២០ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

 ថ្ងៃពុធ រដូវធម្មតា
សប្តាហ៍ទី០២ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ៧,១-៣,១៥-១៧)

បងប្អូនជាទីស្រលាញ់!
ព្រះបាទមែលគីសេដែកជាព្រះមហាក្សត្រនៅក្រុងសាឡឹម ​និងជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ទៅជួបលោកអប្រាហាំដែលវិលមកពី​វាយឈ្នះស្តេចនានា ហើយទ្រង់ក៏ជូនពរលោក។ លោកអប្រាហាំយកមួយភាគដប់នៃអ្វីៗទាំងអស់ដែលលោកមានមកថ្វាយព្រះបាទមែលគីសេដែក។ ព្រះនាមរបស់​ស្តេចនេះមានន័យថា “ស្ដេចប្រកបដោយសេចក្ដីសុចរិត” ហើយទ្រង់ក៏ជាស្ដេចក្រុង​សាឡឹមថែមទៀត ដែលមានន័យថា “ស្តេចនៃសេចក្តីសុខសាន្ត”។ គ្មានចែងអំពីមាតាបិតា និងអំពីវង្សត្រកូលទេ ហើយគ្មានចែងអំពីដើមកំណើត នឹងចែងអំពីចុងបញ្ចប់​របស់ព្រះអង្គដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ​រហូតតរៀង​ទៅ។ មានបូជាចារ្យម្នាក់ទៀតដូចស្តេចមែលគីសេដែក គឺព្រះយេស៊ូ។ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យតាមវិន័យ និងក្រិត្យក្រមរបស់មនុស្សលោក​ឡើយ គឺទ្រង់បានទទួលមុខងារនេះតាមប្ញទ្ធានុភាពនៃព្រះជន្មដែលមិនចេះសាបសូន្យ​ ដ្បិតគម្ពីរបានផ្តល់សក្ខីភាពអំពីព្រះអង្គថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ​តាមរបៀបព្រះបាទមែលគីសេដែក»។

ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ

១ ព្រះអម្ចាស់មាន បន្ទូលមកកាន់ ព្រះរាជាខ្ញុំ
  ថាសូមអញ្ជើញ អង្គុយខាងស្តាំ កុំនៅសំងំ
    ចាំយើងចាត់ចែង ។
  ទម្រាំដល់យើង បង្រ្កាបពួកខ្មាំង ចិត្តធំឥតក្រែង
  យើងដាក់វានៅ ក្រោមជើងព្រះស្តែង ទោះវាស្រែកក្តែង
    អ្នកកុំខ្វល់ខ្វាយ ។
២ សូមព្រះប្រទាន ព្រះករុណាបាន លាតសន្ធឹងឆ្ងាយ
  ព្រះរាជ្យព្រះអង្គ ពីស៊ីយ៉ូននាយ តទៅអន្លាយ
    បង្រ្កាបលើខ្មាំង ។
៣ ថ្ងៃព្រះករុណា កេណ្ឌទ័ពនោះណា ប្រជាទូទាំង
  រួមនិងយុវជន ស្ម័គ្រស្មោះទៅច្បាំង ដូចសន្សើមខ្លាំង
    ធ្លាក់ចុះរាល់ថ្ងៃ ។
៤ ព្រះអម្ចាស់មាន បន្ទូលថ្កើងថ្កាន សន្យាថ្លាថ្លៃ
  លោកបូជាចារ្យ ជាអចិន្ត្រៃយ៍ យកតាមនិស្ស័យ
    មែលគីសេដែក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយ​ពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,១-៦)

​ព្រះយេស៊ូយាងចូលទៅក្នុងធម្មសាលា។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនោះឱ្យជានៅថ្ងៃសប្ប័ទ​ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើង មកឈរនៅកណ្តាលឯណេះ!»។ បន្ទាប់មក ព្រះអង្គមាន​ព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើ​អាក្រក់? តើត្រូវសង្រ្គោះមនុស្ស ឬត្រូវប្រហារជីវិតចោល?»។ គេនៅស្ងៀមទាំង​អស់គ្នា​ ព្រះយេស៊ូបែរព្រះភ័ក្រ្តទត​មើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយ​ព្រះអង្គព្រួយព្រះហប្ញទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលើកដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់​ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ហើយទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។