ថ្ងៃពុធ

Written on 21/01/2026
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

យើងខ្ញុំទាំងអស់គ្នាអររីករាយ

យើងខ្ញុំទាំងអស់គ្នាអររីករាយ ដោយបានជួបជុំគ្នានៅទីនេះ  
  ដើម្បីបន្លឺសូរស័ព្ទចម្រៀង ច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា
យើងខ្ញុំសូមជឿជាក់ប្រាកដមែន ព្រះអង្គគង់សណ្ឋិតនៅទីនេះ  
  យើងខ្ញុំសូមលើកហត្ថឡើងវន្ទា ក្រាបថ្វាយបង្គំព្រះមហាក្សត្រ
យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ  
  ហេតុនេះយើងខ្ញុំសូមធ្វើសច្ចា ស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន
យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គ សង្ឃឹមថាព្រះអង្គរំដោះទុក្ខ  
  សង្ឃឹមបានចូលស្ថានបរមសុខ សប្បាយរីករាយអស់កល្បជានិច្ច

ទំនុកតម្កើងលេខ ៣១ ឱ!ព្រះអម្ចាស់អើយ! ខ្ញុំសូមប្រគល់ចិត្ដខ្ញុំទៅក្នុងព្រះហស្ដព្រះអង្គ

 «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ»។ (លក ២៣,៦)
រដូវធម្មតា ព្រះអម្ចាស់ជាសិលា និងជាកំពែងការពារទូលបង្គំ។
រដូវរង់ចាំ
អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំ។
រដូវបុណ្យណូអែល
ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។
រដូវសែសិបថ្ងៃ
ឱ!ព្រះដ៏សុចរិតអើយ! សូមមករំដោះទូលបង្គំជាប្រញាប់។
រដូវបុណ្យចម្លង
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

បពិត្រព្រះអម្ចាស់ ទូលបង្គំសូមជ្រកក្រោមម្លប់ព្រះបារមីព្រះអង្គ
សូមកុំឱ្យទូលបង្គំខកចិត្តឡើយ

ឱ!ព្រះដ៏សុចរិតអើយ! សូមរំដោះទូលបង្គំផង។
សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់!

សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។
ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំ

សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។
សូមប្រោសឱ្យទូលបង្គំបានរួចពីអន្ទាក់ដែលពួកគេដាក់ចាំចាប់ទូលបង្គំ។
 
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំហើយ។
ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ។

បពិត្រព្រះអម្ចាស់ ជាព្រះដែលអាចទុកចិត្តបាន ព្រះអង្គបានដោះលែងទូលបង្គំ។
ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ
ទូលបង្គំស្អប់អស់អ្នកដែលបម្រើព្រះក្លែងក្លាយ។

ទូលបង្គំមានចិត្តត្រេកអរសប្បាយជាខ្លាំង
ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ
ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។

ព្រះអង្គមិនបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាយរបស់ខ្មាំងសត្រូវឡើយ។
ព្រះអង្គប្រទានឱ្យទូលបង្គំមានសេរីភាព និងងើបឡើងវិញ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ អាម៉ែន។

ទំនុកតម្កើងលេខ ៣១(៣០) បទកាកគតិ

ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សូមជ្រកក្រោមម្លប់
  ជារៀងរហូត ឥតមានឈរឈប់ ទាំងថ្ងៃទាំងយប់
    សូមរំដោះផង
សូមទ្រង់ផ្ទៀងស្តាប់ ពាក្យខ្ញុំរៀបរាប់ មិនឱ្យមានឆ្គង
  សូមរំដោះខ្ញុំ ឱ្យឆាប់តែម្តង ជាកំពែងផង
    សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលា កំពែងថ្មដា ពាំងទូលបង្គំ
  សូមជួយដឹកនាំ ឆ្លងផ្លូវតូចធំ តម្រង់ទិសខ្ញុំ
    ដោយយល់ព្រះនាម
សូមប្រោសឱ្យរួច ពីពួកមនុស្សខូច ពួនឃ្លាំចាំយាម
  សូមជួយរំដោះ ពីអន្ទាក់ភ្លាម ដ្បិតតែព្រះនាម
    ទ្រង់ជួយការពារ
ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន
ទូលបង្គំសូមផ្ញើ ជីវិតទៅលើ ព្រះម្ចាស់ថ្កើងថ្កាន
  ហើយខ្ញុំក៏ស្អប់ មនុស្សចិត្តសាមាន្យ ស្មោះស្ម័គ្រផ្ញើប្រាណ
    លើព្រះក្លែងក្លាយ
ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ
  ដោយសារព្រះអង្គ ទ្រង់មានព្រះទ័យ ករុណាប្រណី
    ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយ ឱ្យរូបខ្ញុំធ្លោយ ខ្លោចផ្សាគ្រាំគ្រា
  ធ្លាក់ទៅក្នុងដៃ របស់បច្ចា សូមទ្រង់ករុណា
    មេត្តាប្រណី
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃឯក ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ១៣០ ព្រះអង្គតែងតែអត់ទោសជានិច្ច

ព្រះយេស៊ូនឹងសង្គ្រោះប្រជារាស្រ្ដព្រះអង្គឱ្យរួចពីបាបរបស់គេ (​មថ ១,២១)។

បន្ទរៈ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច។ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។

បពិត្រព្រះអម្ចាស់!
ទូលបង្គំស្រែកអង្វរព្រះអង្គពីក្នុងរណ្ដៅដ៏ជ្រៅ

ឱ!ព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចអង្វររបស់ទូលបង្គំផង!

បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គចងចាំកំហុសរបស់យើងខ្ញុំទុកនោះ
គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។

ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច
ដូច្នេះ យើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។

ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។
ខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។


ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។

អ៊ីស្រាអែលអើយ! ចូរទុកចិត្តលើព្រះអម្ចាស់
ដ្បិតព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!


ព្រះអង្គនឹងរំដោះអ៊ីស្រាអែលឱ្យរួចពីកំហុសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត។
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៣០ (១២៩) បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយ ខ្ញុំស្រែកដង្ហើយរកព្រះអង្គ  
  ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចំរៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់  
  ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស  
  អំពើបាបកម្មជនស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ  
  រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់  
  សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ
ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង  
  ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី
ឱ! អ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ  
  មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច  
  គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អភ ៤,៣០.៣២

កុំធ្វើឱ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្តោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្តោសបងប្អូន ដោយសារព្រះគ្រឹស្តដែរ។

បន្ទរ: ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ។

  • ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង​
ដេកលង់លក់។ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូជាអម្ចាស់! នឹមរបស់ព្រះអង្គស្រួល ហើយបន្ទុកដែលព្រះអង្គដាក់លើយើងខ្ញុំក៏ស្រាលដែរ។ ដូច្នេះ យើងខ្ញុំសូមប្រគល់បន្ទុកដែលយើងខ្ញុំមាននៅថ្ងៃនេះ ទៅក្នុងព្រះហស្ដព្រះអង្គវិញ សូមឱ្យយើងខ្ញុំបានសម្រាកនៅក្បែរព្រះអង្គ ដោយព្រះអង្គសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមព្រះដ៏មានតេជានុភាពសព្វប្រការ បណ្តេញសេចក្ដីអាក្រក់ទាំងប៉ុន្មានឱ្យឃ្លាតឆ្ងាយពីយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានទទួលព្រះពរពីព្រះអង្គវិញ។