២៤ មករា ២០៧

Written on 29/09/2026
Catholic Faith Cambodia

 ថ្ងៃអាទិត្យ រដូវធម្មតា
សប្តាហ៍ទី០៣ ឆ្នាំ«ខ»
ពណ៌បៃតង

ពាក្យអធិដ្ឋាននៅពេលចូល

 បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយឫទ្ធានុភាពយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ដំណឹងល្អ ស្តីអំពីព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ និងឱ្យធ្វើជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិត យើងខ្ញុំឲ្យទទួលព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណា (យណ ៣,១-៥.១០)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសថា៖ «ចូរក្រោកឡើង! ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឱ្យដឹងអំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ។ អ្នកដើរកាត់ក្រុងនេះ ត្រូវចំណាយពេលអស់បីថ្ងៃទើបបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។

ទំនុកតម្កើងលេខ ២៥ (២៤), ៤-៩ បទពាក្យ ៧

 
៤ ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥ សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។
៦ ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច ។
៧ សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច  
  នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨ ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩ ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៧,២៩-៣១)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនថា ពេលកំណត់កាន់តែកៀកណាស់ទៅហើយ។ ពីពេលនេះតទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោកដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញទ្រព្យ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ក៏ត្រូវកាន់ចិត្តដូចជាមិនប្រើប្រាស់សម្បត្តិលោកីយ៍នោះដែរ ដ្បិតពិភពលោកនេះចេះតែប្រែប្រួលទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,១៤-២០)

ក្រោយពេលដែលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាមា្ចស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម ដើរតាមព្រះអង្គទៅ។ កាលព្រះយេស៊ូយាងទៅ​មុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូក អ្នកទាំងពីរជាកូនលោក​សេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល ហើយក៏ដើរតាមព្រះយេស៊ូទៅ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតា! យើងខ្ញុំសូមថ្វាយនំ និងស្រានេះ ទុកជានិមិត្តរូបនៃកិច្ចការដែលយើងខ្ញុំបានប្រព្រឹត្តក្នុងអាទិត្យនេះ និងជានិមិត្តរូបនៃកិច្ចការរបស់មនុស្សលោកទាំងមូល សម្រាប់ការចិញ្ចឹមជីវិតផង។ សូមទ្រង់ព្រះមេត្តាប្រោសមនុស្សគ្រប់ជាតិសាសន៍ ឱ្យចូលរួមជាធ្លុងតែមួយ ដោយមានព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំជួយឧបត្ថម្ភផង។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀង​ទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រទានព្រះកាយនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ ព្រះអង្គក៏ផ្ញើដំណឹងល្អអំពីការសង្គ្រោះទុកឱ្យព្រះសហគមន៍ ដើម្បីនាំដំណឹងល្អនេះដល់មនុស្សលោកសព្វថ្ងៃដែរ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យបំពេញមុខងាររៀងៗខ្លួនតាមព្រះហឫទ័យរបស់ព្រះអង្គជារៀងរាល់ថ្ងៃ​ផង។