០៥ កុម្ភៈ ២០២៧

Written on 01/10/2026
Catholic Faith Cambodia

ថ្ងៃសុក្រ រដូវធម្មតា 
សប្តាហ៍ទី០៤ ឆ្នាំ«សេស»
ពណ៌ក្រហម

បុណ្យរម្លឹកចាំបាច់
សន្តីអាហ្គាថ ជាព្រហ្មចារិនី និងជាមរណសាក្សី

សូចចុចទីនេះ

នាងអាហ្កាថ កើតនៅកោះស៊ីលីស (ខាងត្បូងប្រទេសអ៊ីតាលី )។ នៅឆ្នាំ ២៥១ ព្រះ​ចៅ​អធិរា​ជ​ រ៉ូមុំាងឌែស បៀតបៀនគ្រីស្តបរិស័ទ។ មានគ្រីស្តបរិស័ទជាច្រើន ជាពិសេស​អ្នក​រាជ​ការបាន​លះ​បង់​ជំនឿ បដិសេធន៍មិនទទួលស្គាល់ព្រះគ្រីស្ត។ រីឯយុវជនយុវនារីជាច្រើនវិញ មានចិត្តក្លាហាន ហ៊ាន​បូជា​ជីវិត​ព្រោះតែជំនឿរបស់ខ្លួន។ នាងអាហ្កាថ ជាស្រីក្រមុំម្នាក់ក្នុងចំណោមយុវជនយុវនារីទាំងនោះ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ១៣,១-៨)

បងប្អូនជាទីស្រឡាញ់!
ចូរស្រឡាញគ្នាជាបងប្អូនឱ្យបានជាប់ជានិច្ច។ សូមកុំភ្លេច​ទទួលអ្នកដ៏ទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវទូត​ទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំង ហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មាន​រូបកាយ ចេះឈឺចាប់ដូចគេដែរ។ សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ កុំបណ្តោយខ្លួនឱ្យឈ្លក់នឹងការស្រឡាញ់​ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោល​ដែរ”។ ហេតុនេះហើយ បានជាយើងហ៊ាននិយាយ ដោយចិត្តរឹងប៉ឹងថា៖ «ព្រះអម្ចាស់​នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?”។ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាម​ជំនឿរបស់លោកទៅ។ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូត​ដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។

ទំនុកតម្កើងលេខ ២៧ (២៦),១.៣.៥.៩ បទពាក្យ ៧

១ ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្រ្គោះ  
  មិនឱ្យខ្ញុំខ្លាចនរណាសោះ ជាកំពែងខ្ពស់ជួយជីវិត ។
៣ ទោះមានទ័ពច្រើនមករោមរិត​ ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល  
  ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ ។
៥ ពេលខ្ញុំជួបគ្រោះអាសន្នភ័យ ព្រះអង្គដឹកដៃខ្ញុំម្នីម្នា  
  ចូលខ្លួនជ្រកក្នុងព្រះពន្លា បំពួនអាត្មាថ្មដាបាំង ។
៩ សូមទ្រង់អាណិតដល់រូបខ្ញុំ កុំពួនសំងំនៅលួចលាក់  
  កុំព្រះពិរោធកុំអន់អាក់ កុំបណ្តេញអ្នកបម្រើចោល ។
  ព្រះអង្គសង្រ្គោះទូលបង្គំ កុំទុករូបខ្ញុំនៅតែលតោល  
  ឱព្រះសង្រ្គោះដូចស្រមោល កុំទុកខ្ញុំចោលដូច្នេះណា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៥,១០)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុខភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,១៤-២៩)

ព្រះបាទហេរ៉ូដបានព្ញគេនិយាយអំពីព្រះយេស៊ូ ដ្បិតព្រះកិត្តិនាមរបស់ព្រះអង្គបានល្បីខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្តបានរស់ឡើយវិញ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យ»។ អ្នកខ្លះថា៖ «លោកជាព្យាការី​អេលី»។ ហើយខ្លះទៀតថា៖ «លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីសម័យដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហានដែលយើងឱ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើង​វិញហើយ»។ ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីឡើយ»។ ព្រះនាង​ហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដវិសុទ្ធ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែក មិនដឹងជាត្រូវគិតយ៉ាងណា។ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្រ្តី មេទ័ព និងនាម៉ឺនធំៗក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងចូលមករាំ ធ្វើឱ្យស្តេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹង​ឱ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសុំពីយើង យើងនឹងឱ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅទូលសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្តេចវិញភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសឥឡូវនេះ!»។ ស្តេចព្រួយក្នុងព្រះហប្ញទ័យក្រៃលែង តែទ្រង់មិនហ៊ានបដិសេដឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ទ្រង់បញ្ជាទាហានម្នាក់ឱ្យទៅ​យកក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុក កាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយមកប្រគល់ឱ្យនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់​លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។