ថ្ងៃអង្គារ

Written on 04/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ឱ! ព្រះជាម្ចាស់សូមការពារខ្ញុំ

បន្ទរ ឱ! ព្រះជាម្ចាស់ ខ្ញុំសូមព្រះអង្គការពារខ្ញុំ  
  ខ្ញុំសូមជ្រកកោន ក្រោមម្លប់បារមីព្រះអង្គ ។
១ ខ្ញុំសូមទូលថា ព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ  
  មានតែព្រះអង្គទេ ដែលជាសុភមង្គលរបស់ខ្ញុំ  
  គ្រប់ពេលវេលា ព្រះអង្គគង់នៅជាមួយយើងខ្ញុំ  
  ខ្ញុំមិនភ្លេចស្មារតី ខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ ។
២ ឱ ! ព្រះអង្គអើយ ទ្រង់ជាសម្បត្តិមរតកខ្ញុំ  
  ខ្ញុំយល់ប្រត្យក្ស ព្រះអង្គស្រឡាញ់ខ្ញុំពិតមែន  
  ព្រះអង្គទ្រង់សម្តែង ឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត  
  ព្រះអង្គប្រោសប្រទាន ឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ ។
៣ ខ្ញុំសែនសប្បាយ ដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច  
  ព្រះអង្គត្រាស់ហៅខ្ញុំ ឱ្យរស់នៅជាមួយព្រះអង្គ  
  សូមលំទោនកាយ សូមថ្វាយសិរីយសជោគជ័យ  
  ឆ្ពោះព្រះជាអម្ចាស់ ដែលទ្រង់គង់នៅជាដរាប ។

ទំនុកតម្កើងលេខ ១៤៣ សូមព្រះវិញ្ញាណដឹកនាំខ្ញុំ

យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យ​បានសុចរិត ដោយការប្រព្រឹត្ដតាមវិន័យទេ គឺបានសុចរិតដោយសារជឿលើព្រះយេស៊ូគ្រីស្ដវិញ (២ ករ ១,៣)។
រដូវធម្មតា ឱ្យព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិត។

រដូវរង់ចាំ

ទូលបង្គំផ្ចង់ចិត្ដទៅរកព្រះអង្គ សូមកំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ!។

រដូវបុណ្យណូអែល

ទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ទូលបង្គំលើកដៃអង្វរព្រះអង្គ។

រដូវសែសិបថ្ងៃ

សូមកុំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

១ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចរបស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យសុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
២
សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ទៅកាត់ក្តីឡើយ។
ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
៣
ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ
គេយកទូលបង្គំទៅឃុំក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។

៤

ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទ័លគំនិត។
៥
ទូលបង្គំនឹកទៅដល់ជំនាន់ដើម
ទូលបង្គំសញ្ជឹងគិតកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្ត
ទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ថរបស់ព្រះអង្គ។
៦
ទូលបង្គំលើកដៃអង្វរព្រះអង្គ
ទូលនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ដូចជាដីហួតហែង។
៧
ឱ!ព្រះអម្ចាស់អើយ! សូមឆ្លើយតបមកទូលបង្គំជាប្រញាប់
ទូលបង្គំបាក់ទឹកចិត្តហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ!
ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
៨
សូមសម្ដែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ឱ្យទូលបង្គំស្គាល់តាំងពីព្រលឹម
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
សូមប្រោសប្រទានឱ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
៩
ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីខ្មាំងសត្រូវ
ទូលបង្គំមកជ្រកកោននឹងព្រះអង្គ។
១០
សូមបង្រៀនទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យព្រះអង្គ
ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គ
ដឹកនាំទូលបង្គំឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១១
ឱ!ព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិត
សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៤៣(១៤២) បទពាក្យ៧

១ ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ  
  ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ សូមឆ្លើយតបតដោយប្រណី ។
២ សូមកុំចាប់ទោសយកកំហុស អ្នកបម្រើស្មោះទៅកាត់ក្តី  
  ដ្បិតគ្មានជនសុចរិតប្រពៃ ចំពោះភក្ត្រព្រះអង្គឡើយ ។
៣ ពួកខ្មាំងសត្រូវតាមយាយី ពីគ្រប់ទិសទីមិនកន្តើយ  
  ឃុំខ្ញុំក្នុងទីងងឹតហើយ ដូចអ្នកក្សិណក្ស័យយូរណាស់ណា ?
៤ ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត ទាល់ទាំងគំនិតក្នុងកាយា  
  ថយទាំងកម្លាំងខ្វះប្រាជ្ញា មិនដឹងគិតថាត្រូវធ្វើម៉េច ? ។
៥ ខ្ញុំនឹកទៅដល់ជំនាន់មុន សញ្ជឹងគូរគន់គ្រប់ភារកិច្ច  
  ជាស្នាព្រះហស្តល្អបណ្តាច់ ឥតមានកលល្បិចគ្មានទើសទាល់ ។
៦ ដៃខ្ញុំអង្វរខ្លួនបែរក្រាប ដាក់កាយឱ្យទាបមុខព្រះម្ចាស់  
  ដូចដីហួតហែងបែកប្រេះអស់ ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក ។
៧ ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយតបឆ្លើយឱ្យញយញឹក  
  ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ ។
  ព្រោះតែខ្ញុំដូចជាមនុស្ស ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម  
  គ្មាននរណាជួយអស់សង្ឃឹម ដូចមេឃរលឹមគ្មានរស្មី ។
៨ សូមទ្រង់បង្ហាញធម៌មេត្តា សន្តោសករុណាត្រាប្រណី  
  ខ្ញុំផ្ញើរូបកាយជីវិតក្តី លើព្រះម្ចាស់ថ្លៃរួចទៅហើយ ។
  សូមប្រោសប្រទានឱ្យខ្ញុំស្គាល់ មាគ៌ានិមលកុំកន្តើយ  
  ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ ព្រះជាម្ចាស់អើយមិនបោះបង់ ។
៩ ឱ! ព្រះអម្ចាស់សូមរំដោះ ខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង  
  សត្រូវយាយីតាមប្រឆាំង ខ្ញុំសូមព្រះអង្គពួនជ្រកផង ។
១០ សូមជួយបង្ហាត់ពត់បង្រៀន ខ្ញុំព្រមតាមបានព្រះបំណង  
  ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ ។
១១ ឱ! ព្រះម្ចាស់អើយសូមគាំពារ យល់ដល់នាមាព្រះបវរ  
  ប្រទានជីវិតខ្ញុំកំដរ ឱ្យបានរស់តទៅទៀតផង ។
  សូមជួយនាំខ្ញុំឱ្យចេញផុត ពីភាពងងឹតអាប់មួរហ្មង  
  គ្រោះថ្នាក់តូចធំអាសន្នផង ដោយហឫទ័យទ្រង់សុចរិត ។
១២ ដោយព្រះអង្គមានធម៌មេត្តា ហឫទ័យករុណាស្មោះអាណិត  
  សូមកម្ទេចពួកបច្ចាមិត្ត ឱ្យវិនាសផុតសាបសូន្យទៅ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,៨-៩ក )

ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែលទាំងគ្រហឹមរកត្របាក់ស៊ីអ្នកណាម្នាក់។​ ចូរប្រឆាំនឹងវា ហើយមានជំនឿមាំមួនឡើង។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ ហើយយាងមកសង្គ្រោះទូលបង្គំផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងខ្ញុំរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏សុចរិត និងមានព្រះហឫទ័យស្មោះស្ម័គ្រ ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះសហគមន៍ ដូចព្រះអង្គបានស្ដាប់ពាក្យអង្វររបស់ព្រះយេស៊ូ។ នៅពេលដែលព្រះសហគមន៍ជួបនឹងឧបសគ្គ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យព្រះសហគមន៍ទទួលស្គាល់នូវស្នាព្រះហស្ថរបស់ព្រះអង្គ ដើម្បីបន្តដំណើរទៅមុខដោយសេរី និងប្រកបដោយសេចក្តីសង្ឃឹមផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអង្គបែរព្រះភក្ត្រទតមកយើងខ្ញុំ ហើយប្រទានឱ្យយើងខ្ញុំបានប្រកបដោយសេចក្ដីសុខសាន្តផង។ អាម៉ែន។