ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង
បុណ្យរម្លឹក សន្តអន់ទន នៅអ៊េស្ស៊ីប ជាចៅអធិការ
ពណ៌ស
សូមចុចទីនេះ
លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោកចូលក្នុងព្រះវិហារមួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗទាំងអស់ដែលអ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេលនោះ លោកសម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារល្បួងគាត់ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោកទទួលមរណភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ៩,១-៤.១៧-១៩)
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរស់ម្នាក់ឈ្មោះគីស លោកជាអភិជនមួយរូប មានកូនប្រុសម្នាក់ឈ្មោះសាអ៊ូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មានអ្នកណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់ ។ ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីសជាឪពុករបស់លោកសាអ៊ូលវង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសាអ៊ូលជាកូនថា៖«ចូរនាំអ្នកបម្រើម្នាក់មក ហើយប្រញាប់ទៅតាមរកលាញីទាំងនោះ»។ លោកសាអ៊ូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ទៅស្រុកបេនយ៉ាមីនក៏នៅតែរកពុំឃើញដដែល ។ អ្នកទាំងពីរសម្រេចចិត្តទៅសួរលោកសាមូអែល ។ ពេលលោកសាមូអែលឃើញលោកសាអ៊ូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«គឺបុរសនេះហើយ ដែលយើងបានប្រាប់អ្នក គេនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង»។ លោកសាអ៊ូលចូលទៅជិតលោកសាមូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ លោកសាមូអែលមានប្រសាសន៍តបទៅលោកសាអ៊ូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំឡើងទៅទីសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ» ។
ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ
| ២. | បពិតអម្ចាស់ | រាជាអរណាស់ | ព្រោះតែប្ញទ្ធា |
| នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
| មានជោគមានជ័យ | ។ | ||
| ៣. | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
| ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
| របស់រាជា | ។ | ||
| ៤. | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
| ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
| រុងរឿងប្រណីត | ។ | ||
| ៥. | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
| ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកំរិត | |
| អង្វែងឥតស្រាន្ត | ។ | ||
| ៦. | ដោយព្រះអម្ចាស់ | មានជ័យជំនះ | រាជាក៏បាន |
| ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
| ថ្លៃថ្លាឧត្តម | ។ | ||
| ៧. | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
| ទ្រង់គងជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
| អំណរបរិបូណ៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៣០,៧)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,១៣-១៧)
ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័កថា៖«ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖«មនុស្សមានសុខភាពល្អ មិនត្រូវការគ្រូវពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុរចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។