២៩ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី២១ ឆ្នាំ«គូ»
ពណ៌ក្រហម

បុណ្យរម្លឹក
ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ត

សូមចុចទីនេះ

លោកយ៉ូហានបានផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តអស់មួយជិវិត។ លោករៀបចំផ្លូវថ្វាយព្រះអង្គ ហើយសុខចិត្តដាក់ខ្លួនដើម្បីឱ្យគេស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ លោកជាព្យាការីមួយរូបដែលមិនចង់គាប់ចិត្តមនុស្សលោកទេ គឺមានបំណងឱ្យមនុស្សលោកប្រែចិត្តគំនិតវិញ ទាំងប្រកាសព្រះបន្ទូល ទាំងធ្វើអំពើល្អជាគំរូផង។ អ្នកដែលមិនព្រមទទួលសេចក្តីពិតនាំគ្នាស្អប់លោក ហើយរួមគ្នាប្រហារជីវិតលោក។ ឈាមរបស់លោកផ្តល់សក្ខីភាពខ្លាំងជាងសម្តីរបស់លោកទៅទៀត។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,២៦-៣១)

បងប្អូនជាទីស្រឡាញ់!
សូមគិតមើល៍ចុះ! បងប្អូនជាមនុស្សបែបណា បានជាព្រះ​ជា​ម្ចាស់ត្រាស់ហៅ។ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវ​មានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាលេលា មកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថា ទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លំាងពូកែ។ ព្រះ​ជាម្ចាស់បានជ្រើសរើសអ្នកដែល​មនុស្សលោកចាត់ទុកថា ទាបថោក គួរឱ្យមាក់ងាយ​ ហើយគ្មាន់តម្លៃជាមនុស្សមកផ្ចាញ់អ្នក​ដែលមនុស្សលោកចាត់ទុកថា ថ្លៃថ្នូរវិញ។ ដូច្នេះ គ្មាននរណាម្នាក់អាចអួតអាងនៅចំពោះព្រះ​ភក្រ្ដព្រះជាម្ចាស់បានឡើយ គឺ ព្រះអង្គហើយដែលបានប្រោស​ឱ្យបងប្អូនមានតម្លៃជាមនុស្ស​ថ្លៃថ្នូរ ដោយបងប្អូនចូលរួមជាមួយព្រះគ្រីស្ដយេស៊ូ ដែលទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់សម្រាប់​យើង​ដែលទ្រង់ប្រោសឱ្យយើងបានសុចរិតបានវិសុទ្ធ និងដែលលោះយើងឱ្យមានសេរីភាព។​​ ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងតែអំពីកិច្ចការ ដែលព្រះអម្ចាស់បានធើ្វ ដូច​មានចែង​ទុកមកស្រាប់។

ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៣.១៨-២១ បទព្រហ្មគីតិ

១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ  
  ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា ។
  ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា  
  ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ ។
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ  
  ទតមើលពីលើមក ឃើញមនុស្សយើងទំាងអស់ ។
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ  
  អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា ។
១៩ ព្រះអង្គបានសង្គ្រោះ ឱ្យគេរស់មានសង្ខារ  
  ផុតពីក្ដីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន ។
២០ យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន  
  ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ ។
២១ យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ  
  សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន១,២-៣)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភមង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥,១៤-៣០) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញ។​ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខបៀបបាន​នឹង​បុរសម្នាក់ដែល​ហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់​ទ្រព្យសម្បត្តិឱ្យ។​ គាត់ប្រគល់ប្រាក់ឱ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន​ គឺឱ្យប្រាំណែនទៅអ្នកទីមួយ ពីរ​ណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់​ចេញដំណើរទៅ។ អ្នកបម្រើដែល​បានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ី​ភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរ​ណែននោះទៅរកស៊ី ចំណេញបានពីរណែន​ទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែន​ចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួមទុក។ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ​ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ទាំង​ពោលថា៖«លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត»។ ម្ចាស់ពោលទៅគាត់ថា៖«ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្ដស្មោះត្រង់ អើយ! អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយ​នឹងខ្ញុំចុះ!។ អ្នកទទួលប្រាក់ពីរណែនក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយ​ជម្រាបថា៖« លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែន​ឱ្យខ្ញុំប្របាទ ឥឡូវនេះខ្ញុំប្របាទ​ចំណោញបានពីរណែនទៀត»។ ម្ចាស់ក៏ពោលទៅ​គាត់ថា៖« ល្អហើយ! អ្នកបម្រើដ៏ប្រសើរមាន​ចិត្តស្មោះត្រង់អើយ! អ្នកស្មោះត្រង់នឹង​កិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវ​លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ!»។ បន្ទាប់មក អ្នកដែលបានទទួល​ប្រាក់មួយណែនក៏ចូល​មកដែរ​​ហើយជម្រាបថា៖។ «លោកម្ចាស់! ខ្ញុំប្របាទដឹងថា​ លោកជាមនុស្សតឹងតែង​ណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបាន​សាបព្រោះ ហើយប្រមូល​យកផល ពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់​ដែលលោកប្រគល់ឱ្យ​ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់​យកប្រាក់របស់លោកវិញចុះ»។ ម្ចាស់ពោលទៅអ្នកនោះថា៖«នែ! អ្នកបម្រើអាក្រក់ ខ្ជិល​ច្រអូសអើយ!​ អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំ​ណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ! កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទំាងដើម ទំាងការ!។ ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះ​នឹងបានទទួលបរិបូណ៌ ហូរហៀរថែមទៀត។​ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូត​នូវអ្វីៗដែលអ្នកនោះមានផង។ ចំណែកឯអ្នកបម្រើដ៏ឥតបានការនេះ ចូរយកគាត់​ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំ​សោក​ខឹងសង្កៀតធ្មេញនោះទៅ!»។