២៥ មករា ២០២៦

Written on 23/09/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«ក»
ពណ៌បៃតង

បុណ្យគោរព សន្តប៉ូលប្រែចិត្តជឿលើព្រះយេស៊ូ
សូមចុចទីនេះ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៨,២៣-៩,៣)

កាលពីមុន ព្រះអម្ចាស់បានធ្វើឱ្យតំបន់សាប៊ូឡូន និងតំបន់ណែបថាលីត្រូវអាម៉ាស់ តែទៅអនាគត ព្រះអង្គនឹងប្រទានឱ្យស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេ ដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។ ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្រ្តព្រះអង្គ ដូចគេសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជ័យភណ្ឌដែរ។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចកាលពីសម័យដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឱ្យរួចពីកណ្តាប់​ដៃនៃជនជាតិម៉ាឌីយ៉ានដែរ។

ទំនុកតម្កើងលេខ ២៧ (២៦), ១-២.៤.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្គ្រោះ  
  មិនឱ្យខ្ញុំខ្លាចនរណាសោះ ជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចា រូតរះម្នីម្នាចូលមកជិត  
  ពួកគេចង់មកផ្តាច់ជីវិត តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី តែមួយគត់ខ្លីឱ្យបានច្បាស់  
  គឺចង់ស្នាក់នៅដំណាក់ព្រះ ឥតមានក្រឡាស់មួយជីវិត
  ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ ប្ញទ្ធានុភាពថ្កុំថ្កើងពិត  
  នឹងថ្វាយបង្គំម្ចាស់ជីវិត ព្រះអង្គគង់ស្ថិតក្នុងវិហារ
១៣ ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ  
  មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន
១៤ ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន  
  ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុខមង្គល

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,១០-១៣.១៧)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តថ្លើមតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសម្រុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ ខ្ញុំទទួលដំណឹងដោយសារក្រុមគ្រួសាររបស់នាងក្លូអេថា មានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា “ខ្ញុំជាកូនចៅរបស់លោកប៉ូល! ”ម្នាក់ទៀតថា“ ខ្ញុំជាកូនចៅរបស់លោក អប៉ូឡូស!” ម្នាក់ទៀតថា “ខ្ញុំជាកូនចៅរបស់លោកកេផាស!” រីឯខ្ញុំវិញ ខ្ញុំជាកូនចៅរបស់ព្រះគ្រីស្ត!។ តើព្រះគ្រីស្តបែងចែកជាភាគច្រើនឬ? តើប៉ូលឬ ដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ូល? ព្រះគ្រីស្តពុំបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជទឹកទេ គឺទ្រង់ចាត់ខ្ញុំឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្តែ ខ្ញុំប្រកាសដំណឹងល្អ មិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញា ក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្តនៅលើឈើឆ្កាងទៅជាអសារឥតការនោះឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ១,៦៨-៧៩)

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ពន្លឺឱ្យយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ៤,១២-១៧)

កាលព្រះយេស៊ូជ្រាបដំណឹងថា គេចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញ​ពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាផានុមជិតមាត់សមុទ្រក្នុងតំបន់សាប៊ូឡូន និងតំបន់ណែបថាលី ដើម្បីឱ្យបានស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយថា៖ «ដែនដីសាប៊ូឡូន និងដែនដីណែបថាលីដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែលអង្គុយនៅក្នុងទីងងឹតបានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នករស់ក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់»។ តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។