ពាក្យអធិដ្ឋានពេលល្ងាច

Written on 12/02/2026
Boy KANN

ពាក្យអធិដ្ឋានពេលល្ងាច
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន!  (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងពីរ ឬផ្នែកនៃទំនុកតម្កើង មានទាំងចម្រៀងក្នុងសម្ពន្ធមេត្រីថ្មី ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ 
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀង ត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែទំនុកតម្កើង និងពាក្យបន្ទរត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។ សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ និងសម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
 
ទំនុកតម្កើងរបស់ព្រះនាងម៉ារី (លក ១,៤៦-៥៥)
៤៦ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់*
៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
៥១ ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

ពាក្យអង្វរសកល ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។

ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្ត បានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើង ឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ឱព្រះបិតាយើងខ្ញុំ.............
ពាក្យអធិដ្ឋាន​ ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋាន​ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។