១៣ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី២៤  ឆ្នាំ«ក»
ពណ៌បៃតង

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ធម៌មេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំបម្រើព្រះអង្គដោយភ្ជាប់ចិត្តនឹងព្រះអង្គ យ៉ាងស្មោះជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក (បសរ ២៧,៣០-២៨,៧)

គំនុំ និងកំហឹង សុទ្ធតែជាអំពើគួរឱ្យស្អប់ខ្ពើម មនុស្សបាបប៉ិនប្រសប់ក្នុងការប្រព្រឹត្តអំពើនេះណាស់។ អ្នកណាសងសឹកគេ ព្រះជា​ម្ចាស់ក៏នឹងសងសឹកអ្នកនោះវិញដែរ ព្រះអង្គនឹងកត់អំពើបាបរបស់គេក្នុងបញ្ជី គ្មានភ្លេចបាបមួយណាឡើយ។ ចូរអត់ឱនឱ្យជនដែលប្រព្រឹត្តខុសនឹងកូន ដូច្នេះ ពេលកូនអង្វរព្រះអម្ចាស់ ព្រះអង្គនឹងលើកលែងទោសឱ្យកូនជាមិនខាន។ បើមនុស្សម្នាក់ចេះតែចងកំហឹងចំពោះមនុស្សដូចគ្នា តើអ្នកខឹងនោះអាចសុំព្រះជាម្ចាស់ប្រោសឱ្យបានជាសះស្បើយម្តេចកើត។ បើមនុស្សគ្មានចិត្តអាណិតមេត្តាដល់មនុស្សដូចគ្នាទេនោះ តើគេអាចអង្វរសូមព្រះអង្គសុំលើកលែងទោសឱ្យខ្លួនដូចម្តេចកើត?។ បើគេជាមនុស្សលោកីយ៍ នៅតែគុំកួនដូច្នេះ តើគេអាចអង្វរព្រះជាម្ចាស់ សូមព្រះអង្គលើកលែងទោសឱ្យខ្លួនគេផ្ទាល់ដូចម្តេចកើត? ចូរនឹកដល់គ្រាអវសាននៃជីវិត ហើយលះបង់ការស្អប់នេះចោលទៅ!។ ចូរគិតថា​ កូនត្រូវតែស្លាប់ ហើយរូបកាយក៏ត្រូវតែរលួយដែរ។ ដូច្នេះ ចូរកាន់តាមវិន័យរបស់ព្រះអម្ចាស់ទៅ!។ ចូរនឹកដល់វិន័យទាំងឡាយ កុំគុំកួននឹងមនុស្សដូចគ្នា ចូរនឹកដល់សម្ព័ន្ធមេត្រីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយបំភ្លេចកំហុសដែលគេបានប្រព្រឹត្តមកលើកូនចោលទៅ!។

ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៩-១២ បទកាកគតិ

១ ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
  ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានប្ញទ្ធិ
    ផុតលើលោកា ។
២ ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
  ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
    មិនបំភ្លេចឡើយ ។
៣ ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
  ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
    ផុតរោគសោកសៅ ។
៤ ព្រះអង្គរំដោះ ជីវិតឱ្យរស់ ផុតពីរណ្តៅ
  ព្រះអង្គអាណិត អាសូរពេកកូវ ខ្ញុំផុតសោកសៅ
    ដោយទ្រង់មេត្តា ។
៩ ទ្រង់មិនបន្ទោស ប្រើពាក្យគំរោះ ដាក់យើងរាល់ថ្ងៃ
  ទ្រង់មិនពិរោធ មិនខឹងជេរស្តី ហើយតែងប្រណី
    ដល់យើងគ្រប់គ្នា ។
១០ ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ ឱ្យឈឺគ្រាំគ្រា
  សមតាមអំពើ បាបច្រើនមហិមា ទ្រង់តែងគាំពារ
    មិនយកទោសពៃរ៍ ។
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
  ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
    យ៉ាងដូច្នោះដែរ ។
១២ ទិសកើតទិសលិច ឆ្ងាយគ្នាមិនតិច ឥតមានកែប្រែ
  ព្រះអង្គធ្វើឱ្យ អំពើបាបបែរ ឆ្ងាយមិនជិតទេ
    ពីយើងយ៉ាងនោះ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ១៤,៧-៩)

បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្តបានសោយ​ទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ ទាំងលើមនុស្សរស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៣,៣៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រទានវិន័យថ្មីឱ្យយើងខ្ញុំគឺ «អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,២១-៣៥)

ពេលនោះ លោកសិលាចូលមកជិតព្រះយេស៊ូហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេ ចិតសិបដង គុណនឹងប្រាំពីរដង។ ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្តេចមួយអង្គដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់មួយរយលានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងទ្រព្យសម្បត្តិដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ ក្រាបទៀបព្រះបាទាស្តេចទូលអង្វរថា៖ «សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង! ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន!»។ ព្រះរាជាមានព្រះហប្ញទ័យអាណិតអាសូរដល់អ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញ​ទៅ គាត់ជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថា៖ «សងប្រាក់អញទាំងអស់​មក!»។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា៖ «សុំអត់ឱនពន្យារពេលឱ្យគ្នាផង! គ្នានឹងសងឯងវិញគ្រប់ចំនួន!»។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្តេច។ ស្តេចក៏ហៅអ្នកបម្រើនោះមកសួរថា៖ «នែ៎ អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ យើងបានអាណិតមេត្តាឯង ហេតុដូចម្តេច បានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?»។ ស្តេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះគ្រីស្តបានប្រៀនប្រដៅយើងខ្ញុំឱ្យសុខចិត្តបូជាជីវិតតាមព្រះអង្គ និងអត់ឱនទោសឱ្យគ្នាទៅវិញទៅ មកផង។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកណែនាំយើងខ្ញុំជានិច្ច សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះអត់ទោសឱ្យគ្នាទៅវិញទៅមក ដូចព្រះអង្គបានអត់ទោសឱ្យយើងខ្ញុំដែរ។