ថ្ងៃសុក្រ

Written on 02/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ទូលព្រះបង្គំខ្ញុំ

បន្ទរ ទូលព្រះបង្គំខ្ញុំ ទៅដល់ដំណាក់ព្រះម្ចាស់ ទ្រង់ធ្វើឱ្យខ្ញុំរីករាយ
សូមព្រះម្ចាស់វិនិច្ឆ័យទូលបង្គំ ហើយកាត់ក្ដីប្រទានឱ្យទូលបង្គំ
ព្រះអង្គបានផ្ដល់កម្លាំងឱ្យខ្ញុំមែន តើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ
សូមព្រះម្ចាស់បំភ្លឺចិត្ដខ្ញុំឱ្យជឿ ដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ

ទំនុកតម្កើងលេខ ៨៨ ពេលយប់ខ្ញុំស្រែកហៅព្រះអង្គ

ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលព្រះម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច (លក ២២,៥៣)។
រដូវធម្មតា ទូលបង្គំស្រែកហៅព្រះអង្គទាំងថ្ងៃទាំងយប់។

រដូវរង់ចាំ

ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ។

រដូវបុណ្យណូអែល

បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះសង្គ្រោះនៃទូលបង្គំ។

រដូវសែសិបថ្ងៃ

ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

បពិត្រព្រះអម្ចាស់ជាព្រះសង្រ្គោះនៃទូលបង្គំ!
ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំស្រែកហៅព្រះអង្គទាំងយប់ទាំងថ្ងៃ។

សូមឱ្យពាក្យអង្វររបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ!
សូមផ្ទៀងព្រះកាណ៌ស្តាប់សូរសម្រែករបស់ទូលបង្គំផង!

ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា
សេចក្តីស្លាប់ខិតមកជិតទូលបង្គំហើយ។

គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សស្លាប់
ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលផុតជីវិត

ទូលបង្គំដេកស្ដូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ
គីដូចអ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។

ព្រះអង្គបានបោះបង់ទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ
ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។

ព្រះពិរោធរបស់ព្រះអង្គសង្កត់ទូលបង្គំ
ដូចទឹករលកបក់បោកមកលើទូលបង្គំ។

ព្រះអង្គបានធ្វើឱ្យអស់អ្នកដែលជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
ព្រះអង្គធ្វើឱ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
១០
ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក
បពិត្រព្រះអម្ចាស់! ទូលបង្គំស្រែកអង្វរព្រះអង្គជារៀងរាល់ថ្ងៃ!
ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
១១
តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ នឹងក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២
តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣
តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឫ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤
ឱ!ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្ត្រព្រះអង្គតាំពីព្រឹក។
១៥
ឱ!ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?
១៦
ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្លេះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨
ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩
ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះដែលនៅជាមួយទូលបង្គំ។
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ  
  ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា  
  សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក  
  ខ្លោចផ្សាជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត ?
គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត  
  ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់  
  បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា  
  ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ  
  ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ
ព្រះអង្គឱ្យអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ  
  ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង
១០ ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង  
  ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី
១១ តើមនុស្សដែលស្លាប់ទៅ នឹងនិត្យនៅក្រោកឃ្មាតខ្មី  
  តម្កើងជោគសិរី ព្រះអង្គថ្លៃកើតឬទេ?
១២ តើអ្នកនៅក្នុងផ្នូរ អាចថ្លែងអរគិតរិះរេ  
  ពីព្រះទ័យស្និទ្ធស្នេហ៍ ព្រះអង្គដែរកើតទេឬ ?
១៣ តើពួកអ្នកដែលស្ថិត ទីងងឹតអាចដឹងឮ  
  ស្គាល់ស្នាដៃរន្ទឺ ព្រះអង្គឬ ដូចម្តេចបាន ?
១៤ ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន្ត  
  អង្វរម្ចាស់ថ្កើងថ្កាន លំឱនប្រាណតាំងពីព្រឹក
១៥ ឱព្រះអម្ចាស់អើយ ហេតុម្តេចឡើយទ្រង់មិននឹក  
  ចោលខ្ញុំឱ្យវរវឹក មិននានឹកខ្ញុំយ៉ាងនេះ ?
១៦ ខ្ញុំលំបាកកាយា ជិតមរណាពីក្មេងម៉េ្លះ  
  ព្រះអង្គធ្វើយ៉ាងនេះ ឱ្យខ្ញុំអស់ក្តីសង្ឃឹម
១៧ ព្រះពិរោធព្រះអង្គ សង្កត់ត្រង់លើរូបខ្ញុំ  
  ធ្វើឱ្យទូលបង្គំ ភ័យអួលងំបាត់ស្មារតី
១៨ ទុក្ខទោសនេះដូចជា ផ្ទៃជលសាធំពេកក្រៃ  
  ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ គ្មានប្រណីគ្របពីលើ
១៩ ព្រះអង្គបានដេញមិត្ត ធ្លាប់ជិតស្និទ្ធមិនអើពើ  
  ចេញឆ្ងាយលែងងាកមើល ខ្ញុំស្ទាក់ស្ទើរនៅកំព្រា
  រូបខ្ញុំប្រែធុញងប់ លំបាកសព្វវេទនា  
  ឃើញតែភាពអន្ធិកា នៅជាគ្នាជាប់រហូត
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៤,៧.៩ខ)

ឱ!ព្រះអម្ចាស់អើយ! យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ឱ!ព្រះអម្ចាស់អើយ ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់យើងខ្ញុំឡើយ។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង
ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! សូមឱ្យការរស់ឡើងវិញដ៏ត្រចះត្រចង់របស់ព្រះគ្រឹស្ត បំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចជៀសផុតពីសេចក្តីស្លាប់ ហើយទទួលពន្លឺដ៏អស់កល្បជានិច្ចក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ យើងខ្ញុំសូមទូលអង្គរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ដែលបានសង្គ្រោះយើងខ្ញុំ ដោយសោយទិវង្គតលើឈើឆ្កាង គង់នៅជាមួយយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ ហើយទទួលជីវិតដ៏បរិបូណ៌ផង។ អាម៉ែន។