២៩ មករា ២០២៧

Written on 30/09/2026
Catholic Faith Cambodia

ថ្ងៃសុក្រ រដូវធម្មតា 
សប្តាហ៍ទី០៣ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ១០,៣២-៣៩)

បងប្អូនជាទីស្រឡាញ់!
សូមនឹកចាំពីគ្រាដំបូង កាលបងប្អូនទើបនឹងបានទទួលលពន្លឺ​ពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន។ ពេលខ្លះបងប្អូនត្រូវគេប្រមាថមើលងាយធ្វើបាបនៅមុខប្រជុំជន ​ពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូគេធ្វើបាបដែរ។ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឱ្យគេរឹបអូស​យកទ្រព្យសម្បត្តិ​របស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹងដែលនឹងធ្វើ​ឱ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះ​ហប្ញទ័យរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យបានទទួលផលតាមព្រះបន្ទូលសន្យា ដ្បិតនៅ​តែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមកទ្រង់នឹងយាង​មកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ រីឯអ្នកសុចរិត ជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតដោយសារជំនឿ។ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេ​ហើយ។ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឱ្យត្រូវវិនាសបាត់បង់​នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្រ្គោះជីវិតយើង។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៣-២៤.៣៩-៤០ បទព្រហ្មគីតិ

៣ ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្តិសិទ្ធិ នោះអ្នកពិតជាសុខសាន្ត ។
៤ ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង ។
៥ ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា ។
៦ ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី ។
២៣ ព្រះម្ចាស់បានពង្រឹង ជំហរនឹងមនុស្សសុចរិត  
  ឱ្យបានមាំមួនពិត រួចទ្រង់គិតសព្វព្រះទ័យ ។
២៤ ទោះបីបើគេភ្លាត់ ជើងមិនស្ទាត់ក៏មិនភ័យ  
  មិនដួលធ្លាក់ដល់ដី ព្រោះបារមីព្រះអម្ចាស់ ។
៣៩ ព្រះម្ចាស់តែសង្រ្គោះ មនុស្សទាំងអស់ឥតទោរម្នេញ  
  ជាកំពែងពោរពេញ ការពារពាំងគ្រាអាសន្ន ។
៤០ ព្រះអម្ចាស់សង្រ្គោះ និងរំដោះមិនភាំងភាន់  
  សង្រ្គោះគេបន្ទាន់ ព្រោះគេជ្រកក្រោមបារមី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៤,២៦-៣៤)

​ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី​ ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀប​ណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើង ​បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូច​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យ​របស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាល​គេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ ​គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូលដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាច​​យល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅ​ដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។