១៩ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

 ថ្ងៃអង្គារ រដូវធម្មតា
សប្តាហ៍ទី០២ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (៦,១០-២០)

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ទ្រង់មិនភ្លេចអំពើល្អដែលបងប្អូនបានប្រព្រឹត្ត ហើយក៏មិនភ្លេចសេចក្តីស្រឡាញ់ដែលបងប្អូនបានសម្តែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបម្រើប្រជាជនដ៏វិសុទ្ធ កាលពីដើម និងឥឡូវ​នេះដែរ។ យើងចង់ឱ្យបងប្អូនម្នាក់ៗនៅតែមានចិត្តខ្នះខ្នែងរហូតដល់ចុងបញ្ចប់​ គឺធ្វើឱ្យសេចក្តីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ ដើម្បីកុំឱ្យបងប្អូនក្លាយ​ទៅជាខ្ជិលច្រអូស។ ផ្ទុយទៅវិញ សូមបងប្អូនយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌កតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។ នៅពេលដែលព្រះ​ជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយកព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាប្រធានសម្បថ​បានឡើយ។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងឱ្យពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឱ្យពូជពង្សរបស់អ្នកបានកើនចំនួនឡើងច្រើនដែរ»។ ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។ មនុស្ស​តែងតែស្បថ ដោយយកនាមរបស់ម្នាក់ធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឱ្យពាក្យសម្តីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ ព្រះ​ជាម្ចាស់ក៏សព្វព្រះហប្ញទ័យបង្ហាញឱ្យអស់អ្នកដែលទទួលមត៌កតាមព្រះបន្ទូលសន្យាបានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហប្ញទ័យយ៉ាងណាហើយនោះទ្រង់មិន​ប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោចាប់យកសេចក្តីសង្ឃឹមដែល​ព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយទ្រង់មានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ព្រះជាម្ចាស់ក៏មិនចេះកុហកសោះ​ដែរ។ សម្រាប់ព្រលឹងរបស់យើង សេចក្តីសង្ឍឹមនេះប្រៀបបីដូចជាយុថ្កាមួយដែលជាប់មាំមួន ហើយដែលបានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង គឺឆ្ពោះទៅ​កាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យរហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទ​មែលគីសេដែក។

ទំនុកតម្កើងលេខ ១១១ (១១០),១-២.៤-៥.៩-១០ បទពាក្យ ៧

១ ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើពេកណាស់លើលោកា  
  ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សម្នាដែលទៀតត្រង់ ។
២ គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាសខ្ពស់ឧត្តុង  
  អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក ។
៤ ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ ឱ្យយើងស្រមៃមិនរលត់  
  ដល់ការអស្ចារ្យខ្ពស់បំផុត ហប្ញទ័យអាណិតចិត្តអាសូរ ។
៥ ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោ  
  អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ព័ន្ធមានយូរធ្លាប់មេត្រី ។
៩ ព្រះអង្គរំដោះប្រជារាស្រ្ត ពួកគេទាំងអស់មានសេរី  
  ទ្រង់បានចងសម្ព័ន្ធមេត្រី នឹងរាស្រ្តប្រុសស្រីរហូតទៅ ។
  ព្រះនាមព្រះអង្គគង់ទីខ្ពស់ វិសុទ្ធឥតមោះឥតហ្មងសៅ  
  បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព ។
១០ អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព  
  ប្រាជ្ញានឹងកើតមានសព្វគ្រប់ បើអ្នកគោរពខ្លាចព្រះម្ចាស់ ។
  អ្នកប្រតិបត្តិតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ  
  យើងសូតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ករ ៣,៦.១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមានព្រះជន្ម ទ្រង់ប្រទានជីវិត។ នៅទីណាមានព្រះវិញ្ញាណ​​របស់ព្រះអម្ចាស់ នៅទីនោះក៏មានសេរីភាពដែរ។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,២៣-២៨)

​មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នា​ដើរបណ្តើរបូតកួរស្រូវបណ្តើរ។ ពួកខាងគណៈផារីស៊ីទូលព្រះយេស៊ូថា៖ «សូមលោក​មើលចុះ! ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃ​សប្ប័ទដូច្នេះ?»។ ព្រះយេស៊ូ​តបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការ​ដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលទ្រង់ឃ្លាន ហើយត្រូវការអាហារ​បរិភោគ។ នៅសម័យនោះ លោកអប៊ីយ៉ាថារធ្វើជាមហាបូជាចារ្យ។ ព្រះបាទដាវីឌចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជា​ចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទ​នោះទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀត​ថា៖​ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សឱ្យបម្រើ​ថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយ បានជាបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។