ពាក្យអធិដ្ឋានពេលថ្ងៃ
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល៖ បន្ទាប់មក ច្រៀងបទចម្រៀងចូល និងមិនមានការប្រារព្ធពិធីបុណ្យរំឭកសន្តបុគ្គលនៅម៉ោងនេះទេ។
ទំនុកតម្កើង៖ ទំនុកតម្កើង និងពាក្យបន្ទរ ត្រូវសូត្រក្រោយបទចម្រៀងចូល។
អត្ថបទ៖ អត្ថបទយកតាមទំនុកតម្កើង ក្រោយអានអត្ថបទរួច ត្រូវទុកពេលស្ងៀមស្ងាត់មួយរយៈ។
ពាក្យអធិដ្ឋាន៖ ជាមួយនឹងពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន។ ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា យើងត្រូវពោលថា៖
យើងខ្ញុំសូមអង្វរព្រះអង្គ តាមរយៈព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ ឬយើងខ្ញុំសូមអង្វរព្រះអង្គក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា បន្ទាប់ពីមានការលើកឡើងអំពីព្រះបុត្រា យើងពោលថា៖ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យ រួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបុត្រា៖
ព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ៖ អាម៉ែន។
នៅក្នុងការប្រារព្ធពិធីរួម ត្រូវបន្ថែមឃ្លាសម្រែកសាទរចុងក្រោយគឺ៖
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!