១៥ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២៤ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក

សូមចុចទីនេះ

ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធមិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែលជឿ​សង្ឈឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះដូងចិត្តរបស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១២,១២-១៤.២៧-៣១)

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនគិតមើល! ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្ដី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំងនោះ ផ្សំគ្នាជារូបកាយតែមួយ។ ចំពោះ​ព្រះគ្រីស្ដក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារ​ក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុង​ព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណ​តែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ បងប្អូនជាព្រះកាយរបស់​ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ ក្នុងព្រះ​សហគមន៍មុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឱ្យមានសាសនទូត បន្ទាប់មក​ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ ក្រោយមក មានព្រះអំណាយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោស​អ្នកជំងឺឱ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ​ ព្រះអំណោយទានខាងណែនាំ​ព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ។ តើគ្រប់គ្នាសុទ្ធតែជាសាសនទូត​ឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធើ្វការអស្ចារ្យឬ?។ តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាង​ប្រោសអ្នកជំងឺឱ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសា​ចម្លែកអស្ចារ្យឬ?។ គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែក​អស្ចារ្យឬ?។ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។

ទំនុកតម្កើងលេខ ១០០ (៩៩) ​,១-៥ បទកាកគតិ

១ មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង
  សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
    កុំរាឡើយណា ។
២ នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
  នាំគ្នាមកជិត អង្គព្រះចេស្ដា ច្រៀងហ៊ោរខ្ញៀវខ្ញា
    ដោយអរសប្បាយ ។
៣ ចូរដឹងគ្រប់គ្នា ថាព្រះម្ចាស់ជា ព្រះយើងគ្រប់កាយ
  ជាព្រះអម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
    ទ្រង់ថែថ្នាក់ថ្នម ។
៤ យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្ដិសម
  ទាំងអរព្រះគុណ ព្រះម្ចាស់ឧត្តម សរសើរបង្គំ
    ព្រះនាមព្រះអង្គ ។
៦ ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
  គង់នៅស្ថិតស្ថេរ អង្វែងកន្លង ស្មោះស្ម័គ្រច្បាស់ច្បង
    អស់កល្បតទៅ ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (លក៧,១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ព្រះអង្គយាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៧,១១-១៧) 

ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជន​ជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារ​កំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុស​តែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់​យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖«សូមកុំយំអី!»។ ព្រះអង្គយាងចូល​ទៅជិត ទ្រង់ពាល់មឈូស។ ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖«អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកឡើង​អង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេ​ស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖«មានព្យាការីដ៏ប្រសើរឧត្តមម្នាក់មកនៅក្នុងចំណោមយើងហើយ! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។