១២ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃអង្គារ រដូវធម្មតា សប្តាហ៍ទី០១ ឆ្នាំ«សេស» 
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ២,៥-១២)

ព្រះជាម្ចាស់ពុំបានប្រគល់ឱ្យពួកទេវទូតត្រួតត្រាពិភពលោកខាងមុខទេ។ ផ្ទុយ​ទៅ​វិញ មានម្នាក់បានផ្តល់សក្ខីភាពនៅក្នុងទំនុកតម្កើងមួយដែលចែងថា «តើមនុស្ស​​មានឋានៈអ្វី បានជាព្រះអង្គនឹកដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីដែរ បានជា​ព្រះអង្គ​យកព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ ?»។ ព្រះអង្គបានធ្វើឱ្យលោកមាន​ឋានៈទាបជាងទេវទូតតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់លោកទុកជាមកុដរាជ្យ ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់លោក។ ព្រះ​ជាម្ចាស់បានប​ង្រ្គាបអ្វីៗទាំងអស់ឥតទុកឱ្យមានអ្វីមួយនៅសល់ ដែល​ពុំបានចុះចូលនោះ​ឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់បុត្រមនុស្សហើយនោះទេ។ យើងឃើញថា​ ព្រះយេស៊ូដែលមានឋានៈទាបជាង​ពួក​ទេវទូតមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយ​ទិវង្គតនោះ តែឥឡូវនេះ ព្រះអង្គ​បាន​ទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដ​រាជ្យ ។ ព្រះគ្រីស្តបានសោទិវង្គត​សម្រាប់​មនុស្សគ្រប់ៗរូប ដោយសារព្រះហប្ញទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ ។ អ្វីៗទាំង​អស់កើតមកដោយសារព្រះជាម្ចាស់ និង​សម្រាប់ព្រះអង្គ ព្រះជាម្ចាស់ក៏សព្វព្រះហប្ញ​ទ័យ​នឹងនាំបុត្រធីតាជាច្រើនឱ្យទទួលសិរីរុងរឿង។ ហេតុនេះ គួរគប្បីឱ្យព្រះអង្គប្រោសប្រទានឱ្យម្ចាស់នៃការសង្រ្គោះបាន​គ្រប់លក្ខណ៍ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងមនុស្សដែលព្រះអង្គប្រោសឱ្យបាន​វិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនខ្មាស​នឹងហៅ​គេថា ជាបងប្អូនរបស់ព្រះអង្គឡើយ គឺព្រះអង្គមានព្រះបន្ទូលថា “ទូលបង្គំនឹង​ប្រកាសព្រះ​នាមរបស់ព្រះអង្គឱ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើង​ព្រះអង្គនៅ​ក្នុង​អង្គប្រជុំ”។

ទំនុកតម្កើងលេខ ៨,៤-៩ បទកាកគតិ

៤ ពេលទូលបង្គំ សំឡឹងមើលចំ ទៅផ្ទៃមេឃា
  មើលហ្វូងតារា មើលព្រះចន្ទ្រា ដ៏ស្រស់សោភា
    ស្នាព្រះហស្តថ្លៃ ។
៥ ខ្លួនខ្ញុំសួរថា តើមនុស្សយើងណា មានឋានៈអ្វី
  បានជាព្រះអង្គ នឹកគិតរំពៃ យកព្រះហប្ញទ័យ
    ទុកដាក់ដូច្នោះ ? ។
៦ ព្រះអង្គប្រទាន ឱ្យមនុស្សយើងមាន កិត្តិយសខ្ពង់ខ្ពស់
  ទាបជាងទេវតា បន្តិចប៉ុណ្ណោះ ទៅដល់មនុស្ស
    ទុកជាមកុដរាជ្យ ។
៧ ព្រះអម្ចាស់ទ្រង់ ឱ្យគេគ្រប់គ្រង រាល់ថ្ងៃព្រឹកល្ងាច
  លើអ្វីទាំងអស់ ពេញដោយអំណាច ព្រមទាំងបង្រ្កាប
    នៅក្រោមជើងគេ ។
៨ ដោយសារអំណាច អ្វីៗមិនអាច ផ្លាស់ប្តូរប្រួលប្រែ
  ទាំងចៀមទាំងគោ សត្វព្រៃផងដែរ ឱ្យមនុស្សមើលថែ
    ប្រើប្រាស់គ្រប់គ្រង ។
៩ ព្រមទាំងបក្សី នៅលើផែនដី នៅលើមេឃផង
  ត្រីក្នុងសមុទ្រ សព្វសត្វតែម្តង សត្វលូនវារផង
    មកនៅជួបជុំ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១ថស ២,១៣)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះ​ជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (១,២១-២៨)

ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូ​យាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គ​ងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមាន​បុរសម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើ​ព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។