២៨ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២១ ឆ្នាំ«គូ»
ពណ៌ស
 

បុណ្យរម្លឹក
សន្តអូគូស្តាំង ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

សូមចុចទីនេះ

លោកអូគូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទ​ខិលខូច។ សន្តីមូនិក ជាម្តាយ តែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំសូមឱ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តអំប្រ័សជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជួនលោក។ ក្រោយ​មក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុង​អីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថា​ធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយមានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួនក្នុងគោលបំណង លើកតម្កើងព្រះជាម្ចាស់ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា “ទីក្រុងរបស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឱ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តអូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,១៧-២៥)

បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដពុំបានចាត់ខ្ញុំឱ្យមកធើ្វពិធីជ្រមុជទឹកទេ គឺទ្រង់​ចាត់ខ្ញុំ​ឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំប្រកាសដំណឹងល្អមិនមែនដោយប្រើពាក្យ​ពេចន៍តាមប្រាជ្ញាក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្ដនៅលើឈើឆ្កាងទៅជា​អសារឥតការនោះឡើយ។​ អ្នកដែលត្រូវ​វិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្ដសោយទិវង្គតនៅលើឈើ​ឆ្កាងថាជារឿងលេលា រីឯយើងដែលកំពុងតែទទួការសង្រ្គោះវិញ យើងជឿថា ដំណឹង​នេះជាប្ញទ្ធានុភាព​របស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធើ្វ​ឱ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាប​សូន្យដែរ។ ដូច្នេះ អ្នកប្រាជ្ញ ធម្មាចារ្យ​ និងអ្នករិះគិតវែកញែកតាមសម័យនេះធើ្វអ្វីកើត បើព្រះជា​ម្ចាស់បានធើ្វ​ឱ្យប្រាជ្ញារបស់លោកីយ៍នេះទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញា​របស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់តាមអ្វីៗដែលព្រះប្រាជ្ញាញាណ​របស់ព្រះអង្គបាន​បង្កើតនោះទេ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហប្ញទ័យសង្គ្រោះអស់អ្នកជឿ ដោយពាក្យប្រកាសដ៏លេលានោះ។ ជនជាតិយូដាសុំមើលទី​សម្គាល់ដ៏អស្ចារ្យ ឯជនជាតិ​ក្រិករកភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពី​ព្រះគ្រីស្ដដែលសោយទិវង្គតនៅលើ​ឈើឆ្កាង។ ជនជាតិយូដាយល់ឃើញថា ពាក្យ​ប្រកាសនេះរារំាងគេមិនឱ្យជឿ ហើយជនជាតិ​ដ៏ទៃយល់ឃើញថា ជារឿលេលា។ ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅវិញ ទំាងជនជាតិយូដា ទំាងជនជាតិក្រិក​ ពាក្យប្រកាសនេះជាព្រះគ្រីស្ដ ជាប្ញទ្ធានុភាព​ និងជាព្រះ​ប្រាជ្ញាញាណរបស់ព្រះជា​ម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរ​លើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាភាពទន់ខ្សោយរបស់ព្រះ​ជាម្ចាសនោះ ក៏ប្រសើរ​លើសកម្លំាងរបស់មនុស្សដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២ ),១-២.៤-៥.១០-១១ បទព្រហ្មគីតិ

១ មនុស្សដែលសុចរិត អបអរពិតលើកតម្កើង  
  មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ ។
២ ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ  
  លេងចាប៉ីបណ្ដើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៤ ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់  
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥ ព្រះអង្គសព្វព្រះទ័យ នឹងសេចក្ដីពិតសត្យា  
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
  ផែនដីទំាងមូលថ្លែង ខំសម្ដែងដោយអំណរ  
  ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
១០ ទ្រង់បំបែកផែនការ នៃប្រជាអសប្បុរស  
  គម្រោងការរបស់ ជនទំាងនោះត្រូវរលាយ ។
១១ ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្ដរាយ  
  គម្រោងការទំាឡាយ មិនរលាយនៅស្ថិតស្ថេរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក២១,២៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥,១-១៣) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាង​មក​វិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះ​រាជ្យនៃស្ថានបរមសុខ បៀបបាន​ទៅនឹងស្រ្ដី​ក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង​មានប្រាំនាក់ជា​ស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្តឥតគំនិតយកចង្កៀង​ទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយ​ពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់​ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា​ ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក​!»។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើង​​រៀបចំអុជចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃ​ថា “សុំចែកប្រេងឱ្យយើង​ខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅ​វិញថា៖«ទេ! មិន​បានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាង​ផង។ ចូរនំាគ្នា​ទៅទិញ​នៅផ្ទះលក់ប្រេងទៅ!»។ នៅពេលដែលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមី​មកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោក​ ហើយគេបិទទ្វារជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែកហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!»។ ស្វាមីឆ្លើយទៅវិញ​ថា៖«ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹង​ច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!” ដូច្នេះ ចូរអ្នក​រាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា ​បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណា​ឡើយ»។