
ប បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,២២-២៥)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងទទួលជីវិតថ្មីហើយ»។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អី?»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតង្វាយមកថ្វាយព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានប្រោសយើងខ្ញុំឱ្យទៅជាជនដ៏បរិសុទ្ធ ដោយរួមជាមួយព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំ និងសង្រ្គោះយើងខ្ញុំឱ្យរួចពីអំពើបាបនានាផង។