១០ កុម្ភៈ ២០២៦

Written on 07/09/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ» 
ពណ៌ស 

បុណ្យរម្លឹក
សន្តីស្កូឡូស្ទិក ជាព្រហ្មចារិនី


សូមចុចទីនេះ

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស(៨,២២-២៣.២៧-៣០)

នៅថ្ងៃសម្ពោធព្រះវិហារក្រុងយេរូសាឡឹម ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់​ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្តទៅលើ​មេឃ ហើយទូលថា៖ «បពិតព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ​ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រីហើយសម្តែងព្រះហប្ញទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃនិងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យអធិដ្ឋាន និងពាក្យអង្វរបស់​ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្តាប់សម្រែក និង​ ពាក្យអធិដ្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់ឱ្យយើងនៅ”។ ពេល​ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិដ្ឋាននៅទីនេះ សូមទ្រង់់ព្រះសណ្តាប់ផង។ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និង អ៊ីស្រាអែលជាប្រជារាស្រ្តរបស់ព្រះអង្គ​អធិដ្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ផង។ បពិត្រព្រះអម្ចាស់ដែល​គង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោស​ឱ្យយើងខ្ញុំផង!»។

ទំនុកតម្កើងលេខ ៨៤ (៨៣),៣-៥.១០-១១ បទព្រហ្មគីតិ

ខ្ញុំសែនអន្ទះសារ ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់  
  ចង់ចូលវិហារព្រះ ជាអម្ចាស់ទាំងចិត្តកាយ
  ចិត្តចង់នៅជាមួយ ព្រះអង្គជួយមិនរសាយ  
  អស់ពីកម្លាំងកាយ មិនមានណាយរួមទាំងចិត្ត
ត្រចៀកកាំនិងចាប ជាដរាបវានែបនិត្យ  
  សំបុកធ្វើនៅជិត ទីអាសនៈនៃព្រះអង្គ
អស់អ្នកដែលបានស្នាក់ ក្នុងដំណាក់ដ៏ត្រចង់  
  មានសុភមង្គលផង សរសើរថ្កើងទ្រង់មិនឈប់
១០ ឱ! ព្រះជាអម្ចាស់ ទតឱ្យច្បាស់កុំរំលង  
  មើលស្តេចដែលឃុំគ្រង ជាខែលរងបាំងការពារ
  សូមទ្រង់ព្រះសន្តោស មេត្តាប្រោសព្រះរាជា  
  ដែលព្រះអង្គគាំពារ បានអភិសេកដោយប្រេងជ័យ
១១ មួយថ្ងៃដែលនៅក្នុង វិហារទ្រង់សប្បាយក្រៃ  
  ជាងរស់មួយពាន់ថ្ងៃ នៅកន្លែងដទៃទៀត
  ខ្ញុំបានសម្រេចចិត្ត ឈរនៅជិតមិនចង់ឃ្លាត  
  ជាជាងស្នាក់នៅបៀត ក្នុងលំនៅមនុស្សអាក្រក់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម  ទន (១១៩,៣៦.២៩)

!អាលេលូយ៉ា! អាលេលូយ៉ា
បពិត្រព្រះអម្ចាស់! សូមទាក់ទាញចិត្តយើងខ្ញុំ​​ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ! សូមប្រោសយើងខ្ញុំឱ្យប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក(៧,១-១៣)

មានពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួប​ព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេមិនបានលាង​ដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគតាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់ មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីជម្រះខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាធ្វើពិធីលាងពែង លាងថូទឹក លាង ឆ្នាំង លាងតុ ជាដើម ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់ទំនៀមទំម្លាប់របស់ចាស់បុរាណ គឺបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី​អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ ឯចិត្តគេនៅឆ្ងាយពីយើងទេ។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស​ប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូល ទៀតថា៖«អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ពាក្យលោកម៉ូសេបានថ្លែងថា“ចូរគោរពមាតាបិតារបស់អ្នក អ្នក​ណាជេរប្រទេចផ្តាសាមាតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្តាយថា អ្វីៗដែល​កូនត្រូវជូនលោកឪពុកអ្នកម្តាយ កូនបានរាប់ថាជា “គ័របាន់” ស្រេចទៅហើយ (ពាក្យនេះ​​ប្រែថា ទុកជាតង្វាយថ្វាយព្រះជាម្ចាស់) អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្តាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះ​ដែរ»។